ពាណិជ្ជកម្មកម្ពុជា-កាណាដា មានតម្លៃជាង $៨០៤ លាន កើនជិត ២៣%

ពាណិជ្ជកម្មកម្ពុជា-កាណាដា មានតម្លៃជាង $៨០៤ លាន កើនជិត ២៣%

 

ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​កាណាដា ក្នុង​រយៈពេល ៨ ​ខែ​ដើមឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ប្រមាណ ៨០៤ ​លាន​ដុល្លារ កើនឡើង​ជាង ១/៥ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ក្នុង​នោះ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព​ជិត ៧៥៦ ​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្ម​ទំនិញ​ជាមួយ​ប្រទេស​សំខាន់ៗ​ចាប់ពី​ខែមករា ដល់​ខែសីហា​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ឱ្យដឹងថា រយៈពេល ៨ ​ខែ​ឆ្នាំ​ ២០២២ ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ​មាន​ទឹកប្រាក់​សរុប ៨០៤,៤ ​លាន​ដុល្លារ កើនឡើង ២២,៦​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​មាន ៦៥៦,០៧​ លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាណាដា ៧៨០,១៩ ​លាន​ដុល្លារ កើន ២៤​ ភាគរយ និង​ទំនិញ​នាំ​ពី​កាណាដា ២៤,២២ ​លាន​ដុល្លារ ធ្លាក់ចុះ ១០,៤​ ភាគរយ​។

យោងតាម​ស្ថិតិ​ខាងលើ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា រយៈពេល​ ៨ ​ខែ ឆ្នាំ​ ២០២២ មាន​ឧត្តមភាព ៧៥៥,៩៧ ​លាន​ដុល្លារ​។ រយៈពេល​ ៨​ ខែ ឆ្នាំ​ ២០២២ កាណាដា គឺជា​ទីផ្សារ​ធំ​ទី៥ ដែល​ទិញ​ទំនិញ​ពី​កម្ពុជា បន្ទាប់ពី​អាមេរិក វៀតណាម ចិន និង​ប្រទេស​ជប៉ុន​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣ ខែតុលា​ថា កាណាដា គឺជា​ទីផ្សារ​ទទួល​ទិញ​ទំនិញ​ធំ​ពី​កម្ពុជា​ដោយ​ទឹកប្រាក់​ដែល​កម្ពុជា​នាំទៅ​កាណាដា​បាន​កើន​ជា​រៀងរាល់ឆ្នាំ​។ កំណើន​នេះ គឺ​ដោយសារ​កត្តា​មួយចំនួន​ដូចជា ភាពល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​ការទូត​, ការផ្តល់​ភាពអនុគ្រោះ​ផ្នែក​ពន្ធគយ​ (GSP) ​របស់​កាណាដា​ សម្រាប់​ទំនិញ​កម្ពុជា​, កម្ពុជា​មាន​ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​នៅ​ទីនោះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​តាម​អ្វី​ដែលមាន​ដូច​លើកឡើង​ខាងលើ ខ្ញុំ​គិតថា ទឹកប្រាក់​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​កាណាដា នឹង​មាន​កំណើន​ជា​បន្តទៀត​»​។

លោក​បន្តទៀត​ថា តាមរយៈ​ផែនការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​កាណាដា​នឹង​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​កម្ពុជា​នា​ខែវិច្ឆិកា​ខាងមុខ លោក​រំពឹងថា នឹង​មាន​ការពិភាក្សា​មួយចំនួន​ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​កម្ពុជា​-​កាណាដា​ផងដែរ​។

យោងតាម​លោក លឹម ហេង ទំនិញ​កម្ពុជា​នាំ​ទៅ​ទីផ្សារ​កាណាដា​ភាគច្រើន​ជា សម្លៀកបំពាក់ ផលិតផល​ធ្វើដំណើរ ស្បែកជើង កង់ គ្រឿង​បង្គុំ​អគ្គិសនី​អេឡិចត្រូនិក និង​ផលិតផល​កសិកម្ម ចំណែក​ទំនិញ​នាំ​ពី​កាណាដា មាន​ដូចជា រថយន្ត គ្រឿងសំណង់ និង​គ្រឿង​បរិក្ខារ​ប្រើ​បច្ចេកវិទ្យា​ទំនើបៗ​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ហ៊ឹន ពិសី

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍​

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២​