រដ្ឋបាលគយចិន បើកភ្លើងបៃតងសម្រាប់ការនាំចេញត្រីប្រាក្នុងពេលឆាប់ៗ

រដ្ឋបាលគយចិន បើកភ្លើងបៃតងសម្រាប់ការនាំចេញត្រីប្រាក្នុងពេលឆាប់ៗ

 

ភ្នំពេញៈ អគ្គរដ្ឋបាល​គយ​ចិន​បាន​ទុកពេល​ឱ្យ​កម្ពុជា ៣ ​សប្តាហ៍​ដើម្បី​កែលម្អ​ចំណុច​ខ្វះខាត​ដែល​ភាគី​ចិន​បាន​តម្រូវ​ជាមុនសិន មុននឹង​ឈានដល់​ការចុះ​ពិធីសារ​ជា​ផ្លូវការ ដើម្បី​អាច​នាំ​ត្រីប្រា​ទៅកាន់​ប្រទេស​ចិន​។

បន្ទាប់ពី​កិច្ចប្រជុំ​ពីថ្ងៃ​ទី​ ២០-២៨ ខែមករា ឆ្នាំ​ ២០២២ រវាង​ក្រុមការងារ​រដ្ឋបាល​ជលផល​កម្ពុជា និង​អគ្គរដ្ឋបាល​គយ​ចិន តាមរយៈ​ប្រព័ន្ធ​អនឡាញ​បាន​បញ្ចប់ទៅ​មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​ជលផល​អះអាងថា ចិន​បើកភ្លើង​បៃតង​ឱ្យ​កម្ពុជា​ហើយ​ដើម្បី​នាំចេញ​ត្រីប្រា​ទៅ​ទីផ្សារ​ចិន ប៉ុន្តែ​ក៏មាន​លក្ខខណ្ឌ​មួយចំនួន​ដែល​ចិន​បាន​ស្នើឱ្យ​កែតម្រូវ​។

លោក ថាយ សុមុនី ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម​នៃ​រដ្ឋបាល​ជលផល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីថ្ងៃ​ទី​ ៣១ ខែមករា​ថា ភាគី​ចិន​បានឱ្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ចំនួន ៣ ​ទីតាំង​ (​នៅ​ខេត្តកណ្តាល កំពង់ធំ និង​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ​) និង​កន្លែង​កែច្នៃ​ត្រី​ ១ ​កន្លែង​ (​នៅ​ខណ្ឌ​សែនសុខ​) កែ​ចំណុច​ខ្វះខាត​មួយចំនួន​តូច និង​ត្រូវ​រៀបចំ​ធ្វើ​របាយការណ៍​ឱ្យបាន​មុន​ថ្ងៃ​ ២៥ ខែកុម្ភៈ ឆ្នាំ​ ២០២២​។

លោក​បន្ថែមថា ពេលនេះ​ខាង​រដ្ឋបាល​ជលផល​កំពុង​មមាញឹក​ក្នុងការ​រៀបចំ​ឯកសារ និង​បើក​កិច្ចប្រជុំ​ជាមួយ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រីប្រា​ទាំង​ ៣ និង​កន្លែង​កែច្នៃ​ត្រី​ ១ ​កន្លែង​ធ្វើ​យ៉ាងណា​បំពេញ​ចំណុច​ខ្វះខាត​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ផ្ញើ​ទៅ​អគ្គរដ្ឋបាលគយ​ចិន​ទៅតាម​ពេលវេលា​កំណត់​។

លោក​បញ្ជាក់ថា​៖ «​នៅពេលដែល​កសិដ្ឋាន​ទាំង​ ៣ និង​រោងចក្រ​កែច្នៃ កែតម្រូវ​តាម​លក្ខខណ្ឌ​ដែល​ចិន​ចង់បាន​ហើយ បន្ទាប់មកទៀត​នឹងមាន​ការចុះ​ពិធីសារ​ផ្លូវការ​រវាង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​អគ្គរដ្ឋបាល​គយ​ចិន ដើម្បី​អាច​នាំចេញ​ត្រីប្រា​ទៅ​ចិន​បាន​។ ក្រោយមក​នឹងមាន​ការចរចារ​វាង​ក្រុមហ៊ុន​កែច្នៃ​ដែល​ចង់​នាំ​ចេញទៅ​ចិន​ពី​បញ្ហា​តម្លៃ និង​តម្រូវការ​»​។

លោក​បន្តថា មិន​ត្រឹមតែ​កសិដ្ឋាន​ចំនួន​ ៣ និង​រោងចក្រ​កែច្នៃ​ត្រីប្រា​ ១ ទេ​ដែល​អាចមាន​សិទ្ធិ​នាំចេញ​ត្រីប្រា​ទៅ​ប្រទេស​ចិន​បាន ចំពោះ​កសិដ្ឋាន​ ឬ​រោងចក្រ​កែច្នៃ​ផ្សេងទៀត​ដែល​អនុវត្ត​តាម​ស្តង់ដា​វារីវប្បកម្ម​របស់​អគ្គរដ្ឋបាល​គយ​ចិន និង​ចុះបញ្ជី​នៅ​រដ្ឋបាល​ជលផល​នោះ​នឹង​អាច​នាំចេញ​បានជា​បន្តបន្ទាប់​ទៀត​។

លោក វ៉ិត ធារិទ្ធិ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី ៧ ​មករា ដែលមាន​ទីតាំងនៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល ដែលជា​កសិដ្ឋាន​ ១ ​ក្នុងចំណោម​កសិដ្ឋាន​ទាំង​ ៣ ដែល​អគ្គរដ្ឋបាល​គយ​ចិន​បាន​ត្រួតពិនិត្យ​ដែរនោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្ទាប់ពី​អគ្គ​រដ្ឋបាល​គយ​ចិន​យល់ព្រម​ឱ្យ​នាំចេញ​ត្រីប្រា​ទៅ​ចិន ដោយ​គ្រាន់តែ​កែលម្អ​ចំណុច​តិចតួច​នោះ គឺជា​ក្តីសង្ឃឹម​ដែល​លោក​ក៏ដូចជា​វារីវប្បករ​ដទៃទៀត​ទន្ទឹងរង់ចាំ​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយៈ ហំ ផានិត

ព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២