ធនាគារអភិវឌ្ឍន៍អាស៊ី៖ ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីរបស់កម្ពុជាកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស

ធនាគារអភិវឌ្ឍន៍អាស៊ី៖ ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីរបស់កម្ពុជាកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស

 

ការចាប់ផ្ដើមធុរកិច្ចថ្មីផ្អែកលើបច្ចេកវិទ្យារបស់ប្រទេសកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដោយគោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធដែលតម្រង់ឆ្ពោះទៅរកការអភិវឌ្ឍន៍ នេះបើយោងតាមរបាយការណ៍ថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

យោងតាមរបាយការណ៍ ប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជាសម្រាប់ធុរកិច្ចថ្មីនៃបច្ចេកវិទ្យា កម្មវិធីនានាដែលរួមមានសហគ្រាសខ្មែរ និងកម្មវិធីជាតិធុរកិច្ចថ្មីកម្ពុជា បានលេចចេញជារូបរាងដើម្បីជួយដល់ការចាប់ផ្តើមអាជីវកម្មក្នុងវិស័យដូចជា វេទិកាឌីជីថល ការផ្តល់មូលនិធិបណ្តុះបណ្តាល និងការស្រាវជ្រាវ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគាំទ្រដោយគោលនយោបាយដូចជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា ។

លោក Paul Vandenberg សេដ្ឋវិទូ ADB ម្នាក់ក្នុងចំណោមអ្នកនិពន្ធរបាយការណ៍បាននិយាយថា “រដ្ឋាភិបាលកម្ពុជាទទួលស្គាល់យ៉ាងច្បាស់ពីសារៈសំខាន់នៃធុរកិច្ចថ្មីបច្ចេកវិទ្យាក្នុងការរួមចំណែកដល់ការរីកចម្រើន និងការអភិវឌ្ឍន៍របស់ប្រទេស”។ “ដើម្បីសម្រួលដល់បញ្ហានេះ

រដ្ឋាភិបាលបានដាក់ចេញនូវយន្តការ និងគោលនយោបាយសំខាន់ៗ ដើម្បីគាំទ្រដល់សហគ្រិន”។

ដូចទៅនឹងប្រទេសភាគច្រើនដែរ បច្ចេកវិទ្យា fintech និង e-commerce គ្របដណ្ដប់ក្នុងវិស័យអាជីវកម្មបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ផ្ទុយទៅនឹងការចាប់ផ្តើមអាជីវកម្មដែលផ្តោតលើការអប់រំ (edtech) សុខភាព (healthtech) កសិកម្ម (agritech) និងបរិស្ថាន (greentech) ដែលត្រូវបានចាត់ទុកថាមានឥទ្ធិពលលើការអភិវឌ្ឍន៍ខ្ពស់។ របាយការណ៍នេះពិនិត្យមើលលើវិស័យទាំងបួននេះ និងសក្តានុពលរបស់ពួកគេក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងចីរភាពរបស់កម្ពុជា។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការជំរុញការលេចឡើងនៃការចាប់ផ្តើមអាជីវកម្មកាន់តែច្រើននៅក្នុងវិស័យអភិវឌ្ឍន៍សំខាន់ៗគឺជាបញ្ហាប្រឈមមួយ ព្រោះវាទាមទារឱ្យសហគ្រិនកាន់តែច្រើនផ្តោតលើវិស័យទាំងនេះ ។ ប៉ុន្តែរដ្ឋាភិបាលក៏អាចដើរតួនាទីដោយផ្តល់ការគាំទ្រតាមគោលដៅតាមរយៈយន្តការជំនួយ ដោយផ្តល់អ្នកណែនាំដែលមានជំនាញក្នុងវិស័យ និងគាំទ្រសកម្មភាពស្រាវជ្រាវនៅក្នុងគ្រឹះស្ថានសិក្សាឧត្តមសិក្សា។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ៖ AKP-C.Nika

ព័ត៌មាន៖ ខ្មែរ ថាមស៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២