ផលិតផលខ្មែរអាចនឹងត្រូវបានដាក់លក់លើ App Lazada របស់ Alibaba

ផលិតផលខ្មែរអាចនឹងត្រូវបានដាក់លក់លើ App Lazada របស់ Alibaba

 

ភ្នំពេញៈ កម្ពុជា​គ្រោង​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​ក្រុមហ៊ុន Alibaba Group ដើម្បី​នាំយក​ផលិតផល​ខ្មែរ​ទៅ​ដាក់លក់​នៅ​ទីផ្សារ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប អាហ្វ្រិក និង​អាស៊ី តាមរយៈ App Lazada ដើម្បី​បង្កើន​ការនាំចេញ​ផលិតផល​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​។

គម្រោង​កិច្ចសហប្រតិបត្តិការ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​តាមរយៈ Video Conference ស្តីអំពី​ «​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន Alibaba Group ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​» រវាង​លោក យឹម ឆៃលី ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ជាមួយ​តំណាង​ក្រុមហ៊ុន Alibaba Group កាលពី​ថ្ងៃទី​ ២៨ ខែមករា ឆ្នាំ​ ២០២២​។

លោក Song Juntao អគ្គលេខាធិការ eWTP នៃ​ក្រុមហ៊ុន Alibaba ប្រទេស​ចិន បាន​លើកឡើងថា វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ពិភពលោក ហៅ​កាត់ eWTP គឺជា​វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​សាធារណៈ និង​ឯកជន ដែលមាន​សណ្ឋាន​ជា​ពហុភាគី ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម​តាមរយៈ​ប្រព័ន្ធ Online​។

លោក​បាន​បន្ថែមថា eWTP ដែល​ត្រូវបាន​បង្កើត និង​ចាប់ដំណើរការ​ពី​ឆ្នាំ ​២០១៦ គឺជាបុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Alibaba Group ហើយ​ទទួលបាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស G20 ក្នុង​ឆ្នាំ​ ២០១៦ លើសពីនេះ eWTP ត្រូវបាន​ទទួលស្គាល់​ដោយ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ដែលមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ Alibaba​។

eWTP នឹងធ្វើការ​ជាមួយ​ដៃគូ​ក្នុងស្រុក និង​បរទេស​ដើម្បី​បង្កើត​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ចំនួន​ ៤ ​រួមមាន​ប្រតិបត្តិការ​សកល ការដឹកជញ្ជូន ហិរញ្ញវត្ថុ​ទូទាត់ និង​បណ្តាញ​វេទិកា​សេវាសាធារណៈ ស្វែងយល់​ពី​ច្បាប់​ថ្មី​នៃ​ពាណិជ្ជកម្ម​ឌីជីថល​តាមរយៈ​ការអនុវត្ត​អាជីវកម្ម និង​លើក​កម្ពស់​ពាណិជ្ជកម្ម​តាម​បច្ចេកវិទ្យា​ឌីជីថល និង​កិច្ចសហប្រតិបត្តិការ​រួម​បញ្ចូល​ការអភិវឌ្ឍ​បៃតង និង​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព និង​ចីរភាព​។ នេះ​បើតាម​លោក Song Juntao​។

លោក​ថ្លែងថា​៖ «​នាពេល​បច្ចុប្បន្ន eWTP បាន​អនុវត្ត​ក្នុងប្រទេស​ចំនួន ៦ នៅក្នុង​ទ្វីបអាស៊ី អឺរ៉ុប និង​អាហ្វ្រិក​។ ដោយ​នៅក្នុង​ទ្វីបអាស៊ី​មាន​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃ​។ ចក្ខុវិស័យ​របស់ eWTP គឺ​ជួយ​ប្រទេស​ដៃគូ​នៅក្នុង​ការពង្រីក​ការនាំចេញ​តាមរយៈ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ព្រំដែន ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការអភិរក្ស​បរិស្ថាន​»​។

លោក​បញ្ជាក់ទៀតថា ក្រៅពី​ទីផ្សារ​ប្រទេស​ចិន​គេហទំព័រ Alibaba.com ក៏បាន​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ដោយបាន​នាំចេញ​ទៅជាង ២០០ ​ប្រទេស​ជុំវិញ​ពិភពលោក តាមរយៈ​អនឡាញ ហើយ​ក្រុមហ៊ុន​ជិត ១ ​ពាន់​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ថៃ​ក៏​ជា​សមាជិក​របស់ Alibaba នេះ​ផងដែរ​។ លើសពីនេះ​ទៀត​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន Alibaba ក៏មាន​គេហទំព័រ Lazada ដែលជា​វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឈានមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍ ហើយ​កំពុង​បម្រើ​អតិថិជន ៦៥០ ​លាន​នាក់​ក្នុង ៦ ​ប្រទេស​រួមមាន ថៃ​ (Lazada.co.th) ឥណ្ឌូនេស៊ី​ (Lazada.co.id), វៀតណាម​ (Lazada.vn), សិង្ហបុរី​ (Lazada.sg), ម៉ាឡេស៊ី (Lazada.com.my), និង​ហ្វីលីពីន​ (Lazada.com.ph)​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ: នៅ ស៊ីវុត្ថា

ព័ត៌មាន: ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២