រោងចក្រដែលបានចុះបញ្ជីកើនឡើងដល់ជិត ១៦ ០០០ គិតត្រឹមខែកក្កដា

រោងចក្រដែលបានចុះបញ្ជីកើនឡើងដល់ជិត ១៦ ០០០ គិតត្រឹមខែកក្កដា

 

ចំនួនរោងចក្រ និងសហគ្រាសដែលបានចុះបញ្ជីបានកើនឡើង ១៦.៨ ភាគរយដល់ ១៥.៨៥៩ គិតត្រឹមខែកក្កដាឆ្នាំនេះ ដោយផ្តល់ការងារដល់កម្មករចំនួន ១.៥៤ លាននាក់។

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញផ្សាយកាលពីថ្ងៃពុធថា រោងចក្រកាត់ដេរបានកើនឡើងដល់ ១,២៩១រោងចក្រក រហូតដល់ខែកក្កដា ដែលជាការកើនឡើង ៥.៩ ភាគរយ។

ប្រភពដដែលបានបន្តថា ចំនួនរោងចក្រដែលមិនមែនជារោងចក្រកាត់ដេរ បានកើនឡើងដល់ ១៤.៥៦៨ រោងចក្រ ឬស្មើ ១៧.៩ ភាគរយ ដោយបន្ថែមថា រោងចក្រទាំងអស់ ទាំងកាត់ដេរ និងមិនមែនកាត់ដេរ បានបង្កើតការងារសរុបចំនួន ១,៥៤ លានកន្លែង កើនឡើង ៧,៥ ភាគរយ។

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃថា កំណើននៃចំនួនរោងចក្រ និងការបង្កើតការងារ បានមកដោយការបើកដំណើរសកម្មភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសឡើងវិញ ដោយសារអត្រាចាក់វ៉ាក់សាំងខ្ពស់នៃជំងឺកូវីដ-១៩។

លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកនេះថា “ការបើករោងចក្រថ្មីបានបង្កើតការងារ និងរួមចំណែកធ្វើឱ្យស្ថានភាពការងារមានស្ថិរភាព។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេររបស់កម្ពុជាមានទំហំទឹកប្រាក់៦.៦ ពាន់លានដុល្លារអាមេរិកក្នុងអំឡុងខែមករាដល់ខែមិថុនាឆ្នាំនេះ កើនឡើង ៤០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ គឺរកចំណូលពីបរទេសបានច្រើនជាងគេសម្រាប់កម្ពុជា៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ Chea Vannak – AKP

ព័ត៌មាន៖ ខ្មែរ​ ថាមស៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២​