ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី ក្នុងឆមាសទី១ កើនឡើង ៤២ ភាគរយ

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី ក្នុងឆមាសទី១ កើនឡើង ៤២ ភាគរយ

 

ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ម៉ាឡេស៊ី ក្នុង​ឆមាស​ទី១ ឆ្នាំ ​២០២២ មាន​ទឹកប្រាក់​សរុប​ជាង ៣២៥ ​លាន​ដុល្លារ កើនឡើង ៤២​ ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែល​ក្នុងនោះ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ម៉ាឡេស៊ី មាន​ទឹកប្រាក់​ត្រឹម​ជាង ៥១​ លាន​ដុល្លារ​ប៉ុណ្ណោះ​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ចាប់ពី​ខែមករា​-​មិថុនា ឆ្នាំ ​២០២២ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប ៣២៥,៦ ​លាន​ដុល្លារ កើនឡើង ៤២ ​ភាគរយ​បើ​ធៀប​នឹង​ឆមាស​ទី ​១ ឆ្នាំ​ ២០២១ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ម៉ាឡេស៊ី មាន​ទឹកប្រាក់ ៥១,៦៥ ​លាន​ដុល្លារ កើនឡើង ៦,៧​ ភាគរយ និង​ការនាំ​ទំនិញ​ពី​ម៉ាឡេស៊ី​មក​កម្ពុជា មាន​ទឹកប្រាក់ ២៧៣,៩៥​ លាន​ដុល្លារ កើនឡើង ៥១,៥ ​ភាគរយ​។​

​លោកស្រី កែវ មុំ អគ្គនាយិកា​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់សីលា និង​ជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ៣ ខែសីហា​ថា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ទាំង​លក្ខណៈ​ទ្វេភាគី និង​តំបន់ ​(​អាស៊ាន​)​ បានធ្វើឱ្យ​ទំហំ​ទឹកប្រាក់​នៃ​ការផ្លាស់ប្តូរ​ទំនិញ​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​គ្រាន់តែ​ការនាំចេញ​របស់​កម្ពុជា​នៅមាន​ចំនួន​តិចតួច​បើ​ធៀប​នឹង​ការ​នាំចូល​ទំនិញ​ពី​ម៉ាឡេស៊ី​មកវិញ​។ លោកស្រី​បន្តថា សម្រាប់​ផលិតផល​ដែល​កម្ពុជា​កំពុង​នាំទៅ​ទីផ្សារ​ម៉ាឡេស៊ី គឺមាន​ភាគច្រើន​ជា​ផលិតផល​ដែលមាន​ម្ចាស់​ជា​វិនិយោគិន​បរទេស​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​បើទោះបីជា​បច្ចុប្បន្ន​កម្ពុ​ជា​កំពុង​ពង្រីក​បាន​នូវ​សក្តានុពល​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាន់តែច្រើន​ក៏ដោយ ក៏​បរិមាណ​ការនាំ​ចេញទៅ​ប្រទេស​ម៉ាឡេស៊ី​នៅមានកម្រិត​តិចតួច​ប៉ុណ្ណោះ​»​។​

​លោកស្រី​ប្រាប់ទៀតថា ជាមួយនឹង​ភាព​រីកចម្រើន​នៃ​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន លោកស្រី​រំពឹងថា ចំនួន​ទឹកប្រាក់​នៃ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ម៉ាឡេស៊ី នឹងមាន​ចំនួន​កាន់តែច្រើន ខណៈ​ចំនួន​អ្នកវិនិយោគ​ម៉ាឡេស៊ី​នៅ​កម្ពុជា​ក៏មាន​ចំនួន​កាន់តែច្រើន​ដែរ​។​

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ៖ ហ៊ិន ពិសី

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២​