ទីផ្សារអាមេរិកស្រូបយកជាង ៤១ ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា

ទីផ្សារអាមេរិកស្រូបយកជាង ៤១ ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា

 

ភ្នំពេញៈ អាមេរិក គឺជា​ទីផ្សារ​ធំជាងគេ​ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា ដោយ​ក្នុង​រយៈពេល ៧ ​ខែ នៃ​ឆ្នាំ​ ២០២២ ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​មាន​ទឹកប្រាក់​ជិត ៥,៧ ​ពាន់​លាន​ដុល្លារ ស្មើនឹង​ជាង ៤១ ​ភាគរយ​នៃ​ចំណែក​ទីផ្សារ​នាំចេញ​សរុប​របស់​កម្ពុជា​។

ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បង្ហាញ​ថា ក្នុងចំណោម​ការនាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​ ២០២២ ដែល​មាន​ទឹកប្រាក់ ១៣ ៧៦៩,៧៣ ​លាន​ដុល្លារ គឺ​ការនាំ​ចេញ​ទៅ​អាមេរិក មាន​ទឹកប្រាក់ ៥ ៦៩៥,៨៣ ​លាន​ដុល្លារ ដែល​ស្មើនឹង ៤១,៤ ​ភាគរយ​នៃ​ការនាំចេញ​ទាំងអស់​។ សម្រាប់​ចំនួន​ទឹកប្រាក់​នាំចេញ​ពី​កម្ពុជា​ទៅ​អាមេរិក​ក្នុង​រយៈពេល​ខាងលើ គឺ​កើនឡើង ៤៧,៣ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៣ ៨៦៧,២៧ ​លាន​ដុល្លារ​។

បើតាម​ទិន្នន័យ​ខាងលើ​សម្រាប់​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ក្នុង​រយៈពេល ៧​ ខែ​ដើមឆ្នាំ​ ២០២២​គឺមាន​ចំនួន​ ៥ ៨៩២,៥៣ ​លាន​ដុល្លារ កើនឡើង ៤៥,២​ ភាគរយ​ធៀប​រយៈពេល ៧ ​ខែ ឆ្នាំ​ ២០២១​។ ដោយឡែក​បើ​គិត​នៅក្នុង​ខែកក្កដា​ឆ្នាំ​ ២០២២ គឺ​ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​ទឹកប្រាក់ ១ ០៤៧,៤៩​ លាន​ដុល្លារ ស្មើនឹង​ ៤៣,៨ ​ភាគរយ​ធៀប​នឹង​ការនាំចេញ​សរុប​របស់​កម្ពុជា​មាន​ទឹកប្រាក់​ ២ ៣៩០,៦១ ​លាន​ដុល្លារ​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៥ ខែសីហា​ថា កត្តា​ជំរុញ​ឱ្យ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​មាន​សម្ទុះ​ឡើង​ខ្ពស់​ក្នុង​អំឡុង​ពេលនេះ​ (​កូវីដ​ ១៩ នៅ​បន្ត​មាន​វត្តមាន​) គឺ​ដោយសារ​តែមាន​ចង្វាក់​ផលិតកម្ម​នៅ​ប្រទេស​មួយ​ចំនួន​មិនទាន់​អាច​ដំណើរការ​បាន​ពេញលេញ ដែល​ធ្វើឱ្យ​ការបញ្ជាទិញ​ត្រូវ​ប្តូរ​ទិស​មក​កម្ពុជា ខណៈ​ទំនិញ​កម្ពុជា​មួយចំនួន​ក៏​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​អាមេរិក​ផងដែរ​។ លោក​បន្ថែមថា ក្រៅពីនេះ​កម្ពុជា​ក៏​ទទួល​បាន​ភាពចំណេញ​ពី​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក-​ចិន និង​ពី​បញ្ហា​វិបត្តិ​នយោបាយ​របស់​ប្រទេស​មួយ​ចំនួន​ដែល​ធ្លាប់ជា​អ្នក​ផ្គត់ផ្គង់​ទំនិញ​ឱ្យ​ទីផ្សារ​អាមេរិក​។

លោក​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​ក្រៅពី​ផលិតផល​វាយនភណ្ឌ ការនាំចេញ​ផលិតផល​មួយចំនួន​ទៀត​ដូចជា កង់ គ្រឿង​បរិក្ខារ​អគ្គិសនី ផលិតផល​កសិកម្ម និង​បន្ទះ​សូឡា ជាដើម​។

លោក​បញ្ជាក់ថា​៖ «​តាមរយៈ​ការនាំចេញ​ផលិតផល​ចម្រុះ​កាន់តែ​ច្រើន​មុខ​បែបនេះ ខ្ញុំ​គិតថា ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​នឹងមាន​ចំនួន​កាន់តែ​ច្រើន​នៅពេល​អនាគត​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ហ៊ឹន ពិសី

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២