ចំនួនក្រុមហ៊ុនចុះបញ្ជីតាម Single Portal កើនឡើងដល់ជិត ២០ ០០០

ចំនួនក្រុមហ៊ុនចុះបញ្ជីតាម Single Portal កើនឡើងដល់ជិត ២០ ០០០

 

ភ្នំពេញៈ យ៉ាងហោចណាស់​ក្រុមហ៊ុន​ថ្មី​ជិត ២០ ០០០ ​បាន​ចុះបញ្ជី​តាម​ថ្នាល​ចុះបញ្ជី​អាជីវ​កម្ម​អនឡាញ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា «Single Portal» គិត​ត្រឹម​ថ្ងៃទី​ ២ ខែវិច្ឆិកា ដែល​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុងការ​សម្រួល​នៃ​ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​។

យោងតាម​ទិន្នន័យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គិត​ត្រឹម​ថ្ងៃទី​ ២ ខែវិច្ឆិកា​ ចំនួន​ក្រុមហ៊ុន​ដែល​បានអនុម័ត​ដោយ​ជោគ​ជ័យ​មាន ១៩ ០៧២ ខណៈ​ក្រុមហ៊ុន ១២ ៣១២ ទទួល​បានការ​អនុម័ត​ដោយ​ជោគជ័យ​សម្រាប់​នាមករណ៍​បម្រុង​ទុក​។ ពេល វេលា​មធ្យម​សម្រាប់​ការ​ចុះបញ្ជី​មាន​រយៈពេល ៨ ​ថ្ងៃ​។

រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ឱ្យ​ដំណើរការ​ថ្នាល​ចុះបញ្ជី​អា​ជីវកម្ម​អន​ឡាញ​កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​២០២០ ដើម្បី​ជួយ​សម្រួល​ដំណើរការ​ចុះបញ្ជី​ក្រុមហ៊ុន ដែល ជា​ផ្នែក​មួយ​នៃ​កំណែ ទម្រង់​ក្នុង​គោលបំណង​កែលម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ដើម្បី​លើក​កម្ពស់​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ ជាពិសេស​ក្នុងអំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់ថា ថ្នាល​ចុះបញ្ជី​អាជីវកម្ម​អនឡាញ​គឺជា​ការ​ឆ្លើយតប​ទៅ​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ-១៩ និង​ការ​ផ្លាស់ប្តូរ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​។ លោក​បន្តថា ចាប់តាំងពី​កម្ពុជា​បើក​ដំណើរការ​សេដ្ឋកិច្ច​សង្គម​ពេញលេញ​នា​ដើមខែ​វិច្ឆិកា ឆ្នាំ​ ២០២១ ម៉ាក្រូសេដ្ឋកិច្ច​ប្រទេស​មាន​ភាពរស់រវើក​ខ្លាំង​។

លោក​និយាយថា​៖ «​ក្នុងនាម​វិស័យ​ឯកជន យើង​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​កំណែទម្រង់​ថ្មី​របស់​រដ្ឋាភិបាល​ដែល​ប្រើ​បច្ចេកវិទ្យា ដើម្បី​សម្រួល​ដល់​ការធ្វើ​អាជីវ​កម្ម​។ ថ្នាល​ចុះបញ្ជី​អាជីវកម្ម​អនឡាញ​មិន​ត្រឹមតែ​ដំណើរការ​ចុះបញ្ជី​កាន់តែ​រហ័ស និង​សន្សំ​ពេលវេលា​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​កាត់បន្ថយ​ការិយា​ធិប​តេយ្យ និង​ការចំណាយ​ផងដែរ​»​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក គី សេរី​វឌ្ឍន៍ បាន​ប្រាប់ថា ការ​កើន​ឡើង​នៃ​ការចុះបញ្ជី​អាជីវកម្ម​ថ្មី ដោយសារ​តែ​សេវាកម្ម​កាន់តែ​ងាយស្រួល​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សង្កេត​ឃើញថា ការ​ចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ មិន​ត្រឹម​តែ​ជួយ​សម្រួល​ដល់​ពាណិជ្ជករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទាក់​ទាញ​អាជីវកម្ម​ថ្មីៗ​បាន​ផងដែរ​។​វា​ក៏​ល្អ​សម្រាប់​ម៉ាក្រូសេដ្ឋកិច្ច ដោយសារ​អាជីវកម្ម​ដែល​បាន​ចុះបញ្ជី​ទាំងអស់​ស្ថិតនៅក្រោម ការគ្រប់គ្រង​របស់រដ្ឋ ហើយ​នៅពេល​មាន​វិបត្តិ​ណាមួយ​រដ្ឋ​អាច​ងាយស្រួល​ធ្វើ​អន្តរាគមន៍ និង​ទទួលយក​ការ​លើក​ទឹកចិត្ត​ខ្លះៗ ដើម្បី​ជួយ​គាំទ្រ​»៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២​