ចិនក្លាយជាទីផ្សារដ៏ធំជាងគេក្នុងការស្រូបទាញផ្លែចេកស្រស់របស់កម្ពុជា

ចិនក្លាយជាទីផ្សារដ៏ធំជាងគេក្នុងការស្រូបទាញផ្លែចេកស្រស់របស់កម្ពុជា

 

ភ្នំពេញៈ កម្ពុជា​បានធ្វើការ​នាំចេញ​ផ្លែ​ចេក​ស្រស់​នៅក្នុង​ឆ្នាំ​ ២០២១ ​មាន​ចំនួន ៤២៣ ១៦៨,៩៧​ តោន កើនឡើង​ជាង ២៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២០ ក្នុងនោះ​នាំចេញ​ទៅកាន់​ប្រទេស​ចិន​មាន​ចំនួន​ច្រើនជាងគេ​។

យោងតាម​ទិន្នន័យបឋម​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​បានបង្ហាញ​ថា ចាប់ពី​ខែមករា​ដល់​ខែ​ធ្នូ ឆ្នាំ​ ២០២១ តម្លៃ​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម ផ្នែក​ដំណាំ​ជាង ៤ ៣២៣ លាន​ដុល្លារ​អាមេរិក​នៅក្នុង​នោះ​ផ្លែ​ចេក​ស្រស់​មាន​ជិត ៤២៣ ១៦៩​ តោន​កើនឡើង​ចំនួន ២៧ ​ភាគរយ ដោយបាន​នាំចេញ​ទៅ​ប្រទេស​ចិន​ ចំនួន​ជាង ៣៧៦ ៩៦១ ​តោន ប្រទេស​វៀតណាម​ជាង ៤៥ ១៩៣ តោន​ប្រទេស​ជប៉ុន​ចំនួន​ ៥៣៣,៥២ ​តោន​ និង​ប្រទេស​សិង្ហបុរី​ចំនួន​ ៤៨០,៤៨ ​តោន​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កំណើន​នៃ​ការនាំចេញ​ចេក​ស្រស់​នេះ ដោយសារតែ​ទីផ្សារ​ល្អ​ពី​ខាង​ប្រទេស​ចិន ដែល​ប្រមូល​ទិញ​ទាំងអស់​ឱ្យតែ​កម្ពុជា​មាន​។

លោក​បាន​បន្ថែមថា មាន​វិនិយោគិន​ច្រើន​ចង់​វិនិយោគ​លើ​ការដាំដុះ​ដំណាំ​ចេក​នេះ​។ លោក​ថ្លែងថា​៖ «​សព្វថ្ងៃនេះ យើង​កំពុង​សម្លឹងមើល​រក​ទីតាំង​ណា ដែល​អំណោយផល​សម្រាប់​ការដាំដុះ​ចេក​នេះ ដើម្បី​ផ្ទៃដី​ដាំដុះ​ឱ្យបាន​កាន់តែ​ច្រើន ដែល​អាចឱ្យ​យើង​នាំចេញ​បាន​រាប់លាន​តោន​ទៅកាន់​ប្រទេស​ចិន នាពេល​ខាងមុខ​»​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន ឡុង ម៉េត អេហ្គ្រីខលឈ័រ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ឆ្នាំ​ ២០២១ កន្លង ទៅ ទិន្នផល​ដំណាំ​ចេក​របស់​ក្រុមហ៊ុន​លោក មាន​ការកើនឡើង​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​។ លោក​បាន​បន្ថែមថា​ដំណាំ​ចេក​ទីផ្សារ​ប្រទេស​ចិន គឺជា​ទីផ្សារ​ដ៏ធំជាងគេ​សម្រាប់​កម្ពុជា ជាពិសេស​ក្រោយពេល​ដែលមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ហើយ​បើទោះជា​ស្ថិតនៅក្នុង​វិបត្តិ​នៃ​កូវីដ​ ១៩ ​ក៏ពិតមែន ប៉ុន្តែ​ការដឹកជញ្ជូន​ទំនិញ​ចេញចូល​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​មិនដែល​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ទេ ឱ្យតែ​កម្ពុជា​តាម​បទដ្ឋាន​បច្ចេកទេស​អនាម័យ និង​ភូតគាម​អនាម័យ​។

លោក​ថ្លែងថា​៖ «​ផលប៉ះពាល់​នៃ​ការនាំ​កសិផល​ពី​វៀតណាម​ទៅកាន់​ប្រទេស​ចិន ដោយសារ​ការផ្ទុះ​ឡើងវិញ​នៃ​ជំងឺ​កូវីដ ​១៩ ​នោះ ដែលមាន​ការបិទច្រក​ព្រំដែន​រវាង​ចិន​ និង​វៀតណាម​កន្លងទៅ មិនមាន​ពាក់ព័ន្ធ​នឹង​កម្ពុជា​នោះទេ ជាពិសេស​ចេក ព្រោះថា​ចេក​នាំចេញ​ទៅកាន់​វៀតណាម​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ចំណែក​នាំទៅ​ចិន​វិញ គឺ​នាំ​ទៅតាម​កំពង់ផែ​ក្រុងព្រះសីហនុ និង​ភ្នំពេញ​ដោយផ្ទាល់​»៕ LA

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយៈ ហំ ផានិត

ព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយៈ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២