ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដកំពុងជួយលើកស្ទួយការលក់ផលិតផលរបស់ SME

ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដកំពុងជួយលើកស្ទួយការលក់ផលិតផលរបស់ SME

 

ក្រុមហ៊ុន​​​ចំនួន ១៣៥ បាន​ចុះឈ្មោះ​នៅ​ផ្សារ​ពាណិជ្ជកម្ម​ខេ​ម​បូ​ឌា​ត្រេ​ដ (CambodiaTrade)​ ដែលជា​វេទិកា​ទីផ្សារ​អន​ឡាញបាន​តាំង​បង្ហាញ​ផលិតផល​ជាង ១ ២០០ ​មុខដាក់លក់​ទូទាំង​ពិភពលោក​ចាប់តាំងពី​កម្មវិធី​នេះ​បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ខែ​មីនា​។

​លោកស្រី តឹក រ៉េត​កំ​រ៉ង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ទិន្នន័យ​នេះ​ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃទី​ ៩ សីហាថា ក្រសួង​ស្វាគមន៍​ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក (SME) ​ទាំងអស់​ឱ្យ​ចុះឈ្មោះ​នៅ​ផ្សារ​ពាណិជ្ជកម្ម​ខេ​ម​បូ​ឌា​ត្រេ​ដ ដើម្បី​ដាក់​ផលិតផល​អន​ឡាញ ដើម្បី​លក់​ទៅកាន់​ទីផ្សារ​ពិភពលោក​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​យើង​សូម​កោតសរសើរ​ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ចូលរួម​ជាមួយ​ផ្សារ​ពាណិជ្ជកម្ម​ខេ​ម​បូ​ឌា​ត្រេ​ដ​ ជាពិសេស​អ្នក​ដែលមាន​ទីតាំង​នៅតាម​បណ្តា​ខេត្ត​»​។ លោកស្រី​បាន​លើកទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ឱ្យ​លើកកម្ពស់​ផ្សារ​ពាណិជ្ជកម្ម​ខេ​ម​បូ​ឌា​ត្រេ​ដ​ឱ្យ​កាន់តែ​ទូលំទូលាយ​ទាំង​ក្នុង ​និង​ក្រៅប្រទេស​។​

​លោក​លើកឡើងថា​៖ «​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងអស់ ដែល​កំពុង​តាំង​បង្ហាញ​ផលិតផល​នៅលើ​គេហទំព័រ Cambodiatrade.com បានរៀបចំ​យ៉ាង​ល្អ​ សម្រាប់​ការបញ្ជាទិញ និង​ការទូទាត់​តាម​អេឡិចត្រូនិក ខណៈពេលដែល​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការដឹកជញ្ជូន​ទាំង​ក្នុងនិង​ក្រៅប្រទេស​ក្នុង​ទម្រង់រវាង​អាជីវកម្ម​ និង​អាជីវកម្ម (B2B) ឬ​ទីផ្សារ​អាជីវកម្ម​នឹង​អតិថិជន ​(B2C)»​។​

​ក្រសួងពាណិជ្ជកម្ម​កាល​ពីថ្ងៃ​ទី ៣១ ​ខែមីនា​បានដាក់​ឱ្យ​ដំណើរការ​ផ្សារ​ពាណិជ្ជកម្ម​ខេ​ម​បូ​ឌា​ត្រេ​ដ​ជា​វេទិកា​អន​ឡាញ​មួយ ​ដែលមាន​ដំណោះស្រាយ​ទីផ្សារ​រួមបញ្ចូល​គ្នា​ចាត់ទុកជា​ធាតុ​ផ្សំ​សំខាន់​នៃ​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិចត្រូនិក ​(Go4eCAM)​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មបានឱ្យដឹង​ក្នុង​ពិធី​សម្ពោធផ្សារ​ពាណិជ្ជកម្ម​ខេ​ម​បូ​ឌា​ត្រេ​ដ​ថា​វា​នឹង​ក្លាយជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​មួយ​ សម្រាប់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចក៏ដូចជា​ការលក់​ផលិតផល​កម្ពុជា​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ដែល​លោក​បាន​បញ្ជាក់ថាវា​ស្របតាម​ចក្ខុវិស័យ​រយៈពេល​វែង​របស់​រដ្ឋាភិបាល​ក្នុង​ការទាញយក​ប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ (4IR)។​

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២​