គេហទំព័រASEAN Access និង KhmerSME ត្រូវបានផ្សព្វផ្សាយនៅខេត្តស្ទឹងត្រែង

គេហទំព័រASEAN Access និង KhmerSME ត្រូវបានផ្សព្វផ្សាយនៅខេត្តស្ទឹងត្រែង

 

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសមាគមសហគ្រិនស្រ្តីកម្ពុជា សមាគមហគ្រិនវ័យក្មេងកម្ពុជា គាំទ្រដោយគម្រោងកិច្ចសហប្រតិបត្តិការ អាស៊ាន-អាល្លឺម៉ង់ “ការពង្រឹងរចនាសម្ព័ន្ធសម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមក្នុងអាស៊ាន ASEAN-SME” អនុវត្តដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់GIZ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគេហទំព័រASEAN Access (www.aseanaccess.com) និងKhmerSME (www.khmersme.gov.kh) ទៅដល់អាជីវករ ម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅខេត្តស្ទឹងត្រែង ដើម្បីទាញយកអត្ថប្រយោជន៍ពីគេហទំព័រទាំងពីរក្នុងការអភិវឌ្ឍន៍ចំណេះ ជំនាញ ក្នុងវិស័យធុរកិច្ច និងស្វែងរកព័ត៌មានអាជីវកម្មក្នុងស្រុក និងតំបន់។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ជា រដ្ឋា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា “ក្នុងនាមជាសហគ្រិន និងជាអនុប្រធានសមាគម ខ្ញុំបានដឹងពីអ្វីដែលជាបញ្ហាប្រឈម និងតម្រូវការពីសហគ្រិន សូម្បីតែមុនពេលចូលបម្រើការងារជាមន្ត្រីរដ្ឋាភិបាលជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដោយ។ ហេតុនេះ ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះវត្តមាន និងអត្ថប្រយោជន៍នៃគេហទំព័រទាំងពីរ។ វានឹងផ្ដល់ភាពប្រសើរជាងមុនក្នុងការរៀបចំអាជីវកម្មរបស់ខ្ញុំ ប្រសិនបើគេហទំព័រទាំងពីរត្រូវបានបង្កើតឡើងអំឡុងពេលដែលអាជីវកម្មរបស់ខ្ញុំកំពុងបង្កើត គឺដោយសារតែព័ត៌មាន ទាំងអស់ដែលបានផ្តល់នៅក្នុងគេហទំព័រទាំងពីរគឺមានប្រយោជន៍ណាស់ ស្របច្បាប់ និងមានរចនាសម្ព័ន្ធ ដែលងាយស្រួលយល់ និងធ្វើតាម។ ខ្ញុំទន្ទឹងរង់ចាំមើលការកើនឡើងនៃការចុះឈ្មោះរបស់សហគ្រិនរបស់យើង”។

សិក្ខាសាលានេះ មានអ្នកចូលរួមប្រមាណជា១០០នាក់ ដែលរួមមានអាជីវករ ម្ចាស់សហគ្រាសធុនតូច និងមធ្យម មន្រ្តីមកពីមន្ទីរឧស្សាហកម្ម វិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ទីរពាក់ព័ន្ធផ្សេងៗ បានស្វែងយល់លម្អិតអំពីគេហទំព័រតាមរយះបទបង្ហាញ ក៍ដូចជាវេទិការពិភាក្សាផងដែរ។

 

ដោយ៖ ក្រុមការងារគេហទំព័រKhmerSME

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២​