រាជរដ្ឋាភិបាលគ្រោងនឹងបោះទុនរាប់រយលានដុល្លារ ដើម្បីប្រមូលទិញកសិផល ចៀសវាងការបន្ទាបតម្លៃពីឈ្មួញ

រាជរដ្ឋាភិបាលគ្រោងនឹងបោះទុនរាប់រយលានដុល្លារ ដើម្បីប្រមូលទិញកសិផល ចៀសវាងការបន្ទាបតម្លៃពីឈ្មួញ

 

លោក ហ៊ុន សែន នាយក​រដ្ឋ​ម​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស កាលពីពេល​ថ្មីៗ​នេះ បាន​លើកឡើងថា រាជរដ្ឋាភិបាល​មាន​គោលការណ៍​បោះទុន​រាប់រយ​លាន​ដុល្លារ ដើម្បី​ប្រមូល​ទិញ​កសិផល របស់​ប្រជាកសិករ ចៀសវាង​ការ​បន្ទាប​ថ្លៃ​ឈ្មួញកណ្តាល ឬក៏​ឈ្មួញ​ដែល​ប្រមូល​ទិញ​កសិផល​ពី​កសិករ​។​

នៅក្នុង​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​លទ្ធផល​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស កាលពី​ថ្ងៃទី​ ២៩ ខែមករា ឆ្នាំ​ ២០២៣​ កន្លងទៅ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ថ្លែង​ប្រាប់ឱ្យដឹង​ដែរ​ថា នៅក្នុង​សន្និបាត​នេះ មានការ​ណែនាំ​ដល់​ក្រសួង​ជំនាញ ដើម្បី​ត្រៀមលក្ខណៈ​ពី​ឥឡូវ​ទៅ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការអនុវត្ត​គោលការណ៍​សំខាន់ៗ​ទាក់ទង​នឹង​វិស័យ​កសិកម្ម​នេះ នៅក្នុង​អាណត្តិ​ទី​៧ ​ខាងមុខនេះ​។​

លោក​បាន​បន្ថែមថា បច្ចុប្បន្ននេះ កម្ពុជា​កំពុងមាន​បញ្ហា​ចោទ​ទាក់ទង​នឹង​វិស័យ​កសិកម្ម​នេះ ទី​១ បច្ចេកទេស​ក្នុង​ផលិតកម្ម​, ទី​២ បញ្ហា​ទីផ្សារ​, ទី​៣ ត្រូវ​គិតគូរ​ពី​ការបង្កើត​សមាគម​កសិករ​។​

លោក សុខ ឥសាន បាន​ថ្លែង​បញ្ជាក់​ដូច្នេះ​ថា​៖« ឥឡូវនេះ​សន្និបាត​ដាក់ចេញ​នូវ​គោលការណ៍​ជួយ​គាំពារ ដោយ​មហាសន្និបាត​បាន​លើកឡើង​នោះ​គឺ​លើក​ទិសដៅ ដើម្បី​ដាក់​ប្រភព​ទុន​រាប់រយ​លាន​ដុល្លារ ដើម្បី​ទទួល​នូវ​កសិផល​មួយចំនួន ដើម្បី​គាំពារ​កុំឱ្យ​តម្លៃ​កសិផល​នេះ ត្រូវបាន​ឈ្មួញកណ្តាល​បន្ទាប​ថ្លៃ​ទៅតាម​ចិត្ត ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កសិករ​យើង​។ ដូចនេះ​យើង​ត្រៀម​បម្រុង​ហិរញ្ញប្បទាន សម្រាប់​ធានា​ទិញ​កសិផល​របស់​បងប្អូន និង​បង្កើត​សមាគម​កសិកម្ម ដើម្បី​ឱ្យមាន​កម្លាំង​ធៀប​ជាមួយ​ឈ្មួញ​»​។​

តាមរយៈ​បណ្តាញ​សង្គម លោក យ៉ង ​សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មាន​ចំណាប់អារម្មណ៍​ថា កម្មវិធី​នយោបាយ​សំខាន់​ចំនួន​ ៥+១ ដែល​លើកឡើង​ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស ជា​កម្មវិធី​នយោបាយ​ល្អ​ដែល​ផ្តោតលើ​វិស័យ​សង្គមកិច្ច​ដោយ​បញ្ចូល​បន្ថែម​ការគាំទ្រ​ដល់​ប្រជាពលរដ្ឋនៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ការបណ្តុះបណ្តាល​វិជ្ជាជីវ​:​ដល់​យុវជន និង​លើកស្ទួយ​វិស័យ​កសិកម្ម​ជាពិសេស​ការរៀបចំ​ឱ្យមាន​អ្នកជំនាញ​កសិកម្ម​នៅ​គ្រប់​ឃុំ ​និង​ទុន​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​តម្លៃ​និង​ទីផ្សារ​កសិផល​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា ​មហាសន្និបាត​ដំណើរការ​ទៅ​ប្រកបដោយ​បរិយាកាស​ល្អប្រសើរ​និង​ទទួលបាន​លទ្ធផល លើស​ការរំពឹងទុក ជាពិសេស​ការសម្រេច​លើ​គោលនយោបាយ​កសិកម្ម​។​ការរៀបចំ​ឱ្យមាន​អ្នកជំនាញ​កសិកម្ម​គ្រប់​ឃុំ ការគាំទ្រ​ដល់​សមាគម​កសិករ​ដើម្បី​ចូលរួម​ទីផ្សារ​ និង​មានអំណាច​ចរចា​តម្លៃ និង​ការរៀបចំ​ឲ្យ​មាន​ទុន​សម្រាប់​ទិញ​កសិផល​នឹងចូលរួម​ចំណែក​លើកស្ទួយ​ផលិតកម្ម​កសិកម្ម ប្រាក់ចំណូល​កសិករ សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ទាំងមូល​»។

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ទីនេះ

រៀបរៀងដោយ៖ វណ្ណ សុជាតា

ប្រភព៖​ ភ្នំពេញប៉ុស្តិ៍

ថ្ងៃបោះពុម្ពផ្សាយ៖ ៣១​​ មករា​ ២០២៣