ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា វិវឌ្ឍន៍យ៉ាងលឿនរហ័ស, ៥ឆ្នាំទៀត កម្ពុជាអាចផលិតរ៉ូបូត មានសមត្ថភាពកាន់តែប្រសើរ

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា វិវឌ្ឍន៍យ៉ាងលឿនរហ័ស, ៥ឆ្នាំទៀត កម្ពុជាអាចផលិតរ៉ូបូត មានសមត្ថភាពកាន់តែប្រសើរ

 

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានកត់សម្គាល់ថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រួចគោលដៅ​អភិវឌ្ឍន៍​លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេលប្រមាណ៣ឆ្នាំចុងក្រោយ​ វិស័យទាំងនេះមានការវិវឌ្ឍន៍លឿនរហ័សគួរឱ្យកត់សម្គាល់។ លោកទេសរដ្ឋមន្ត្រី រំពឹង​ថា ក្នុងរយៈពេល៥ឆ្នាំ ផលិតផលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​នឹងកើត​មាន​​កាន់តែច្រើន ដែលក្នុងនោះកូនខ្មែរអាចនឹងមានសមត្ថភាពបង្កើតរ៉ូបូតមាន​សមត្ថ​ភាព​​​​កាន់​តែ​ខ្ពស់ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុ​វត្ត​ន៍ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ បានប្រារព្ធទិវាជាតិ ស្តីពីវិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះជាព្រឹត្តិការណ៍លើកដំបូងហើយនៅកម្ពុជា ដែល​ប្រារព្ធធ្វើឡើង ដើម្បីជំរុញការអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវា​នុវត្តន៍​។

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាធាតុដ៏ចាំបាច់មួយសម្រាប់ការរស់នៅ និង​អាជីវ​កម្មរបស់មនុស្សជាតិលើពិភពលោកនាពេលបច្ចុប្បន្ន។ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ជាចំណែកដ៏សំខាន់សម្រាប់ជំរុញកិច្ចអភិវឌ្ឍន៍របស់ប្រទេស​នីមួយៗ​ផងដែរ។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រួចទិសដៅអភិវឌ្ឍន៍លើវិស័យនេះ។ នៅឆ្នាំ២០២០ រាជរដ្ឋា​ភិបាល បានសម្រេចបន្ថែមវិសាលភាពការងារជូនក្រសួងឧស្សាហកម្ម ដោយបន្ថែមការ​ងារ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសម្រួចមុំការងារជូនក្រសួងយកចិត្តទុក​ដាក់បន្ថែមទៅលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សម្រាប់ពត័មាន សូមចុចលើទីនេះ

រៀបរៀងដោយ ​Freshnewsasia
ថ្ងៃទី ២៦​ ខែ មិនា ឆ្នាំ ២០២៣
ប្រភព freshnewsasia