ប្រព័ន្ធឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កំពុងជួយ MSMEs នៅកម្ពុជា

ប្រព័ន្ធឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កំពុងជួយ MSMEs នៅកម្ពុជា

រូបភាព: ហុង មិនា

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​និយាយថា ការផ្លាស់ប្តូរ​ឌីជីថល (Digital Transformation) និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-commerce) បាននិង​កំពុង​ជួយ​ជំរុញ​ផលិតភាព និង​ភាពប្រកួតប្រជែង​របស់​សហគ្រាស​មីក្រូ ធុន​តូច និង​មធ្យម (MSMEs) នៅ​កម្ពុជា។

ការលើកឡើង​នេះ​បាន​ធ្វើឡើង​ក្នុងពេល​លោក សូរស័ក្តិ អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​តុមូល​ថ្នាក់​រដ្ឋមន្ត្រី ក្រោម​ប្រធានបទ «ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​វិបុលភាព​រួម (Harnessing Frontier Technologies for Shared Prosperity” នៅ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី ១៥ នៃ​សន្និសីទ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ (UNCTAD 15) ដែល​សហការ​រៀបចំ​ដោយ​រដ្ឋាភិបាល​ប្រទេស​បាបេដូស (Barbados) និង​អង្គការ UNCTAD នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស តាម​ប្រព័ន្ធ​វីដេអូ។

សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នេះ គឺជា​កិច្ចប្រជុំ​កំពូល​របស់​អង្គការ UNCTAD ដែល​ធ្វើឡើង​រយៈពេល ៤ ឆ្នាំ​ម្ដង ដោយមាន​ការចូលរួម​ពី​សមាជិក​អង្គការ UNCTAD ១៩៥ ប្រទេស និង​អង្គការ​អន្តរជាតិ ព្រមទាំង​ដៃគូ​មួយចំនួន​ទៀត ដើម្បី​ពិភាក្សា និង​រក​ដំណោះស្រាយ​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ។

លោក ប៉ាន សូរស័ក្តិ បាន​លើកឡើងថា បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរៀបចំ និង​ពង្រឹង​គោលនយោបាយ ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​វិធានការ​ពាក់ព័ន្ធ​នានា ដើម្បី​ពន្លឿន​ការអភិវឌ្ឍ​វិស័យនេះ​ឱ្យបាន​ជោគជ័យ ប្រកប​ដោយ​ចីរភាព និង បរិយាបន្ន។

លោក​ថ្លែងថា៖ «ការផ្លាស់ប្តូរ​ឌីជីថល និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក កំពុង​ចូលរួម​យ៉ាងសំខាន់​នៅក្នុង​ការជំរុញ​ផលិតភាព និង​ភាពប្រកួតប្រជែង​របស់​សហគ្រាស​មីក្រូ ធុន​តូច និង​មធ្យម (MSMEs) ដែលជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​របស់​កម្ពុជា»។

លោក​បន្ថែម​ទៀត​ថា យ៉ាងណាមិញ ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ឌីជីថល​ក៏​បាន​ពង្រីក​គម្លាត​ឌីជីថល​រវាង​ប្រទេស​អភិឌ្ឍន៍ និង​ប្រទេស​កំពុងអភិវឌ្ឍន៍ ជាពិសេស​ប្រទេស​អភិវឌ្ឍន៍​តិចតួច។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ជាមួយ​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​នានា គឺមាន​តួនាទី​សំខាន់​ក្នុង​ការជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​ការទទួលបាន​ផលប្រយោជន៍​ពី​ពាណិជ្ជកម្ម​ឌីជីថល តាមរយៈ​ការជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការផ្ទេរ​បច្ចេកវិទ្យា ការពង្រឹង​ប្រព័ន្ធ​ច្បាប់ និង​គោលនយោបាយ និង​ការអភិវឌ្ឍ​សមត្ថភាព ដើម្បី​លើកកម្ពស់​ភាពច្នៃប្រឌិត និង​នវានុវត្តន៍​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច។

លោក​លើកឡើង​ទៀតថា ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់ចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ឆ្នាំ ២០២១-២០៣៥ ដែល​នឹង​រួមចំណែក​យ៉ាងខ្លាំង​ក្នុង​ការស្តារ និង​ជំរុញ​សម្ទុះ​កំណើន​សេដ្ឋកិច្ច​ថ្មី និង​លើកកម្ពស់​សុខុមាលភាព​សង្គម តាម​គន្លង​ប្រក្រតី​ថ្មី ក្រោយពី​វិបត្តិ​នៃ​ការឆ្លង​រាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ ១៩។

ជាមួយ​គ្នា​នេះ លោក ប៉ាន សូរស័ក្តិ ក៏បាន​អំពាវនាវ​ឱ្យ UNCTAD បន្ត​ជួយ​គាំទ្រ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច រួមទាំង​កម្ពុជា លើ​ការពង្រឹង​សមត្ថភាព​ផលិត ការអភិឌ្ឍ​សមត្ថភាព​ស្ថាប័ន​ និង​ធនធានមនុស្ស និង​ជំនាញ​បច្ចេកទេស​ផង​ដែរ៕

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ: ហ៊ឹន ពិសី

ព័ត៌មាន: ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ១០ តុលា ២០២១