ធនាគារ ហុង លីអុង ចុះ MoU ជាមួយដៃគូមកពីម៉ាឡេស៊ី ដើម្បីជួយ SME នៅកម្ពុជា

ធនាគារ ហុង លីអុង ចុះ MoU ជាមួយដៃគូមកពីម៉ាឡេស៊ី ដើម្បីជួយ SME នៅកម្ពុជា

 

ភ្នំពេញៈ ​ធនាគារ ហុង លីអុង (​ខេមបូឌា​) ​ភីអិលស៊ី (Hong Leong (Cambodia) Plc)​ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ជាមួយនឹង​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ប្រទេស​ម៉ាឡេស៊ី​ ដើម្បី​ចែករំលែក​ចំណេះដឹង​ជំនាញ ផ្តល់​ការ​ប្រឹក្សា និង​ឱកាស​ផ្គូផ្គង​អាជីវកម្ម ដើម្បី​គាំទ្រ​ដល់​កំណើន SMEs នៅ​កម្ពុជា ព្រមទាំង​ជួយ​សម្រួល​ដល់​អាជីវកម្ម និង​ការវិនិយោគ​ដែលមាន​សក្តានុពល​រវាង​ប្រទេស​ទាំង ២​។

MoU នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ជំរុញ​កិច្ចសហការ និង​គាំទ្រ​ដល់​កំណើន SME របស់​កម្ពុជា​។

លោក Terrence Teoh នាយក​គ្រប់គ្រង និង​ជា​នាយក​ប្រតិបត្តិ​ធនាគារ​ ហុង លីអុង (​ខេមបូឌា​) ភីអិលស៊ី និង​លោក Ding Hong Sing ប្រធាន​ជាន់ខ្ពស់​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ចុះហត្ថលេខា​លើ MoU នេះ​កាលពី​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​ ២០២២​។

លោក EldeenHusaini ឯកអគ្គ​រដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា និង​លោក ចឺយ វិចិត្រ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ធ្វើជា​សាក្សី​នៅក្នុង​កម្មវិធី​នេះ​។

លោក Terrence Teoh បាន​ថ្លែងថា​៖ «​យើង​ចែករំលែក​គោលដៅ​ដូចគ្នា​ជាមួយ​ប្រទេស​កម្ពុជា គឺ​ដើម្បី​ជំរុញ​ស្មារតី​សហគ្រាស និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ តាមរយៈ MoU នេះ​ខ្ញុំ​ជឿថា សមត្ថភាព​រួម​របស់​យើង និង​ការយល់ដឹង​យ៉ាង​ស៊ីជម្រៅ​នៃ​ទីផ្សារ​ទាំង​ ២ អាចជួយ​ឱ្យ SME កម្ពុជា និង​ម៉ាឡេស៊ី​របស់​យើង​ឱ្យ​ស្វែងរក​ឱកាស​ផ្គូផ្គង​អាជីវកម្ម​ទៅវិញ​ទៅមក​។ ទន្ទឹមនឹងនេះ​ក៏មាន​ការតភ្ជាប់​ទំនាក់​ទំនង​គ្នា​ជាមួយ​នឹង​ដំណោះស្រាយ​អាជីវកម្ម និង​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ ពិសេស​ក្នុងការ​ច្នៃប្រឌិត​ផ្នែក​ឌីជីថល​ឱ្យ​កាន់​តែមាន​និរន្តរភាព​»​។

តំណាង​ឱ្យ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​របស់​ប្រទេស​ម៉ាឡេស៊ី លោក Ding Hong Sing បាន​និយាយថា MoU នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្នា​។

លោក​ថ្លែងថា​៖ «​គោលបំណង​របស់​យើង​គឺ​ដើម្បី​ចែករំលែក​ជំនាញ និង​ចំណេះដឹង​តាមរយៈ​ទស្សនកិច្ច​សិក្សា សិក្ខាសាលា និង​សិក្ខាសាលា​ជាមួយ​ដៃគូ​អាជីវកម្ម​ពាក់ព័ន្ធ​។ ការរួមបញ្ចូល​នេះ​យើង​នឹង​អាចជួយ​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យដឹងពី​សក្តានុពល​ពេញលេញ​របស់​ពួកគេ និង​ចាប់យក​ឱកាស​រវាង SME កម្ពុជា និង​ម៉ាឡេស៊ី​ដែល​កំពុង​រីកចម្រើន​»៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២