ពាណិជ្ជកម្មកម្ពុជា-ចិន មានទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ កើន ៣៧%

ពាណិជ្ជកម្មកម្ពុជា-ចិន មានទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ កើន ៣៧%

 

ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន ក្នុង​ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​ជាង ១១,១ ​ពាន់​លាន​ដុល្លារ កើនឡើង ៣៧,២៨ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ទិន្នន័យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​ ២០២១ ទំហំ​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​មាន​ប្រមាណ ១,៥១ ​ពាន់​លាន​ដុល្លារ កើនឡើង ៣៩ ​ភាគរយ ខណៈ​ការនាំ​ទំនិញ​ពី​ប្រទេស​ចិន​មក​កម្ពុជា​មាន​ទឹកប្រាក់ ៩,៦៣ ​ពាន់​លាន​ដុល្លារ កើនឡើង ៣៧ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ចំណងមិត្តភាព​ដ៏រឹងមាំ​របស់​កម្ពុជា​ជាមួយនឹង​ប្រទេស​ចិន​បាន​ជួយ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ច្រើន ជាពិសេស​នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ប្រទេស​ចិន​។

លោក​បន្តថា ចំពោះ​ទំហំ​ទឹកប្រាក់​ដែល​កម្ពុជា​នាំចូល​ពី​ចិន​មានតម្លៃ​ប្រមាណ ៩,៦៣ ​ពាន់​លាន​ដុល្លារ ច្រើនជាង​ការនាំចេញ​របស់​កម្ពុជា គឺ​ដោយសារ​តែ​កម្ពុជា​នាំចូល​មក​ភាគច្រើន​ជា​សម្ភារ និង​វត្ថុធាតុដើម​សម្រាប់​បម្រើ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​សម្ភារ​អេឡិចត្រូនិក ព្រម​ទាំង​គ្រឿងអគ្គិសនី​ជាដើម​។ ការនាំចូល​ផលិតផល​ទាំងអស់នេះ ព្រោះតែ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​ត្រូវយក​ទំនិញ​ទាំងអស់​នោះមក​ចូលរួម​ក្នុង​ចង្វាក់​ផលិតកម្ម​ផលិត​ដើម្បី​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។

លោក​បញ្ជាក់ថា​៖ «​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹងមាន​កំណើន​បន្ថែម​ទៀត ដោយសារ​តែ​យើង​ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTA) ជាមួយគ្នា​ផង គួបផ្សំ​នឹង​ច្បាប់​វិនិយោគ​ថ្មី ដែល​ផ្តល់​ការអនុគ្រោះ​ច្រើន​ផង​។ យើង​រំពឹងថា ទាំង​ការនាំចេញ និង​នាំចូល​នឹង​បន្ត​កើនឡើង​បន្ថែមទៀត​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ: ហំ ផានិត

ព័ត៌មាន: ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២