ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានលើកទឹកចិត្តឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រើប្រាស់នូវយន្តការធានាឥណទាន ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ខណៈការបញ្ចេញកម្ចីដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុនៅមានកម្រិតតិចតួចនៅឡើយ។
ក្នុងសិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទាននៅក្នុងការលើកស្ទួយបរិយាប័ន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា កាលពីថ្ងៃទី ១៨ ខែសីហា លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសាជីវកម្មធានាឥណទានកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ដំណើរការនូវគម្រោងធានាឥណទានតាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ដែលមានរយៈពេលជាង ១ ឆ្នាំមកហើយ ដោយគិតមកត្រឹមដំណាច់ខែកក្កដា ឆ្នាំ ២០២២ សាជីវកម្មធានាឥណទានកម្ពុជាបានគាំទ្រលើការបញ្ចេញកម្ចីថ្មីៗប្រមាណ ៥៧ លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។
លោកបន្តថា ទឹកប្រាក់ ៥៧ លានដុល្លារនេះគឺជាចំនួនតិចតួចនៅឡើយ ប៉ុន្តែវាជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់នៃការផ្តល់កម្ចី ដោយមិនផ្អែកលើទ្រព្យបញ្ចាំនៅក្នុងទីផ្សារឥណទានរបស់ប្រទេសកម្ពុជា។ មិនមែនតែនៅកម្ពុជានោះទេ យន្តការធានាឥណទាន គឺជាឧបករណ៍គោលនយោបាយអន្តរាគមន៍មួយដែលត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រផ្នែកហិរញ្ញប្បទាននៅក្នុងសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសនានាក្នុងសកលលោក។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ធនាគារជាតិនៃកម្ពុជានឹងដាក់ចេញនូវក្របខ័ណ្ឌបទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធក្នុងការជំរុញ និងលើកទឹកចិត្តឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រើប្រាស់យន្តការធានាឥណទាន ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម»។
លោក សីលវ៉ា ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធពិភាក្សាពីបញ្ហាប្រឈមនានា ពិសេសគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងម្ចាស់ក្រុមហ៊ុនអាជីវកម្ម ដើម្បីរកដំណោះស្រាយនៅក្នុងការប្រើប្រាស់យន្តការធានាឥណទានឱ្យបានទូលំទូលាយ ការសិក្សាពីលក្ខខណ្ឌ និងនីតិវិធីនៃគម្រោងធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា ដើម្បីពិចារណាកែសម្រួល តាមការចាំបាច់ និងស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការរវាងសាជីវកម្មធានាឥណទានកម្ពុជា និង ដៃគូអភិវឌ្ឍន៍ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្កើតគម្រោងធានាឥណទានគាំទ្រវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម, ឧស្សាហកម្ម និងវិស័យទេសចរណ៍ ជាដើម។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ហំ ផានិត
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។