ដំណាំកសិកម្ម ៩ ប្រភេទរបស់កម្ពុជាមានសក្តានុពលនាំចេញ

ដំណាំកសិកម្ម ៩ ប្រភេទរបស់កម្ពុជាមានសក្តានុពលនាំចេញ

 

ដំណាំ​កសិកម្ម​របស់​កម្ពុជា​ចំនួន​ ៩ ​មុខ​មាន​សក្តានុពល​ខ្ពស់​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ប្រទេស​មួយចំនួន រួមមាន ចិន អឺរ៉ុប ​អាស៊ាន អូស្ដ្រាលី និង​នូវែសេឡង់​។ នេះ​បើ​យោងតាម​ការសិក្សា​អំពី​កត្តា​ទីផ្សារ​របស់​កម្មវិធី​ចង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា-អូស្ដ្រាលី​ (CAVAC)​។

លទ្ធផល​នៃ​ការសិក្សា​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៥ ខែសីហា បង្ហាញថា ដំណាំ​កសិកម្ម​ដែល​ត្រូវបាន​ជ្រើសរើស​មានដូចជា ផ្លែប៊ឺ ម្ទេស ល្ង ដំឡូងជ្វា មៀន ស្វាយ ស្វាយចន្ទី ស្ករត្នោត និង​ចំណិត​ចេក​ក្រៀម​។

ផលិតផល​ពី​កម្ពុជា​មិនអាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ប្រទេស​ជិតខាង​បាន ដោយ​កត្តា​បរិមាណ និង​ទំហំ​សេដ្ឋកិច្ច ដូច្នេះ​ការយល់ដឹង​អំពី​ទីផ្សារ​ពិតជា​សំខាន់​ណាស់​។

ការសិក្សា​របស់ CAVAC បាន​បង្ហាញថា ដំណាំ​កសិកម្ម​មានតម្លៃ​ខ្ពស់​ និង​សក្តានុពល​ចំនួន​ ៩ ​មុខ​សម្រាប់​ការនាំចេញ​នៅក្នុង​ទីផ្សារ​សំខាន់ៗ​ដូចជា​ចិន អឺរ៉ុប អាស៊ាន អូស្ដ្រាលី និង​នូវែលសេឡង់​។

ការសិក្សា​ស៊ីជម្រៅ​លើ​ទិន្នន័យ ដូចជា​ទំហំ​ទីផ្សារ​ពិភពលោក និង​សក្ដានុពល​កំណើន ចំណង់ចំណូល​ចិត្ត​របស់​អ្នកប្រើប្រាស់​ចំពោះ​ដំណាំ​ផ្សេងៗ វិធានការ​អនាម័យ និង​ភូតគាម​អនាម័យ និង​របាំង​មិនមែន​ពន្ធគយ​ផ្សេងទៀត​ចំពោះ​ពាណិជ្ជកម្ម ការប្រើប្រាស់​ផលិតផល (​ស្រស់ ឬ​កែច្នៃ​) ដៃគូ​ប្រកួតប្រជែង​សំខាន់ៗ និង​ចន្លោះ​ឱកាស​ដ៏មាន​សក្ដានុពល​។ បញ្ហា​ប្រឈម​ការនាំចេញ​របស់​ដំណាំ​កសិកម្ម​ទាំងនេះ​ក៏ត្រូវ​បាន​សិក្សា​ដែរ​។

លោក ប៉ាន សូរស័កិ្ដ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹង​នៅក្នុង​សុន្ទរកថា​បិទ​ព្រឹត្តិការណ៍​នេះ​ថា លទ្ធផល​ដែល​បាន​សិក្សា​នេះ​នឹង​រួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង​សម្រាប់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

លោក សូរស័ក្ដិ ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា ការសិក្សា​នេះ​នឹង​គិតគូរ​ពី​ការអភិវឌ្ឍ​របស់​កម្ពុជា ទំនាក់ទំនង​ពាណិជ្ជកម្ម ហើយ​ភាគី​ពាក់ព័ន្ធ​របស់​យើង​អាច​ស្វែងរក​ផលិតផល និង​ទីផ្សារ​ថ្មីៗ ទៅកាន់​ប្រទេស​អូស្ដ្រាលី នូវែលសេឡង់ អឺរ៉ុប អាស៊ាន និង​ចិន ដែល​ត្រូវ​បានបង្ហាញ​សញ្ញា​សម្គាល់​តម្រូវការ​ខ្ពស់​»​។

CAVAC កំពុង​តាក់តែង​ផែនការ​រៀបចំ​វេទិកា​ស្តីពី​ការផ្សព្វផ្សាយ​លទ្ធផល​សិក្សា​នេះ​៕

 

ដោយ: ធូ​ វិរះ

ព័ត៌មាន: ភ្នំពេញប៉ុស្ដិ៍

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ទំព័រចុះផ្សាយនៅទីនេះ

កាលបរិច្ជេទបោះពុម្ពផ្សាយ: ២៦ សីហា ២០២១