ក្រុមហ៊ុនចុះបញ្ជីតាម «Single Portal» កើនដល់ ១០ ៥៣៦

ក្រុមហ៊ុនចុះបញ្ជីតាម «Single Portal» កើនដល់ ១០ ៥៣៦

 

ភ្នំពេញៈ ក្រុមហ៊ុន​ចំនួន ១០ ៥៣៦ បាន​ចុះបញ្ជី​ដោយ​ជោគជ័យ​តាមរយៈ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ «Single Portal» នា​រយៈពេល ១៨ ​ខែ បន្ទាប់ពី​កម្មវិធី​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០២០​។

តួលេខ​វឌ្ឍនភាព​នៃ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​បង្ហាញថា គិត​ត្រឹម​រសៀល​ថ្ងៃទី ​១២ ខែមករា ឆ្នាំ​ ២០២២ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ដោយ​ជោគជ័យ​មាន​ចំនួន​សរុប ១០ ៥៣៦ ចំណែក​ក្រុមហ៊ុន​ដែល​ស្ថិតក្នុង​ដំណាក់កាល​ត្រួតពិនិត្យ​មាន​ចំនួន ១ ១៤៩​។

ជាមួយ​គ្នា​នេះដែរ ចំនួន​នាម​ករណ៍​បម្រុង​ទុក​ដែល​ទទួល​ជោគជ័យ​មាន ៨ ២៧២ និង​កំពុង​ត្រួតពិនិត្យ​មាន​ចំនួន ៣៥៨​។

ប្រព័ន្ធ​នៃ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២០ ​ដោយបាន​ដាក់​ក្រសួង និង​ស្ថាប័នរដ្ឋ​ចំនួន ៦ ជាមួយ​គ្នា​។

ក្រសួង និង​ស្ថាប័ន​ទាំង ៦ រួមមាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួងពាណិជ្ជកម្ម​, ក្រសួងមហាផ្ទៃ​, ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, អគ្គនាយកដ្ឋាន​ពន្ធដារ​, និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ បន្ថែម​ពីលើ​នេះ កាលពី​ថ្ងៃទី​ ១ ខែកញ្ញា ឆ្នាំ​ ២០២១ រដ្ឋាភិបាល​ក៏បាន​ដាក់បញ្ចូល​ក្រសួង​ស្ថាប័ន​ថ្មី​ចំនួន ៤ ថែមទៀត​នៅក្នុង​ដំណាក់កាល​ទី ​២ រួមមាន ក្រសួង​ទេសចរណ៍​, ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​និយតករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​នៃ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ចាប់តាំងពី​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ វា​ទទួល​បាន​នូវ​ការសាទរ​យ៉ាងច្រើន​ទៅលើ​ប្រសិទ្ធភាព និង​ជា​ជំហាន​វិជ្ជមាន​ក្នុង​ការបន្ធូរបន្ថយ​បរិយាកាស​អាជីវកម្ម​សម្រាប់​វិស័យ​ឯកជន ព្រមទាំង​បាន​ជួយ​កាត់បន្ថយ​ពេលវេលា ថវិកា និង​នីតិវិធី​ស្មុគស្មាញ​ជាច្រើន​។ លោក​បាន​បន្តថា ការកែទម្រង់​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​កំពុង​ធ្វើ បាននិង​កំពុង​នាំមក​នូវ​សញ្ញា​វិជ្ជមាន​ក្នុង​ការបង្កើន​ទំនុកចិត្ត​ក្នុងចំណោម​វិស័យ​ឯកជន ដោយ​មិនមាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​ពង្រីក​អាជីវកម្ម ឬ​បើក​អាជីវកម្ម​ថ្មី​នោះទេ​។

លោក​លើកឡើង​ថា​៖ «​សមាជិក​ទាំងអស់​របស់​សភាពាណិជ្ជកម្ម​កម្ពុជា និង​ក្រុម​វិនិយោគិន​បរទេស​ស្វាគមន៍​ចំពោះ​នីតិវិធី​ក្នុង​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដែល​អាច​សន្សំ​ការចំណាយ ពេលវេលា និង​ការិយាធិបតេយ្យ​។ ជាមួយគ្នានេះ វា​កាន់តែ​ងាយស្រួល ដោយសារ​តែ​យើង​អាច​ចុះបញ្ជី​នៅ​កន្លែង​ណាក៏ដោយ​ឱ្យតែ​យើង​ចង់​»​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពីមុន​បានឱ្យដឹងថា Single Portal នឹង​តម្រូវឱ្យ​ក្រុមហ៊ុន​បំពេញបែបបទ​ចុះបញ្ជី​អាជីវកម្ម​តែម្ដង ដោយ​ត្រូវការ​ពេលវេលា​ច្រើន​បំផុត ៨ ​ថ្ងៃ​។ លោក​បាន​កត់សម្គាល់ថា ទិន្នន័យ​ទាំងអស់​ដែល​បាន​ដាក់ជូន​ដោយ​ក្រុមហ៊ុន​នានា ស្ថិតក្រោម Single Portal មួយ​នេះ​នឹងត្រូវ​បញ្ជូន​ដោយ​ស្វ័យប្រវត្ដិ​ទៅកាន់​ក្រសួង​ទាំងអស់ និង​ស្ថាប័ន​ដែល​ដំណើរការ​ដោយ​រដ្ឋ​ដែល​បានដាក់​បញ្ជូន​ទៅក្នុង​ប្រព័ន្ធ​នេះ​៕ LA

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយៈ ហុឹន ពិសី

ព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយៈ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២