ពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី ឆ្នាំ ២០២១ មានទឹកប្រាក់ជាង $៥០០ លាន

ពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី ឆ្នាំ ២០២១ មានទឹកប្រាក់ជាង $៥០០ លាន

 

ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​ម៉ាឡេស៊ី នៅក្នុង​ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​ជាង ៥០០ ​លាន​ដុល្លារ កើនឡើង ១៣,១៤ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

បើតាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​រយៈពេល ១២ ​ខែ ឆ្នាំ​ ២០២១ ការនាំ​ចេញពី​កម្ពុជា​ទៅ​ម៉ាឡេស៊ី សម្រេច​បាន​ជាង ១០១ ​លាន​ដុល្លារ​កើនឡើង ២,៦២ ​ភាគរយ និង​ការនាំ​ទំនិញ​ពី​ម៉ាឡេស៊ី​មក​កម្ពុជា​មានតម្លៃ​ជាង ៣៩៩​ លាន​ដុល្លារ កើន​ ១៦,១៦ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ នៅ​ឆ្នាំ​ ២០២០ កម្ពុជា នាំ​ចេញទៅ​ម៉ាឡេស៊ី​មាន​តម្លៃ​ជាង ៩៨ ​លាន​ដុល្លារ និង​នាំចូល​មកវិញ​មានតម្លៃ ៣៤៣ ​លាន​ដុល្លារ​។

បន្ថែម​ពីលើ​នេះ​របាយការណ៍​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​ឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ​ ២០២១ ម៉ាឡេស៊ី​បាន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ទឹកប្រាក់​ជាង ​៣,១៥​ ពាន់​លាន​ដុល្លារ​។

នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា-​ម៉ាឡេស៊ី​ឆ្នាំ​ ២០២២ កាលពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ​លោក សុខ ចិន្តាសោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឱ្យដឹងថា នេះ​ជាការ​ចាំបាច់​ណាស់​ដែល​កម្ពុជា​ត្រូវតែ​កែលម្អ​បរិស្ថាន​វិនិយោគ​របស់ខ្លួន​សំដៅ​ទាក់ទាញ​ការវិនិយោគ​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​នៃ​វិបត្តិ​កូវីដ​ ១៩ ​ដែល​ទាមទារ​ឱ្យ​កម្ពុជា​ប្រកាន់យក​នូវ​អភិក្រម​បុរេសកម្ម​ជាង​មុន​ក្នុងការ​ជំរុញ និង​ទាក់ទាញ​វិនិយោគ​ប្រកប​ដោយ​គុណភាព និង​ចីរភាព​។

លោក​ថ្លែងថា​៖ «​ច្បាប់​វិនិយោគ​នេះ​ត្រូវបាន​តាក់តែងឡើង​ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​នៃ​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​បដិវត្តន៍​ឧស្សាហកម្ម​ ៤.០ បរិវត្តកម្ម​ឌីជីថល និង​ការ​រអាក់រអួល​នៃ​ខ្សែចង្វាក់​តម្លៃ​សកល​បណ្តាលមកពី​ការរាតត្បាត​កូវីដ​ ១៩ សំដៅ​ច្បាម​យក​កាលានុវត្តភាព​ជា​អតិបរមា​ពី​និម្មាបនកម្ម សេដ្ឋកិច្ច​ក្នុង​តំបន់​ដែល​កំពុង​វិវត្តន៍​យ៉ាង​រហ័ស​»​។

លោក​មាន​សុទិដ្ឋិនិយម​ថា តាមរយៈ​វេទិកា​នេះ វិនិយោគិន​ម៉ាឡេស៊ី​នឹង​យល់​កាន់តែច្បាស់ និង​ស៊ីជម្រៅ​បន្ថែមទៀត​ពី​ច្បាប់​នេះ និង​សម្រេចចិត្ត​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។

លោក​ លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​ថា កម្ពុជា និង​ម៉ាឡេស៊ី​ក្នុងនាម​ជា​ប្រទេស​សមាជិក​អាស៊ាន​ដូចគ្នា គឺមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ល្អប្រសើរ ខណៈ​ដែល​ការវិនិយោគ​របស់​វិនិយោគិន​ម៉ាឡេស៊ី​នៅ​កម្ពុជា ក៏មាន​ច្រើន​គួរសម​ដែរ​។ លោក​បន្ថែមថា នៅក្នុង​បរិបទ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ម៉ាឡេស៊ី ជា​ដៃគូ​ដ៏ល្អ​របស់​កម្ពុជា ដូចនេះ​ការផ្សព្វផ្សាយ​ច្បាប់​វិនិយោគ​ថ្មី​ដល់​ប្រទេស​នេះ អាច​ជួយ​ជំរុញ​កំណើន​ការវិនិយោគ​ពី​ម៉ាឡេស៊ី​បន្ថែមទៀត​ស្របពេល​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា​កាន់តែ​ល្អប្រសើរ​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញ ប៉ុសិ៍្ត

កាលបរិច្ចេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២