ធនាគារ SME និងអាហ្គ្រីប៊ី សហការលើការសម្រួលការផ្តល់កម្ចី

ធនាគារ SME និងអាហ្គ្រីប៊ី សហការលើការសម្រួលការផ្តល់កម្ចី

 

ភ្នំពេញៈ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (SME Bank) និង​ក្រុមហ៊ុន អ្រា​ហ្គី​ប៊ី (​ខេមបូឌា) ​ម.ក បាន​បើក​កិច្ចសហប្រតិបត្តិការ​គ្នា​ដើម្បី​លើកកម្ពស់ និង​អភិវឌ្ឍ​វិស័យ​សហគ្រាស​ដែល​ធ្វើ​សកម្មភាព​លើ​ទិន្នផល​កសិកម្ម តាមរយៈ​ការ​ផ្តល់ទុន​ដែលមាន​អត្រា​ការប្រាក់​ទាប និង​ពុំ​តម្រូវឱ្យ​មានទ្រព្យ​បញ្ចាំ​។

នៅ​ថ្ងៃទី​ ១១ ខែមេសា ធនាគារ SME និង​ក្រុមហ៊ុន​អាហ្គ្រីប៊ី​ (​ខេមបូឌា) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ជូន​បុគ្គល ដែលជា​តួអង្គ​ក្នុង​ចង្វាក់​ផលិតកម្ម​កសិកម្ម​ដែល​ក្រុមហ៊ុន អាហ្គ្រីប៊ី (​ខេមបូឌា) ​ម.ក ណែនាំ ជាមួយនឹង​លក្ខខណ្ឌ​អនុគ្រោះ និង​មានតម្លៃ​ឥណទាន​ទាប​, ការផ្តល់​ហិរញ្ញប្បទាន​ជូន​ចំពោះ​អាជីវកម្ម ឬ​បុគ្គល​ជា​អ្នកផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម​, ឈ្មួញ​ទិញ​កសិផល​, អ្នក​កែច្នៃ​កសិផល លើកលែង រោង​ម៉ាស៊ីនកិនស្រូវ​, អ្នក​លក់ដុំ និង​លក់រាយ​កសិផល​។ ការផ្តល់​ហិរញ្ញប្បទាន​នេះ គឺ​ក្នុង​ទំហំ​ទឹកប្រាក់​អតិបរមា​រហូតដល់ ៥០ ​ម៉ឺន​ដុល្លារ និង​ការចូលរួម​ផ្សព្វផ្សាយ​រួមគ្នា ដើម្បី​ចែករំលែក​ព័ត៌មាន​ស្តីពី​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​ប្រតិបត្តិករ​ SME នៅ​កម្ពុជា​។

លោក លឹម អូន អគ្គនាយក​នៃ​ធនាគារ SME បាន​និយាយថា ធនាគារ SME ពិតជា​រីករាយ​ក្នុង​ភាពជា​ដៃគូ​នេះ​ដែល​ជួយ​លើកកម្ពស់ និង​ជំរុញ​ដំណើរ​នៃ​ការអភិវឌ្ឍ​វិស័យ SME នៅ​កម្ពុជា​ស្របតាម​គោលដៅ​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​បាន​បន្ថែមថា កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​មួយ​នេះ​នឹង​នាំមក​នូវ​គុណ​តម្លៃ​ជូន​ចំពោះ​សហគ្រាស និង​អាជីវកម្ម​ដែល​ជួយ​គាំទ្រ ផ្គត់ផ្គង់ និង​ពឹង​ផ្អែកទៅលើ​ទិន្នផល​នៃ​វិស័យ​កសិកម្ម ដោយ​ឱ្យ​ពួកគាត់​ទទួលបាន​នូវ​ហិរញ្ញប្បទាន​សម្រាប់​យកទៅ​ប្រើប្រាស់​ជា​ទុន​បង្វិល ឬ​ទុនវិនិយោគ​ក្នុង​អាជីវកម្ម​របស់ខ្លួន​ជាមួយ​នឹង​ការផ្តល់ជូន​លក្ខខណ្ឌ​ដ៏អនុគ្រោះ​។

លោក​បញ្ជាក់​៖ «​តាមរយៈ​ការចូលរួម​សហការ​ជា​ដៃគូ​ពី​ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​គោលដៅ​កាន់តែច្រើន​សម្បើម​កុះករ​នេះ ធនាគារ SME ពិតជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ទាំងអស់​នឹង​អាច​ទទួលបាន​នូវ​ហិរញ្ញប្បទាន​ផ្លូវការ​ពី​ធនាគារ ដើម្បី​ស្តារ​អាជីវកម្ម​ងើប​ផុតពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជា​ចំណែក​ក្នុង​ការជួយ​បង្កើន​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​ជំរុញឱ្យមាន​សម្ទុះ​នៃ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចជាតិ​ទាំងមូល​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

 

ដោយ៖ ហំ​ ផានិត

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២​