ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីនៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២២ រវាងកម្ពុជា-ជប៉ុនមានទឹកប្រាក់សរុបជាង ១,៣ ពាន់លានដុល្លារ កើនជិត ១៧ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយក្នុងនោះជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ២៤៦ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា-សីហា ឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុប ១ ៣៣២,២៦ លានដុល្លារ កើន ១៦,៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមាន ១ ១៤០,០៩ លានដុល្លារ។ ក្នុងនោះកម្ពុជានាំទៅជប៉ុន ៧៨៩,១៧ លានដុល្លារ កើន ១០,៧ ភាគរយ និងការនាំទំនិញពីជប៉ុនមកកម្ពុជាមានទឹកប្រាក់ ៥៤៣,០៩ លានដុល្លារ កើនឡើង ២៧,២ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ឱ្យដឹងថា ផលិតផលកម្ពុជា និងជប៉ុនមានតម្រូវការគ្នាទៅវិញទៅមក ដោយទំនិញដែលកម្ពុជានាំទៅជប៉ុនភាគច្រើនជាផលិតផលវាយនភណ្ឌ កសិផល និងគ្រឿងបង្គុំអគ្គិសនី។ ចំណែកជប៉ុននាំមកកម្ពុជារួមមាន រថយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិក និងគ្រឿងចក្រក្នុងវិស័យកសិកម្ម ជាដើម។
លោកបន្តថា៖ «តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងថ្នាក់ដឹកនាំរដ្ឋាភិបាល និងអ្នកវិនិយោគប្រទេសទាំង ២ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ និងបន្តកើនខ្ពស់ថែមទៀត»។
កាលពីចុងសប្តាហ៍មុនក្នុងជំនួបជាមួយនឹងលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនជាច្រើនទៀត លោក សុខ ចិន្តាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ជប៉ុន កើតមានជាយូរហើយ ដោយប្រទេសទាំង ២ មានទំនាក់ទំនងល្អទាំងផ្នែកនយោបាយ និងពាណិជ្ជកម្ម។
ក្នុងឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា ជប៉ុន មានទឹកប្រាក់សរុប ១ ៧៣៤,១៤ លានដុល្លារ កើន ១,២ ភាគរយ ធៀបឆ្នាំ ២០២០ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅជប៉ុន មានទឹកប្រាក់ ១ ០៩៣,៦២ លានដុល្លារ កើន ៣ ភាគរយ និងនាំចូលមានទឹកប្រាក់ ៦៤០,៥១ លានដុល្លារ ធ្លាក់ចុះ ១,៦ ភាគរយ។ នេះបើតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ហ៊ឹន ពិសី
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។