រយៈពេលជាង ៤ ខែ ក្រុមហ៊ុន ៣ ៧៨៩ បានទទួលជោគជ័យលើការចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា

រយៈពេលជាង ៤ ខែ ក្រុមហ៊ុន ៣ ៧៨៩ បានទទួលជោគជ័យលើការចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា

 

ភ្នំពេញៈ ក្រុមហ៊ុន​អាជីវកម្ម​ចំនួន ៣ ៧៨៩ បាន​ចុះបញ្ជី​ដោយ​ជោគជ័យ​តាមរយៈ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន «Single Portal»​ក្នុង​រយៈពេល​ជាង ​៤ ​ខែ​កន្លងមក ដែល​ធ្វើឱ្យ​ចំនួន​ក្រុមហ៊ុន​ទទួល​ជោគជ័យ​ក្នុង​ការចុះបញ្ជី​តាម Single Portal កើន​ដល់ ១៨ ៤៦៥ ​។ នេះ​បើតាម​សេវាកម្ម Online Business Registration Service​។

ដើម្បី​សម្រួល​ដល់​ការចុះបញ្ជី​អាជីវកម្ម រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​ ២០២០ បាន​ដាក់​ឱ្យ​ដំណើរការ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​ហៅថា «Single Portal» ដោយ​ដាក់​បញ្ចូល​ក្រសួង​-​ស្ថាប័នរដ្ឋ ៦ គឺ​ក្រសួង​មហាផ្ទៃ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​ពាណិជ្ជកម្ម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ បន្ទាប់ពី​ដំណើរការ​បាន ៣ ​ខែ នៅ​ថ្ងៃទី​ ១ ខែកញ្ញា ឆ្នាំ​ ២០២០ រដ្ឋាភិបាល​ក៏បាន​បញ្ចូល​ក្រសួង​-​ស្ថាប័ន មួយ​ចំនួន​បន្ថែមទៀត រួមមាន ក្រសួង-​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ក្រសួង​ទេសចរណ៍​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, និង​និយតករ​អាជីវកម្ម​អចលនទ្រព្យ និង​បញ្ចាំ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។

បើ​យោងតាម Online Business Registration Service គិត​ត្រឹម​ល្ងាច​ថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ​ ២០២២ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ដោយ​ជោគជ័យ​តាម​ប្រព័ន្ធ Single Portal មាន​ចំនួន​សរុប ១៨ ៤៦៥ ខណៈ​គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២២ ដែលជា​ថ្ងៃ​ខួប ២ ​ឆ្នាំ​នៃ​ការឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប្រព័ន្ធ Single Portal គឺមាន​ក្រុមហ៊ុន​ចុះបញ្ជី​ដោយ​ជោគជ័យ ១៤ ៦៧៦ ​។

បើតាម Online Business Registration Service ក្រៅពី​ក្រុមហ៊ុន​ដែល​ទទួល​ជោគជ័យ​ក្នុង​ការចុះបញ្ជី​ខាងលើ​ក៏មាន​ក្រុមហ៊ុន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ត្រួតពិនិត្យ​ (Under Re-view) ​ចំនួន ១ ៦៩៨, ក្រុមហ៊ុន​ដែល​បានស្នើ​នាមករណ៍​បម្រុង​ទុក​ដោយ​ជោគជ័យ ចំនួន ១២ ០៧៣ និង​កំពុង​ត្រួតពិនិត្យ​មាន​ចំនួន ៣៥៥ ​។ ចំនួន​ថ្ងៃជា​មធ្យម​ដើម្បី​ចុះបញ្ជី​ក្រុមហ៊ុន គឺ​រយៈពេល ៨ ​ថ្ងៃ​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១៨ ខែតុលា​ថា ការចុះបញ្ជី​តាម​ប្រព័ន្ធ​អនឡាញ ដោយ​មាន​ការតភ្ជាប់​ទិន្នន័យ​ទៅនឹង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ក្នុងពេល​តែ​ ១ គឺ​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ទាំង​សម្រាប់​រដ្ឋាភិបាល​ (​ការគ្រប់គ្រង​ប្រមូល​ពន្ធ​) និង​ម្ចាស់​អាជីវកម្ម​នៅពេល​ជួប​បញ្ហា​ប្រឈម​នានា​។

លោក​ពន្យល់​ថា តាមរយៈ​ការចុះបញ្ជី​នេះ​នឹង​ជួយ​ឱ្យ​រដ្ឋាភិបាល​មាន​ភាពងាយស្រួល​ក្នុង​ការរៀបចំ​គោលនយោបាយ​ជួយ​ដល់ SME (​សហគ្រាស​ធុន​តូច និង​មធ្យម​) ​ដើម្បី​ទទួល​បាន​ការបណ្តុះបណ្តាល​ជំនាញ ការលើក​ទឹកចិត្ត ឬ​ការលើកលែង​ពន្ធ​ជាដើម​។ ចំណែក​ម្ចាស់​អាជីវកម្ម ក្រៅពី​ទទួល​បាន​ភាពស្របច្បាប់ អាជីវកម្ម​របស់​ពួកគេ​ក៏​អាច​មាន​បញ្ជីចំណូល​ចំណាយ​ច្បាស់លាស់ ដែល​បង្ក​ភាពងាយស្រួល​ដល់​ពួកគេ​នៅពេល​ត្រូវការ​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ដើម្បី​យក​ទៅ​ទ្រទ្រង់ ឬ​ពង្រីក​អាជីវកម្ម​។

លោក​បញ្ជាក់​ថា​៖ «​សម្រាប់​កំណើន​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​រហូតដល់​ជិត ៤ ​ពាន់​ក្នុង​រយៈពេល​ប្រមាណ​ ៤ ​ខែ​មកនេះ គឺ​ដោយសារ​កន្លងមក​រដ្ឋាភិបាល​បានដាក់​ឱសានវាទ​ចំពោះ​អ្នក​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​ឱ្យមក​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ហ៊ឹន​ ពិសី

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២