ក្រសួងដាក់ដំណើរការ Single Portal ដំណាក់កាលទី ២ នៅថ្ងៃនេះ

ក្រសួងដាក់ដំណើរការ Single Portal ដំណាក់កាលទី ២ នៅថ្ងៃនេះ

 

រដ្ឋាភិបាល​កម្ពុជា​នឹងដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន (Single Portal) ​ដំណាក់កាល​ទី​ ២ ជា​ផ្លូវការ នៅ​ថ្ងៃទី​ ១ ខែកញ្ញា ឆ្នាំ​ ២០២១ នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា កម្មវិធី​នេះ​នឹងធ្វើ​ក្រោម​អធិបតីភាព​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មាន​ការចូលរួម​ពី​ក្រសួងស្ថាប័ន សមាគម អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ ស្ថានទូត និង​គ្រឹះស្ថានសិក្សា​មួយចំនួនទៀត​។

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ក្នុងដំណាក់កាល​ទី​ ២ នេះ ប្រព័ន្ធ​នឹង​ពង្រីក​វិសាលភាព​ដល់​ការស្នើសុំ​អាជ្ញាប័ណ្ណ ឬ​លិខិត​អនុញ្ញាត​ផ្សេងៗ​តាម​អនឡាញ​ទៅតាម​សកម្មភាព​អាជីវកម្ម​ពី​ក្រសួង-ស្ថាប័ន​ជំនាញ​ដែលមាន​តួនាទី​ត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស​តាម​វិស័យ​។ ក្រសួង-ស្ថាប័ន ទាំង ៤ រួមមាន ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រសួង​ទេសចរណ៍ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​និយតករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​នៃ​អាជ្ញាធរ​សេវាកម្ម​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ដែល​ទើប​បង្កើត​កាលពីពេល​ថ្មីៗ​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្តថា​៖ «​នេះ​គឺជា​ការកែទម្រង់​មុត​ស្រួច ជា​កញ្ចប់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បានដាក់​ចេញ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន លើក​ទី​ ១៨ កាលពី​ថ្ងៃទី​ ២៩ ខែមីនា ឆ្នាំ​ ២០១៩ កន្លងទៅ​»​។

លោក ឈា ឡាយហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការដាក់ឱ្យ​ដំណើរការ​ជំហាន​ទី​ ២ ​នេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ និង​ផែនការ​ជាតិ​របស់​រាជរដ្ឋាភិបាល​(E-Government) ក៏ដូចជា​ឆ្លើយតប​នឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​អាស៊ាន ផងដែរ​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ទំព័រចុះផ្សាយនៅទីនេះ

 

ដោយ: ធូ វិរះ

ព័ត៌មាន: ភ្នំពេញប៉ុស្ដិ៍

កាលបរិច្ជេទបោះពុម្ពផ្សាយ: ៣១ សីហា ២០២១