មេយប៊ែង ចាប់ដៃគូសហប្រតិបត្តិការជាមួយ CGCC

មេយប៊ែង ចាប់ដៃគូសហប្រតិបត្តិការជាមួយ CGCC

 

ភ្នំពេញៈ ធនាគារ​ មេយប៊ែង ខេមបូឌា បានប្រកាស​ជា​ផ្លូវការ​អំពី​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ជាមួយ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) ក្នុង​ការជួយ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ក្នុង​គោលបំណង​ជួយ​ឱ្យ​ពួកគេ​អាច​បន្ត​ទទួលបាន​នូវ​គុណប្រយោជន៍​យូរអង្វែង​តាមរយៈកម្មវិធី «​កសាង​សមត្ថភាព​» សម្រាប់​សហគ្រាស​ខា្នត​តូច និង​មធ្យម​។

ការប្រកាស​នេះ ត្រូវបាន​ធ្វើឡើង​បន្ថែម​លើ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ដ្រ​លើ​គម្រោង​ធានា​ឥណទាន​ ដើម្បី​ស្តារ​អាជីវកម្ម​ (BRGS) នៅ​វេទិកា​ធុរកិច្ច​ស្ដីពី «​ការលើកស្ទួយ​ការរីកចម្រើន​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា​»​។

នាយក​ប្រតិបត្តិ​ធនាគារ មេយប៊ែង ខេមបូឌា លោក Dato’ Hanif Saudi បាន​និយាយថា កិច្ចសហប្រតិបត្តិការ​នេះ គឺជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បន្ត​របស់ខ្លួន​ដើម្បី​ធានាថា សហគ្រាស​ធុន​តូច និង​មធ្យម​អាច​ប្រើប្រាស់​ឱកាស​ក្នុង​បរិយាកាស​អាជីវកម្ម​ដែល​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស ដោយ​ផ្តល់ជូន​នូវ​ឧបករណ៍​ត្រឹមត្រូវ ដែល​នឹង​ជួយ​ឱ្យ​ពួកគេ​រីកចម្រើន​ក្នុង​ «​ប្រក្រតីភាព​ថ្មី​»​។

លោក​និយាយថា​៖ «​ការបើក​អាជីវកម្ម​គឺ​កាន់តែ​មាន​បញ្ហា​នៅក្នុង​អំឡុងពេល​ដ៏លំបាក​នេះ​។ យើង​យល់​ពី​ការប្រឈមមុខ​ដ៏លំបាក​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ហើយ​វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​គាំទ្រ​នៅក្នុង​អំឡុង​ពេលនេះ ដោយ​ផ្តល់នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែលជា​តម្រូវការ​ក្នុង​ការទ្រទ្រង់​អាជីវកម្ម​របស់​ពួកគេ​នៅ​ទីនោះ ព្រមទាំង​រួមចំណែក​ក្នុង​ការពង្រឹង​សេដ្ឋកិច្ច​របស់​ប្រទេស​»​។

គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម​ (BRGS) ​របស់ CGCC មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយ​នឹង​គម្រោង​ធានា​ឥណទាន​ដែល​ដើរតួ​ជា​វត្ថុបញ្ចាំ ដើម្បី​កាត់បន្ថយ​តម្រូវការ​ទ្រព្យសម្បត្តិ​នៃ​វត្ថុ​បញ្ចាំ​ដល់​អ្នកខ្ចី​សហគ្រាស​ធុន​តូច និង​មធ្យម​។

លោក Wong Keet Loong អគ្គនាយក CGCC បាន​លើកឡើងថា គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម (BRGS) នឹង​ជួយ​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុងការ​បង្កើន​លទ្ធភាព​ទទួលបាន​ប្រាក់កម្ចី​ផ្លូវការ​សម្រាប់​ទាំង​ដើមទុន​បង្វិល និង​ការវិនិយោគ ឬ​ការពង្រីក​អាជីវកម្ម ដើម្បី​ជួយ​ដល់​ការរស់រាន​មាន​ជីវិត និង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។

បន្ថែម​ពីលើ​នេះ ធនាគារ​មេយប៊ែង និង CGCC ក៏មាន​បំណង​អភិវឌ្ឍន៍​ទីផ្សារ SME តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព និង​កម្មវិធី​ផ្សព្វផ្សាយ​សហគមន៍​តាមរយៈ​កម្មវិធី Building Capacity & Capacity (BCC) ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ផងដែរ​។

លោក រ័ត្ន សោភ័ណ្ឌ អគ្គនាយករង និង​ជា​ប្រធាន​ផ្នែក​សេវា​ហិរញ្ញវត្ថុ​សហគមន៍​នៃ​ធនាគារ​ មេយប៊ែង បាន​និយាយថា កម្មវិធី​កសាង​សមត្ថភាព និង​សមត្ថភាព​ (BCC) សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម មាន​គោលបំណង​ផ្តល់នូវ​ឧបករណ៍​ជំនួយ​អាជីវកម្ម និង​ការប្រឹក្សា​បច្ចេកទេស​ពាក់ព័ន្ធ ដោយ​ផ្អែកលើ​ការអនុវត្ត​ល្អ​បំផុត​ជា​អន្តរជាតិ ដើម្បី​គាំទ្រ​ទៅដល់​កំណើន SME ផលិតភាព និង​ការច្នៃប្រឌិត ដែលជា​ការលើកកម្ពស់ ការប្រកួត​ប្រជែង និង​ផលិតភាព​របស់​សហគ្រាស​ធុន​តូច និង​មធ្យម រួមទាំង​ការយល់ដឹង​អំពី BRGS៕

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ: ហំ ផានិត

ព័ត៏មាន: ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ២៩ វិច្ឆិកា​ ២០២១