រដ្ឋាភិបាលមានគម្រោងទម្លាក់ថវិកាបន្ថែមចំនួន ១០០ លានដុល្លារដល់ធនាគារ SME នៅឆ្នាំ ២០២៣

រដ្ឋាភិបាលមានគម្រោងទម្លាក់ថវិកាបន្ថែមចំនួន ១០០ លានដុល្លារដល់ធនាគារ SME នៅឆ្នាំ ២០២៣

 

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​នឹង​បញ្ចេញ​ទុន​បន្ថែម​ប្រមាណ ១០០​ ​លាន​ដុល្លារ​អាមេរិក​ទៅដល់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម ​(SME) ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការផ្តល់​កម្ចី​របស់ខ្លួន​ទៅដល់​វិស័យ SMEs នៅក្នុង​ស្រុក​ឱ្យ​កាន់តែ​ទូលំទូលាយ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​វិស័យនេះ​អាចមាន​លទ្ធភាព​ពង្រឹង និង​ពង្រីក​ខ្លួន​កាន់តែ​រឹងមាំ​ក្នុងន័យ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ក្រោយ​វិបត្តិ​កូ​វីដ​១៩​។​

​លោក ផាន់ ផល្លា រដ្ឋលេខា​​ធិ​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិ​​រញ្ញ​វត្ថុ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី ​«​ផ្សព្វផ្សាយ ជា​សាធារណៈ​អំពី​សមិទ្ធផល​នៃ​ការអនុវត្ត​គម្រោង​សហ​ហិរញ្ញ​ប្ប​ទាន​ទ្រទ្រង់​សហគ្រាស​ធុន​​តូច និង​មធ្យម កាលពី​ថ្ងៃទី​ ៥ ខែធ្នូ ថា នៅ​ឆ្នាំ​ ២០២៣ ខាង​មុខ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​បញ្ចេញ​ថវិកា​ប្រមាណ ១០០ លាន​ដុល្លារ​បន្ថែម​ដើម្បី​ផ្តល់ជូន​ដល់​ធនាគារ SME សម្រាប់​ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​​តូច និង​មធ្យម ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដើម្បីឱ្យ​ពួកគេ​មាន​ទុន​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់ និង​ពង្រីក​អាជីវកម្ម​។​

​លោក​បញ្ជាក់ថា ប្រសិនបើ​សេដ្ឋកិច្ច​នៅ​ជួប​ការលំបាក ប្រ​​សិន​បើ​មាន​តម្រូវការ​អន្ត​រាគ​មន៍​បន្ថែម​ពី​រាជរដ្ឋាភិបាល​ដើម្បី​ទ្រទ្រង់​សកម្មភាព​សេដ្ឋ​កិច្ច និង​សកម្មភាព​ធុរកិច្ច​របស់​សហគ្រាស​ធុន​តូច និង​មធ្យម នោះ ធនាគារ SME នឹង​ដាក់ឱ្យអនុវត្ត​នូវ​គម្រោង​សហ​ហិរញ្ញ​ប្ប​ទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​ ៣ (SCFS III)​បន្តទៀត បន្ទាប់ពី​ជំហាន​ទី​ ២ បានបញ្ចប់​កាលពី​ខែកញ្ញា ឆ្នាំ​ ២០២២ ដើម្បី​ជួយ​សហ​គ្រាស​ធុន​តូច និង​មធ្យម​ឱ្យមាន​លទ្ធភាព​ពង្រឹង​អាជីវកម្ម​ឡើងវិញ ក្រោយ​វិបត្តិ​កូ​វីដ​ ១៩​។​

​លោក​ថ្លែងថា​៖ «​ក្នុងករណី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​បន្ត​ជួប​ការលំបាក រាជរដ្ឋាភិបាល​នឹង​បន្ត​ពិនិត្យ​លទ្ធភាព​ដើម្បី​បង្កើត​គម្រោង​សហ​ហិរញ្ញប្បទាន​ថ្មី​។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​បន្តទៀត​នេះ ក៏​យើង​មាននូវ​កម្មវិធី​ផ្តល់​ជា​កម្ចី​ដោយផ្ទាល់​ពី​ធនាគារ SME ដោយ​មិនបាច់​ឆ្លង​តាមរយៈ​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​នៅក្នុង​វិស័យ​អាទិភាព ដូចជា​កម្ម​​វិធី​ពាក់ព័ន្ធ​ជាមួយ​សហគ្រិន​ស្ត្រី និង​វិស័យ​អាទិភាព​ដូចជា វិស័យ​ក​សិ​ឧស្សាហកម្ម ការកែ​​ច្នៃ​ជាដើម ក្នុង​អត្រា​ការប្រាក់​ល្អប្រសើរ​សម្រាប់​ពួកគាត់ និង​មាន​កម្មវិធី​មួយទៀត​សម្រាប់​អាជីវកម្ម Start up»​។​

​លោក​បន្ថែមថា​៖ «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រឹះស្ថាន​ហិរញ្ញ​​វត្ថុ​ឯកជន​ទាំងអស់ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​នឹង​បន្ត​ចូលរួម​គាំទ្រ​គោលនយោបាយ​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់តែ​សកម្ម​បន្ថែមទៀត​»​។​

​លោក លឹម អូន អគ្គនាយក​ធនាគារ SME បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​កាលពី​ថ្ងៃទី​ ៦ ខែធ្នូ​ថា ជាមួយ​ការទទួលបាន​ទុន​បន្ថែម​នេះ នឹង​បើក​លទ្ធភាព​ដល់​ខ្លួន​នៅក្នុង​ការពង្រីក​វិសាលភាព​គ្រប​ដណ្តប់​នៃ​ការផ្តល់​កម្ចី​ទៅកាន់​វិស័យ​នានា​បន្ថែម​សំដៅ​ធ្វើឱ្យ​ម្ចាស់ SMEs មានលទ្ធភាព​ពង្រឹង និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ឱ្យ​កាន់តែ​រឹងមាំ​។​

​លោក​ប្រាប់ថា​៖ «​ជាការ​ពិត​យើង​នឹង​ប្រើប្រាស់​នូវ​មូលនិធិ​បន្ថែម​ដែល​យើង​នឹង​ទទួល​បាន​ដើម្បី​ផ្តល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ប៉ុន្តែ​យើង​នឹង​ផ្តោតជាសំខាន់​លើ​វិស័យ​ក​សិ​ឧស្សាហកម្ម និង​សហគ្រិន​ស្ត្រី​ផងដែរ​»​។​

​យោងតាម​លោក លឹម អូន ធនាគារ SME បាន​បញ្ចេញ​ឥណទាន​ប្រមាណ ៤១៨​ លាន​ដុល្លារ​ដល់ SMEs ជាង ៣ ១៨៥ សហគ្រាស​ក្នុង​ការបន្ត​និរន្តរ​​ភាព​បើក​អាជីវកម្ម​ឡើងវិញ និង​ពង្រីក​អាជីវកម្ម​៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២