ទឹកប្រាក់ជាង ៤៣២ លានដុល្លារ ត្រូវផ្តល់ដល់វិស័យ SME

ទឹកប្រាក់ជាង ៤៣២ លានដុល្លារ ត្រូវផ្តល់ដល់វិស័យ SME

 

ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ ​(SME Bank Cambodia) បាន​បញ្ចេញ​ឥណទាន​ក្នុង​ទឹកប្រាក់​ជាង ៤៣២​ លាន​ដុល្លារ​គិត​ត្រឹម​ថ្ងៃទី​ ២៧ ខែធ្នូ ដល់ SMEs ជាង ៣ ២៦០ ​សហគ្រាស​ក្នុង​ការបន្ត​និរន្តរភាព បើក​អាជីវកម្ម​ឡើងវិញ និង​ពង្រីក​អាជីវកម្ម ក្រោយពី​ទទួលរង​ផលប៉ះពាល់​ដោយ​​សារ​តែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ ​ជាង ២​ ឆ្នាំ​កន្លងមកនេះ​។​

​ធនាគារ SMEs គឺជា​ធនាគារ​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​ត្រូវបាន​បង្កើតឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២០ និង​ចាប់ផ្តើម​ដំណើរការ​ផ្តល់​ឥណទាន​ដោយ ផ្ទាល់ និង​តាមរយៈ​សហ​ហិរញ្ញ​ប្ប​ទាន​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ និង​ធនាគារ​ដែល​បាន​ចូលរួម​ចំនួន ៣៣​។

​លោក លឹម អូន អគ្គនាយក​ធនាគារ SME បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៨ ខែវិច្ឆិកា​ថា គិត​ចាប់តាំងពី​បើក​ដំណើរការ​រហូតដល់​ថ្ងៃទី​ ២៧ ខែធ្នូ ធនាគារ​របស់លោក​បាន​ផ្តល់​ឥណទាន​ដល់ SME ចំនួន​ ៣ ២៦០ គិត​ជា​ទឹកប្រាក់​គឺជា​ង ៤៣២ ​លាន​ដុល្លារ​។ ក្នុងនោះ ហិរញ្ញប្បទាន​ដែល​ផ្តល់​តាមរយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​មាន​ចំនួន ៣៨១​ លាន​ដុល្លារ​អាមេរិក បាន​ផ្តល់ជូន​ដល់​អតិថិជន​ចំនួន ៣ ០៣៣​ សហគ្រាស និង ឥណទាន​ដែល​បញ្ចេញ​ដោយផ្ទាល់​ពី​ធនាគារ SME ទៅ​អតិថិជន​ចំនួន ២២៧​ សហ​គ្រាស ស្មើនឹង​ទំហំ​ទឹកប្រាក់ ៥១,៣១​ លាន​ដុល្លារ​។​

​លោក លឹម អូន ថ្លែងថា ការផ្តល់​ហិរញ្ញប្បទាន​នេះ ទាំង​តាម​រយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដៃគូ និង​តាមរយៈ​ធនាគារ SME គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ស្តារឡើងវិញ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​អាជីវកម្ម​ក្នុងស្រុក​យើង​ដែល​បានទទួល​​រង​ដោយសារ​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ​រយៈពេល​ជាង​ ២ ​ឆ្នាំ​មកនេះ​បន្ត​និរន្តរភាព និង​ការរីក​លូតលាស់​ទៅមុខទៀត​។

​លោក​បាន​ថ្លែង​បន្តទៀតថា វិស័យ​អាទិភាព​គឺ កែច្នៃ និង​ផលិតកម្ម​ដែល​ផ្តោតជាសំខាន់ ស្របទៅតាម​គោ​លន​យោ​​បាយ​របស់​រាជរដ្ឋាភិបាល​។ វិស័យ​ទាំង​ ២ ​នេះ​គឺ​ទទួលបាន​ជាង​៥០​នៃ​ទំហំ​ឥណទាន​ដែល​បាន​បញ្ចេញ​។

​លោក​បានបញ្ជាក់​ឱ្យដឹងទៀតថា​៖ «​តាមរយៈ​គម្រោង​ហិរញ្ញប្បទាន​របស់​រាជ​រដ្ឋា​ភិ​បាល​ដែលមាន​ធនាគារ SME ជា​អ្នកអនុវត្ត និង​ក៏មាន​ការចូលរួម​ពី​ដៃគូ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​គឺ​វា​ពិតជា​បាន​ចូល​រួមចំណែក​ក្នុងការ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ប្រទេស​កម្ពុជា​យើង នៅ​ក្នុងនោះ​អាជីវកម្ម​នៅក្នុង​វិស័យ​ទេសចរណ៍​ក៏​ទទួល​បានការ​គាំទ្រ​ផងដែរ​»​។

​លោក​បាន​ថ្លែង​បន្តទៀតថា​៖ «​យើង​សង្កេតឃើញថា តាម​រយៈ​ប្រភព​ទុន​ដែល​ផ្តល់ជូន​នេះ​គឺ​អ្នក​ដែល​ទទួលបាន​ទុន​គាត់​មានលទ្ធភាព​ក្នុងការ​ចាប់ផ្តើម​អាជីវកម្ម​ឡើងវិញ លទ្ធភាព​ក្នុង​ការបន្ត និង​ពង្រីក​អាជីវកម្ម និង​រក្សាបាន​នូវ​និរន្តរភាព​អាជីវកម្ម​របស់​ពួកគាត់ ជាពិសេស​អាជីវកម្ម​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​កូ​វីដ​ ១៩»​។

​សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២២