រដ្ឋាភិបាលនៅបន្តការអនុវត្តគម្រោងធានាឥណទាន ដើម្បីជួយដល់ MSME

រដ្ឋាភិបាលនៅបន្តការអនុវត្តគម្រោងធានាឥណទាន ដើម្បីជួយដល់ MSME

 

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​បន្ត​ដាក់ឱ្យ​ដំណើរការ​គម្រោង​ធានា​ឥណទាន ដើម្បី​ស្ដារ​អាជីវកម្ម (BRGS)​​ របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) នៃ​កញ្ចប់​ប្រាក់​ធានា​កម្ចី​ចំនួន ​២០០​ ដុល្លារ ដើម្បី​គាំទ្រ​អាជីវកម្ម ទាំង​អាជីវកម្ម​ខ្នាត​មីក្រូ សហគ្រាស​ខ្នាតតូច និង​មធ្យម (MSMEs) និង​សហគ្រាស​ខ្នាត​ធំ ក្នុងការ​បង្កើន​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម (PFIs) សម្រាប់​ធ្វើជា​ទុន​បង្វិល​, ការវិនិយោគ​, និង​ការពង្រីក​អាជីវកម្ម​។​

​យោងតាម​ការប្រកាស​ពី CGCC ការប្រកាស​បន្ត​ដាក់ឱ្យ​ដំណើរការ ​«​គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម (Business Recovery Guarantee Scheme, BRGS)» ចាប់ពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២៣ តទៅ រហូតដល់​គម្រោង​នេះ​ត្រូវបាន​ប្រើប្រាស់​អស់​។ «CGCC បានទទួល​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​បន្ត​ដាក់ឱ្យ​ដំណើរការ​គម្រោង BRGS នេះ ដោយ​កែសម្រួល​លក្ខខណ្ឌ​មួយចំនួន ឱ្យមាន​ភាព​ប្រសើរឡើង​ដូចជា សុពល​ភាព​នៃ​គម្រោង​, ការកំណត់​និយមន័យ​នៃ​អាជីវកម្ម​ខ្នាត​មីក្រូ សហគ្រាស​ខ្នាតតូច និង​មធ្យម និង​សហគ្រាស​ខ្នាត​ធំ​, និង​ការកំណត់​ទំហំ​ជា​អតិបរមា​សម្រាប់​កម្ចី​នីមួយៗ​។ CGCC ទន្ទឹងរង់ចាំ​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​គាំទ្រ​ដល់​ការ​-​រីកចម្រើន​នៃ​អាជីវកម្ម​ជាមួយ BRGS»​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​។​

​លោក តូច ចៅ​ចេក នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ប្រៃសណីយ៍​​កម្ពុជា ភីអិលស៊ី ដែលជា​ PFI​ ស្វាគមន៍​ចំពោះ​ការបន្ត​គម្រោង​នេះ ដោយសារ​វា​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់​លទ្ធ​ភាព​កាន់តែច្រើន​ដល់​សហ​គ្រាស​ធុន​តូច និង​មធ្យម​អាច​ទទួលបាន​ប្រាក់កម្ចី​កាន់តែ ច្រើន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​បាន​ចូលរួម​ក្នុង​គម្រោង​នេះ​។​

​លោក​បាន​ថ្លែង​បន្តទៀតថា​៖ «​គម្រោង​នេះ​កំពុង​ជួយ​យ៉ាង ច្រើន​សម្រាប់​សហគ្រាស​ធុន​​តូច និង​មធ្យម ដែល​កំពុង​ប្រឈម​នឹង​ការខ្វះខាត​មូលនិធិ និង​មិនមាន​ទ្រព្យ​បញ្ចាំ​គ្រប់គ្រាន់ ដោយ​ប្រើ​គម្រោង​នេះ​ដើម្បី​ទទួលបាន​កម្ចី​សម្រាប់​ការ​រស់​រាន ឬ​ការពង្រីក​អាជីវកម្ម​»​

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣