រោងចក្រដំឡើងរថយន្តដំបូងគេរបស់អាមេរិក បានបង្ហាញវត្តមាននៅកម្ពុជា

រោងចក្រដំឡើងរថយន្តដំបូងគេរបស់អាមេរិក បានបង្ហាញវត្តមាននៅកម្ពុជា

 

ពោធិ៍សាត់ៈ រោងចក្រ​ដំឡើង​រថយន្ត​របស់​ក្រុមហ៊ុន Ford Mortor ដែល​ជា​រោងចក្រ​ដំបូង​​គេ​នៅ​កម្ពុជា ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ដើម្បី​ឆ្លើយ​តបទៅ​នឹង​ការ​កើន​ឡើង​នៃ​តម្រូវការ​រថយន្ត​ថ្មី​នៅ​កម្ពុជា​។ ការណ៍​នេះ​បាន​ប្រែ​ក្លាយ​​កម្ពុជា​ពី​ប្រទេស​នាំចូល​ទៅ​ជា​ប្រទេស​ដំឡើង​រថយន្ត​ទំនើប​ដោយ​ខ្លួន​ឯង ហើយ​វា​ក៏​នឹង​ជួយ​ទាក់ទាញ​ការ​វិនិយោគ​ពី​វិស័យ​ពាក់ព័ន្ធ​ដទៃ​ទៀត​ ដើម្បី​ផ្គត់ផ្គង់​រោងចក្រ​នេះ​នាពេល​ដ៏​ខ្លី​ខាង​មុខ។

អគ្គនាយក​ក្រុមហ៊ុន RMA Cambodia លោក ងន សាំង បាន​ថ្លែង​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ Ford Motor Company កាល​ពី​ថ្ងៃទី​ ១៦ ខែ​មិថុនា​ថា រោងចក្រ​នេះ​ត្រូវ​បាន​សាងសង់​នៅ​លើ​ផ្ទៃដី​ជាង ៥​ ហិកតា ស្ថិត​ក្នុង​ភូមិ​សារវ័ន ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ជាមួយ​នឹង​ទុន​វិនិយោគ​ចំនួន​ ២១ លាន​ដុល្លារ​ ដែល​អាច​បង្កើត​ការងារ​ជំនាញ​បាន​ជាង ៥០០ ​កន្លែង និង​មាន​​សមត្ថភាព​អាច​ដំឡើង​រថយន្ត​បាន​ចំនួន​ប្រមាណ ៩ ០០០ គ្រឿង​ ក្នុង​ ១​ ឆ្នាំ។

លោក​ថ្លែង​ថា​៖ «​តាមរយៈ​កំណើន​សេដ្ឋកិច្ច និង​កម្រិត GDP របស់​ប្រជាជន​កម្ពុជា​កើន​ខ្ពស់​ជា​បន្ត​បន្ទាប់ ដែល​​​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ងាក​មក​ប្រើ​​រថយន្ត​ថ្មី​មាន​ការ​កើន​ឡើង​ជា​លំដាប់​។ ការ​ប្រើប្រាស់​រថយន្ត​ថ្មី​ម៉ាក​ FORD មាន​កំណើន​កាន់​តែ​ច្រើន និង​បាន​ក្លាយ​ជា​ជម្រើស​ឈាន​មុខ​គេ​របស់​អតិថិជន​នៅ​កម្ពុជា​។ ក្រុមហ៊ុន​បាន​សម្រេច​ចិត្ត​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​ FORD​ ដោយ​​​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ផ្គុំ និង​ដំឡើង​រថយន្ត​ពី​ក្រុមហ៊ុន​ម្ចាស់​ដើម Ford Motor Company»។

លោកប​ន្ត​ថា ​រោងចក្រ​នេះ​នឹង​ដំឡើង Ford Ranger ជំនាន់​ថ្មី និង Ford Everest។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុសិ៍្ត

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២​