ថាមពលអគ្គិសនីស្អាតក្នុងបណ្តាញជាតិបានកើនដល់ជាង ១០ ភាគរយ

ថាមពលអគ្គិសនីស្អាតក្នុងបណ្តាញជាតិបានកើនដល់ជាង ១០ ភាគរយ

 

ភ្នំពេញៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​ (EDC) ​លោក កែវ រតនៈ បាន​និយាយថា ថាមពល​ស្អាត​ (​សូឡា​)​ ដែល​បានដាក់​បញ្ចូល​ក្នុង​បណ្តាញ​ជាតិ​នាពេលនេះ​បាន​កើន​ដល់​ក្នុង​រង្វង់ ១០ ​ភាគរយ​ហើយ ខណៈ​អាជ្ញាធរ​ជំរុញ​ និង​លើកទឹកចិត្ត​សម្រាប់​ការវិនិយោគ​លើ​ថាមពល​ស្អាត និង​កើត​ឡើងវិញ​ឱ្យបាន​ច្រើន​។

ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ៧ ខែកុម្ភៈ​លោក កែវ រតនៈ បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​តាម​ក្រសួង​រ៉ែ និង​ថាមពល​អគ្គិសនី​កម្ពុជា និង​ផ្នែក​ពាក់ព័ន្ធ​កំពុង​ខិតខំ​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​ការប្រើប្រាស់ និង​កំណើន​សេដ្ឋកិច្ច​។ ការពង្រឹង​សមត្ថភាព​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​ត្រូវបាន​ឈរលើ​គោលដៅ​ចម្បង​ចំនួន ២ គឺ​ធ្វើឱ្យ​ថាមពល​អគ្គិសនី​កុំឱ្យ​ខ្វះខាត និង​ចង់ឱ្យមាន​ថាមពល​ចេញពី​ប្រភព​ស្អាត​ (​សូឡា​)​។

លោក កែវ រតនៈ បាន​លើកឡើង​ថា កាលពីពេល​ថ្មីៗ​នេះ​មាន​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​អានុភាព ២០ មេហ្គាវ៉ាត់​នៅក្នុង​ឃុំ​មនោរម្យ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ ដោយ​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ​តាមរយៈ​ប្រព័ន្ធ​ចែកចាយ​នៅ​ក្រុង​បាវិត​។ ការដាក់​ដំណើរ​ការបន្ថែម​នេះ​ធ្វើឱ្យ​ថាមពល​អគ្គិសនី​ពី​ថាមពល​ពន្លឺព្រះអាទិត្យ​ក្នុង​ខេត្តស្វាយរៀង​ដែល​តភ្ជាប់​ចូល​បណ្តាញ​ជាតិ​កើនឡើង​ដល់ ៣០ ​មេហ្គាវ៉ាត់​។ លោក​បន្តថា ថាមពល​ស្អាត​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​ក្រុង​បាវិត ដោយ​ជួយ​កាត់បន្ថយ​ការយក​ប្រភពពី​ភ្នំពេញ និង​វារីអគ្គិសនី​សេ​សាន​។ វា​នឹង​ជួយ​ឱ្យ​សកម្មភាព​វិនិយោគ​នៅ​ទីនោះ​កាន់តែ​មាន​ភាព​មមាញឹក និង​ជា​តំបន់​ថាមពលបៃតង​ផងដែរ​។

លោក​បន្ថែមថា នេះ​ជាការ​ចូលរួម​បន្ថែម​ទៅក្នុង​បណ្តាញ​ជាតិ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺជា​ប្រភព​ស្អាត និង​ជា​ថាមពល​កកើតឡើង​វិញ​ដែល​ប្រទេស​កម្ពុជា​កំពុងផ្តល់​អាទិភាព​ខ្ពស់​ក្នុង​ការជំរុញ​ថាមពល​ប្រភេទ​នេះ​ឱ្យដល់​កម្រិត​អតិបរមា​។ លោក​ថ្លែងថា​៖ «​នេះ​ជា​ការចូលរួម​ក្នុង​ការផ្តល់​ថាមពល​ឱ្យបាន​គ្រប់គ្រាន់​នៅក្នុង​ប្រទេស​កម្ពុជា​ផង និង​ក៏​ក្នុងន័យ​ដើម្បី​បង្កើន​ចីរភាព​នៃ​កិច្ចការពារ​បរិស្ថាន​ផងដែរ​»​។

យោងតាម​លោក កែវ រតនៈ រហូត​មកដល់​ពេលនេះ​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​ដែល​បានដាក់​ចូលក្នុង​បណ្តាញ​ជាតិ​រួចហើយ​មាន​ប្រមាណ ៣៥០ ​មេហ្គាវ៉ាត់​ដោយ​ក្នុងនោះ ៣០ មេហ្គាវ៉ាត់​នៅ​ខេត្តស្វាយរៀង​, ៨០ ​មេហ្គាវ៉ាត់​នៅ​ខេត្តកំពង់ស្ពឺ​, ៩០ ​មេហ្គាវ៉ាត់​នៅ​ខេត្ត​ពោធិ៍សាត់​, ៦០ មេហ្គាវ៉ាត់​នៅ​ខេត្តបាត់ដំបង​, ៦០ ​មេហ្គាវ៉ាត់​នៅ​កំពង់ឆ្នាំង និង​ ៣០ ​មេហ្គាវ៉ាត់​នៅ​ខេត្តបន្ទាយមានជ័យ​។

លោក​អះអាង​ថា​៖ «​នេះ​គឺជា​ការរាប់​ត្រួសៗ​នៅក្នុង​ផែនការ​ដែល​បានចេញ​ដំណើរការ ឬ​ចូល​បណ្តាញ​ជាតិ​រាល់ថ្ងៃ​រួច​ហើយ ប៉ុន្តែ​យើង​ក៏​នៅមាន​ផែនការ​រាប់រយ​មេហ្គាវ៉ាត់​បន្ថែមទៀត​ដែល​នឹងត្រូវ​ដាក់ពង្រាយ​ (​បណ្តាញ​ជាតិ​) ​ជា​បន្តបន្ទាប់​នៅពេល​ខាងមុខ​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយៈ ហ៊ឹន ពិសី

ព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២