រដ្ឋាភិបាលផ្តល់មូលនិធិចំនួន ១០០ លានដុល្លារបន្ថែម សម្រាប់ SME Bank និង ARDB

រដ្ឋាភិបាលផ្តល់មូលនិធិចំនួន ១០០ លានដុល្លារបន្ថែម សម្រាប់ SME Bank និង ARDB

 

ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានសម្រេច​បន្ថែម​មូលនិធិ​ចំនួន ១០០ ​លាន​ដុល្លារ​ទៅ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ​(SME Bank) និង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) ដើម្បី​ផ្តល់​ការគាំទ្រ​បន្ថែម​ដល់​វិស័យ​សហគ្រាស ធុន​តូច និង​មធ្យម​កម្ពុជា វិស័យ​កសិកម្ម និង​វិស័យ​កសិឧស្សាហកម្ម​។

ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី​ការបន្ថែម​មូលនិធិ​សម្រាប់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម កាលពី​ថ្ងៃទី ​១៤ ខែកុម្ភៈ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កញ្ចប់​មូលនិធិ ១០០ ​លាន​ដុល្លារ​នេះ គឺ​សម្រាប់​ការគាំទ្រ​ដល់ ការស្តារ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​បាន​បន្តថា កញ្ចប់​ថវិកា​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការជំរុញ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយនឹង​ជំងឺ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ​ ២០២១ និង​ឆ្នាំ​ ២០២៣ ដែល​រាជរដ្ឋាភិបាល​ទើបបាន​អនុម័ត និង​ដាក់ឱ្យអនុវត្ត​នាពេល​ថ្មីៗ​កន្លងទៅនេះ​។

លោក​បន្តថា នៅក្នុង​រយៈពេល​ ២ ​ឆ្នាំកន្លងមក​នេះ​ដូច​ទៅនឹង​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់ និង​ពិភពលោក​ដែរ ប្រទេស​កម្ពុជា​បានទទួល​រង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩ ដែល​បានធ្វើឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​សុខភាព​សាធារណៈ​មាន​ភាពយឺតយ៉ាវ​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​ ២០២០ កន្លងទៅ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​អវិជ្ជមាន​ក្នុង​អត្រា ​-៣,១ ​ភាគរយ ដែល​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​វិស័យ​សំខាន់ៗ​ដូចជា​ទេសចរណ៍ សំណង់ អចលនទ្រព្យ ខណៈ​វិស័យ​កសិកម្ម​នៅ​រក្សាបាន​កំណើន​វិជ្ជមាន​។

បើតាម​លោក អូន ព័ន្ធមុនីរ័ត្ន ទន្ទឹមគ្នានេះ​សហគ្រាស​ឯកជន ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​វិស័យ​សេវាកម្ម​ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ខ្លាំង​ផងដែរ​។ យ៉ាងណាមិញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ ត្រូវបាន​ប៉ាន់​ស្មានថា ងើប​ឡើងវិញ​បន្តិច ពោល​គឺអាច​សម្រេចបាន​ក្នុង​រង្វង់ ៣ ​ភាគរយ ដោយសារ​ការបើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ចសង្គម​ទាំងស្រុង​ឡើងវិញ​ចាប់ពី​ត្រីមាស​ទី​ ៤ នា​ឆ្នាំ ​២០២១ ភាពប្រសើរឡើង​សេដ្ឋកិច្ច​សកល ព្រមទាំង​កិច្ចអន្តរាគមន៍​នានា​របស់​រដ្ឋាភិបាល​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ នៅ ស៊ីវុត្ថា

ព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២