ទីផ្សារចិនស្រូបយកអង្ករនាំចេញរបស់កម្ពុជាជាង ៥០ ភាគរយ

ទីផ្សារចិនស្រូបយកអង្ករនាំចេញរបស់កម្ពុជាជាង ៥០ ភាគរយ

 

ភ្នំពេញៈ ប្រទេស​ចិន​នៅ​បន្ត​ឈរ​លំដាប់​ទី​ ១ ជា​ប្រទេស​ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើន​ជាងគេ​ដោយមាន​បរិមាណ​ជិត ១៥ ​ម៉ឺន​តោន​នៃ​បរិមាណ​នាំចេញ​អង្ករ​សរុប​របស់​កម្ពុជា​ដែលមាន​ជាង ២៨ ​ម៉ឺន​តោន នៅក្នុង​រយៈពេល​ ៥ ​ខែ ឆ្នាំ​ ២០២២​។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញថា ចាប់ពី​ខែមករា​-​ខែឧសភា ឆ្នាំ​ ២០២២​ ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​សម្រេច​បាន ២៨៣ ៦៧៥ ​តោន កើនឡើង ២១,៧៣ ​ភាគរយ​បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ក្នុងនោះដែរ​ចំពោះ​ខែឧសភា ការនាំចេញ​អង្ករ​សម្រេចបាន ៦២ ៥៣៧ ​តោន កើនឡើង ៥៤,២៨ ​ភាគរយ​បើ​ធៀប​នឹង​ខែឧសភា ឆ្នាំ​ ២០២១​។

ជាមួយ​គ្នានេះដែរ​គេ​សង្កេត​ឃើញ​ថា ទីផ្សារ​ចិន​នៅតែ​ស្រូបយក​អង្ករ​ពី​កម្ពុជា​បាន​ច្រើន​ជាងគេ ដោយ​នៅក្នុង​រយៈពេល ​៥​ ខែ​នេះ កម្ពុជា​នាំ​អង្ករ​ទៅ​ចិន​បាន​ប្រមាណ ១៤៩ ៤៧៧ ​តោន កើន ៥២,៦៨​ ភាគរយ ខណៈ​ការនាំចេញ​ទៅ​អឺរ៉ុប​មាន​ចំនួន ៨១ ៩៣១ ​តោន កើន ២៨,៨៨ ​ភាគរយ​, តំបន់​អាស៊ាន ២៥ ៦៩១ ​តោន កើន​ ៩,០៦ ​ភាគរយ និង​ទិសដៅ​ផ្សេងៗ​មាន​ចំនួន ២៦ ៦០៦ ​តោន កើនឡើង ៩,៣៨ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

ដោយឡែក​ប្រភេទ​អង្ករ​ដែល​បាន​នាំចេញ​រួមមាន អង្ករ​ក្រអូប ១៨៤ ១១២​ តោន កើន ៦៤,៩ ​ភាគរយ​, អង្ក​រស​គ្រាប់​វែង ៩៥ ៥៣៩ ​តោន កើនឡើង ៣៣,៦៨ ​ភាគរយ​, និង​អង្ករ​ចំហុយ​គ្រាប់​វែង ៤ ០២៤ ​តោន កើនឡើង ១,៤២​ ភាគរយ​បើ​ធៀប​រយៈពេល ៥ ​ខែ ក្នុង​ឆ្នាំ ២០២១​។

លោក លន់ យ៉េង អគ្គលេខាធិការ​នៃ​លេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ ខែមិថុនា ថា ការកើនឡើង​បរិមាណ​នាំចេញ​អង្ករ​នេះ គឺ​ដោយសារតែ​ការបញ្ចប់​ការយកពន្ធ​ពី EU ចាប់ពី​ពាក់កណ្តាល​ខែមករា ឆ្នាំ​ ២០២២ ដែល​ EU បានដាក់​កាលពី​ឆ្នាំ​ ២០១៩ តាមរយៈ​វិធាន​រក្សា​ការពារ Safeguard Measurement​។

លោក​បន្ថែមថា ទីផ្សារ​ចាប់ផ្តើម​វិល​រក​ស្ថានភាព​ដើម​មុន​ការដាក់​ពន្ធ​នាំចូល ស្រប​ពេល​ការបញ្ជាទិញ​ពី​ចិន​នៅមាន​កំណើនថេរ គឺ​ជាង ៥០ ​ភាគរយ​នៃ​ការនាំចេញ​សរុប​ពី​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ការនាំចេញ​គឺ​យើង​នាំចេញ​អង្ករ​ក្រអូប​ភាគច្រើន គឺ​មិន​សំខាន់​យក​បរិមាណ​ដូច​ការនាំចេញ​អង្ករស​ដែលមាន​កម្រិត​ប្រាក់ចំណេញ​តិច​បំផុត​នោះទេ​។ ចំពោះ​តម្លៃ​វិញ​មាន​ការ​កើនឡើង​ប្រមាណ ​១០ ​ភាគរយ​ ដោយសារ​ការនាំចេញ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​គឺ​ការនាំចេញ​អង្ករ​សភាគ​ច្រើន ដែលជា​ប្រភេទ​អង្ករ​មានតម្លៃ​ទាប​។ ប៉ុន្តែ​ចំពោះ​ល្បឿន​ការនាំចេញ​នេះ​យើង​យល់ថា គោលដៅ​ដែល​ក្រសួង​កសិកម្ម ក៏ដូចជា​សហព័ន្ធ​ស្រូវ​អង្ករ ជំរុញ​ការនាំចេញ​ឱ្យបាន​ចន្លោះ​ពី ៧៥ ​ទៅ​ ៨០ ​ម៉ឺន​តោន គឺ​ពិតជា​អាច​សម្រេចបាន​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២