រោងចក្រផលិតសម្បកកង់តម្លៃជិត $៣០០ លាន នឹងមានវត្តមានក្នុងខេត្តព្រះសីហនុ

រោងចក្រផលិតសម្បកកង់តម្លៃជិត $៣០០ លាន នឹងមានវត្តមានក្នុងខេត្តព្រះសីហនុ

 

ភ្នំពេញៈ ក្រុមហ៊ុន General Intelligence (Cambodia) របស់​ចិន​បាន​បោះទុន​វិនិយោគ​ចំនួន ២៩៧ ​លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​ផលិត​សម្បក​កង់​យានយន្ត​គ្រប់​ប្រភេទ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​នៃ​ខេត្ត​ព្រះសីហនុ​។

គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចុះបញ្ជី​ឱ្យ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd កាលពី​ថ្ងៃទី​ ២៥ ខែមករា ដោយមាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។ គម្រោង​នេះ​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម និង​អាជ្ញាធរខេត្ត​ព្រះសីហនុ​អះអាងថា​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខេត្ត និង​សេដ្ឋកិច្ចកម្ពុជា​បន្ថែមទៀត​ក្រោយ​វិបត្តិ​កូវីដ ​១៩​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ក្រសួងពាណិជ្ជកម្ម​តែង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស​ក្នុង​ការផលិត​ទំនិញ​សម្រាប់​នាំចេញ​។ លោក​បញ្ជាក់ថា​៖ «​ក្រសួង​តែង​លើកទឹកចិត្ត​គ្រប់​ក្រុមហ៊ុន​ដែល​មក​វិនិយោគ​ដើម្បី​ផលិត​ទំនិញ​នាំចេញ​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ​»​។

លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៦ ខែមករា​ថា គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​សម្បក​កង់​យានយន្ត​នេះ គឺជា​ដំណឹង​រីករាយ​សម្រាប់​ខេត្ត​ព្រះសីហនុ ដោយ​គម្រោង​ដ៏​មាន​សក្តានុពល​មួយ​នេះ បង្ហាញ​ពី​ការទុកចិត្ត​របស់​វិស័យ​ឯកជន ចំពោះ​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​។ លោក​បន្ថែមថា នេះ​ជា​ឱកាស​មួយ​សម្រាប់​ខេត្ត​ព្រះសីហនុ​ក្នុង​ការកសាង​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ ក្នុង​នាម​ជា​ខេត្ត​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការវិនិយោគ ខណៈ​ខេត្ត​ទេសចរណ៍​តំបន់ឆ្នេរ​នេះ​កំពុង​កែប្រែ​ខ្លួន​ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពហុបំណង​។

លោក​បញ្ជាក់ថា​៖ « នាពេល​ខាងមុខ ខេត្ត​ព្រះសីហនុ​នឹងមិន​ពឹងផ្អែក​តែ​លើ​វិស័យ​សេវាកម្ម ឬ​ទេសចរណ៍​ទៀត​ទេ ប៉ុន្តែ​ខេត្ត​នេះ​ក៏​នឹង​ប្រែ​ក្លាយទៅជា​ខេត្ត​ដែល​ពឹង​ផ្អែកលើ​ការអភិវឌ្ឍ​ផ្នែក​បច្ចេក​វិទ្យា ការផលិត​ទំនិញ និង​សម្ភារ​ផ្សេងៗ​សម្រាប់​នាំចេញ​ផងដែរ​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ: ហំ ផានិត

ព័ត៌មាន: ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី២៧ ខែមករា ២០២២