ផលនេសាទនាំចេញរយៈពេល ៥ ខែ មានជាង ១,២ ពាន់តោន

ផលនេសាទនាំចេញរយៈពេល ៥ ខែ មានជាង ១,២ ពាន់តោន

 

ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ផលនេសាទ​ស្រស់​សរុប​ចំនួន ១ ២៩១ ​តោន​ក្នុង​រយៈពេល ៥ ខែ ឆ្នាំ​ ២០២២ ដោយ​ថយចុះ​ជាង ១១ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១​។

របាយការណ៍​បឋម​របស់​រដ្ឋបាល​ជលផល​បង្ហាញថា ការនាំចេញ​ផលនេសាទ​ទឹកសាប និង​ទឹកប្រៃ​ចាប់ពី​ខែមករា​ដល់​ខែឧសភា​ឆ្នាំ​ ២០២២ មាន​បរិមាណ​សរុប ១ ២៩១ ​តោន ថយចុះ ១៧២​តោន​ស្មើនឹង ១១,៧៥ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ និង​ស្មើនឹង ១២,៩១ ​ភាគរយ​នៃ​ផែនការ​ដែល​បានកំណត់ ១ ​ម៉ឺន​តោន​។ ក្នុងនោះដែរ ចំពោះ​បរិមាណ​នាំចេញ​សរុប​នេះ គិត​ជា​ទឹកប្រាក់​មានតម្លៃ​សរុប​ជិត ៣៩ ​លាន​ដុល្លារ​។

លោក ពុំ សុថា អគ្គនាយក​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឱ្យដឹងថា មូលហេតុ​ការនាំចេញ​ផល​នេសាទ​ថយចុះ គឺ​ដោយសារ​កត្តា​ធម្មជាតិ និង​កត្តា​មនុស្ស​។ លោក​បន្ថែមថា ផល​នេសាទ​នាំចេញ​ភាគច្រើន​ជា​ផលនេសាទ​ទឹកសាប និង​ជា​ប្រភេទ​ត្រី​ធម្មជាតិ ខណៈ​ត្រី​ចិញ្ចឹម​មាន​តិចតួច​។ កតា្ត​ធម្មជាតិ​គឺពាក់ព័ន្ធ​ទៅនឹង​ការផ្លាស់ប្តូរ​អាកាសធាតុ រីឯ​កត្តា​មនុស្ស សំដៅ​ការកើនឡើង​នៃ​ចំនួន​ប្រជាជន និង​បទល្មើស​។

លោក​បញ្ជាក់ថា​៖ «​ត្រី​ដែល​យើង​នាំចេញ​ភាគច្រើន​ជា​ប្រភេទ​ត្រី​កែស ត្រី​រ៉ស់ ដោយ​នាំទៅ​វៀតណាម និង​ថៃ​ជាដើម​។ ពីមុន​មាន​នាំទៅ​ចិន​ខ្លះ​ដែរ​តែដោយសារ​តែ​កូវីដ​ ១៩ ​ផ្ទុះ​ឡើងវិញ​នៅ​ប្រទេស​ចិន យើង​ក៏​ផ្អាក​សិន​។ ក្រៅពី​ត្រី​ធម្មជាតិ យើង​ក៏មាន​នាំចេញ​ត្រី​ចិញ្ចឹម​តាមបែប​វារីវប្បកម្ម​ខ្លះ​ដែរ តែ​តិចតួច​នៅឡើយ​។ យើង​រំពឹងថា​ការនាំចេញ​ត្រី​ទៅ​ក្រៅប្រទេស​នឹង​អាចមាន​កំណើន​ឡើងវិញ ពិសេស​បន្ទាប់ពី​យើង​ទទួលបាន​ភ្លើង​បៃតង​ពី​អគ្គ​រដ្ឋបាល​គយ​ចិន​ក្នុងការ​នាំចេញ​សាកល្បង​ (​ត្រី​ប្រា​)​ នៅ​ចុងខែ​មិថុនា​ខាងមុខនេះ​»​។

លោក​បន្តថា អគ្គ​រដ្ឋបាល​ជលផល​កំពុង​ធ្វើការ​ផ្សព្វផ្សាយ​បន្ថែម​លើ​ការចិញ្ចឹម​ត្រីប្រា​នេះ ដោយ​ធ្វើយ៉ាងណា​ឱ្យ​វារីវប្បករ​ចិញ្ចឹម​តាម​លក្ខខណ្ឌ​តម្រូវ​។

លោក វ៉ិត ធារិទ្ធ ម្ចាស់​កសិដ្ឋាន​ផលិត​ពូជ​ត្រី ៧ ​មករា​ដែលជា​កសិដ្ឋាន ១ នៅក្នុង​ចំណោម​កសិដ្ឋាន ៣ ដែល​ទទួលបាន​ការអនុញ្ញាត​នាំចេញ​ត្រី​ប្រា​ទៅ​ប្រទេស​ចិន បាន​ប្រាប់​ឱ្យដឹងថា បច្ចុប្បន្ន​វារីវប្បករ​ជួប​បញ្ហា​ច្រើន ដោយសារ​ការចំណាយ​ថ្លៃដើម​ចិញ្ចឹម​ត្រី​កើនឡើង ប៉ុន្តែ​តម្លៃ​ត្រី​លើ​ទីផ្សារ​ក្នុងស្រុក​ធ្លាក់ចុះ​។

លោក​បន្ថែមថា ការនាំចេញ​នឹង​ទទួលបាន​តម្លៃ​ល្អ ដោយ​កន្លង​ទៅខាង​កសិដ្ឋាន​ទាំង ៣ បាន​ពិភាក្សា​ជាមួយ​រោងចក្រ​កែច្នៃ​រួចហើយ ដោយ​អាច​បាន​តម្លៃ​ចន្លោះ​ពី ៥ ៥០០ ​រៀល​ទៅ ៦ ០០០ ​រៀល គ្រាន់បើ​ជាង​លក់​ក្នុងស្រុក ដែល​បានត្រឹមតែ​ជាង ៤ ០០០ ​រៀល​។

ទិន្នន័យ​ពី​ក្រសួង​កសិកម្ម​បានបង្ហាញ​ថា កាលពី​ឆ្នាំ ​២០២១ ការនាំចេញ​ផល​នេសាទ​ស្រស់ មាន​ចំនួន ២ ៩១៦ ​តោន ស្មើនឹង ៣៦,៤៥​ ភាគរយ​នៃ​ផែនការ​ចំនួន ៨ ០០០ ​តោន និង​កើនឡើង​ចំនួន ៩៧១ ​តោន ខណៈ​ផលនេសាទ​កែច្នៃ​រួច​នាំចេញ​បាន​ចំនួន ១៥០ ​តោន ស្មើនឹង ៧,៥០ ​ភាគរយ​នៃ​ផែនការ​ចំនួន ២ ០០០ ​តោន និង​ថយចុះ​ចំនួន ៨៤ ​តោន​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ ២០២០៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២