ទំហំពាណិជ្ជកម្មរវាងកម្ពុជាអាស៊ាន មានជាង $១៦ ពាន់លាន

ទំហំពាណិជ្ជកម្មរវាងកម្ពុជាអាស៊ាន មានជាង $១៦ ពាន់លាន

 

ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយនឹង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន ក្នុង​ឆ្នាំ​​ ២០២២ មាន​ទឹកប្រាក់​សរុប​ជាង​ ១៦​ ពាន់​លាន​ដុល្លារ កើនឡើង​តិចតួច​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ចំនួន​នេះ គឺ​ស្មើនឹង​ជិត ១/៣​ នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​។​

​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ក្រសួងពាណិជ្ជកម្ម ឆ្នាំ ​២០២២ និង​ទិសដៅ​ការងារ​ឆ្នាំ ​២០២៣ បាន​បង្ហាញថា ក្នុង​ឆ្នាំ ២០២២ ការនាំចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន​ទឹកប្រាក់​សរុប ១៦ ០៥៣ ​លាន​ដុល្លារ កើន​ជាង ១,៣៥ ​ភាគរយ​បើ​ធៀប​នឹង​ចំនួន ១៥ ៨៣៨​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​អាស៊ាន គឺ​ស្មើនឹង ៣០,៦២​ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ប្រមាណ ៥២ ៤២៥ ​លាន​ដុល្លារ​។​

​ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន​ចំនួន ៣ ២៩៧​ លាន​ដុល្លារ កើន ១៣,១៤​ ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០២១ ដែលមាន​ចំនួន ២ ៩១៤​ លាន​ដុល្លារ​។ ទឹកប្រាក់​ការនាំ​ទំនិញ​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន គឺ​ស្មើនឹង ១៤,៦៦​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​សរុប​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ដែលមាន ២២ ៤៨៣ ​លាន​ដុល្លារ​។ ចំណែក​ការនាំ​ទំនិញ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មក​កម្ពុជា គឺមាន ១២ ៧៥៦ ​លាន​ដុល្លារ ធ្លាក់ចុះ ១,២៩ ​ភាគរយ​ពី ១២ ៩២៤​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​។ ចំនួន​ទឹកប្រាក់​នៃ​ការនាំ​ទំនិញ​ក្នុង​តំបន់​អាស៊ាន មក​កម្ពុជា គឺ​ស្មើនឹង ៤២,៦​ ភាគរយ​នៃ​ការ​នាំចូល​ទំនិញ​សរុប​ពី​ទីផ្សារ​អន្តរជាតិ ដែលមាន​ចំនួន ២៩ ៩៤២​ លាន​ដុល្លារ​។​

​បើតាម​ក្រសួងពាណិជ្ជកម្ម ប្រទេស​វៀតណាម និង​ថៃ គឺជា​ទីផ្សារ​ឈានមុខ​គេ​ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន ដោយ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​វៀតណាម ក្នុង​ឆ្នាំ​ ២០២២ មាន​ចំនួន ៦ ១៣៦ ​លាន​ដុល្លារ កើន ២០​ ភាគរយ និង​ថៃ ចំនួន ៤ ៦៦៤ ​លាន​ដុល្លារ កើន ១៤​ ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៥ ខែកុម្ភៈ​ថា ដោយសារ​មាន​ទីតាំង​ភូមិសាស្ត្រ​នៅ​ជិតគ្នា ដូច្នេះ​ប្រទេស​ក្នុង​តំបន់​អាស៊ាន គឺជា​ទីផ្សារ​ទទួល​ទិញ​ទំនិញ ​(​កសិផល​)​ សំខាន់​មួយ​របស់​កម្ពុជា ខណៈ​បច្ចុប្បន្ន​ចំនួន​ប្រជាជន​ក្នុង​តំបន់​នេះ​មាន​លើសពី ៦៦០ ​លាន​នាក់​។ លោក​បន្តថា កត្តា​ចំនួន​ប្រជាជន បូក​បន្ថែមនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​សម្រេច​បានជា​មួយ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង គឺ​កំពុង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​មេដែក​ឆក់​ទាញ​អ្នកវិនិយោគ​កាន់តែច្រើន​ឱ្យមក​បណ្តាក់ទុន​ផ្ទាល់ ដើម្បី​ផលិត និង​នាំចេញ​ទំនិញ​ទៅ​លក់​ក្នុងប្រទេស​ជា​សមាជិក​អាស៊ាន​។
សម្រាប់ពត៍មានបន្ថែម សូមចុច​ លើទីនេះ

រៀបរៀងដោយ៖ ហ៊ឹន ពិសី

ប្រភព៖​ ភ្នំពេញប៉ុស្តិ៍

ថ្ងៃបោះពុម្ពផ្សាយ៖ ៦ កុម្ភះ​ ២០២៣