ទំហំពាណិជ្ជកម្មកម្ពុជា-សហភាពអឺរ៉ុបបានកើនឡើង ៤,៦ ភាគរយដល់ ៤,៩៨ ពាន់លានដុល្លារកាលពីឆ្នាំមុន

ទំហំពាណិជ្ជកម្មកម្ពុជា-សហភាពអឺរ៉ុបបានកើនឡើង ៤,៦ ភាគរយដល់ ៤,៩៨ ពាន់លានដុល្លារកាលពីឆ្នាំមុន

 

សេចក្តីប្រកាសព័ត៌មានរួមកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប (EU) មានតម្លៃ ៤,៥ ពាន់លានអឺរ៉ូ (៤,៩៨ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២១ កើនឡើង ៤,៦ ភាគរយធៀបនឹងឆ្នាំមុន។

ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅសហភាពអឺរ៉ុប មានដូចជាផលិតផលកសិកម្ម រួមមានអង្ករ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងកង់ ខណៈដែលទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហភាពអឺរ៉ុបរួមមាន សម្ភារៈសំណង់ អាហារ និងភេសជ្ជៈ គ្រឿងអេឡិចត្រូនិក និងឱសថជាដើម។

សេចក្តីប្រកាសព័ត៌មានរួមនេះត្រូវបានចេញផ្សាយនៅចុងបញ្ចប់នៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ដែលត្រូវបានរៀបចំឡើងនៅកម្ពុជាក្នុងទម្រង់កូនកាត់(hybrid) ដឹកនាំដោយរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោកលុយ ដាវីត និងលោកស្រី Paola Pampaloni នាយករងគ្រប់គ្រងប្រចាំតំបន់អាស៊ី និង ប៉ាស៊ីហ្វិកទទួលបន្ទុកកិច្ចការភាពខាងក្រៅរបស់អឺរ៉ុប។

កិច្ចប្រជុំបានពិភាក្សាអំពីវិធានការស្តារសេដ្ឋកិច្ច ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កិច្ចសហប្រតិបត្តិការបច្ចេកទេស លទ្ធភាពទទួលបានទីផ្សារ និងកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីកែលម្អបរិយាកាសធុរកិច្ច រួមទាំងច្បាប់វិនិយោគថ្មី និងធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា​៖ «​ភាគី​ទាំង​ពីរ​ក៏​បាន​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ដើម្បី​ធានា​ថា​បរិយាកាស​វិនិយោគ​របស់​កម្ពុជាអោយ​នៅ​តែ​បើក​ចំហ សម្របសម្រួល​បាន​ល្អ ប្រកួតប្រជែង និង​អំណោយផល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ចីរភាព»។

សេចក្តីថ្លែងការណ៍ក៏បានបន្តទៀតថា កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍន៍ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក រួមទាំងបច្ចុប្បន្នភាពស្តីពីសមាហរណកម្មសេដ្ឋកិច្ចក្នុងអាស៊ាន  និងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកអោយកាន់តែទូលំទូលាយ ទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់ EU-អាស៊ាន និងបច្ចុប្បន្នភាពស្តីពីកំណែទម្រង់ WTO ក្នុងចំណោមប្រធានបទផ្សេងទៀត។

កិច្ច​ប្រជុំ​បន្ទាប់​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០២៣ នៅទីក្រុង​ព្រុចសែល។

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ Xinhua

ព័ត៌មាន៖ ខ្មែរថាមស៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២​