លោកនាយករដ្ឋមន្ត្រី គាំទ្រឱ្យធ្វើសមាហរណកម្មតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែក្រុងព្រះសីហនុ

លោកនាយករដ្ឋមន្ត្រី គាំទ្រឱ្យធ្វើសមាហរណកម្មតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែក្រុងព្រះសីហនុ

 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា លោកគាំទ្រចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ឯកអគ្គរាជទូត​ជប៉ុន ក្នុង​ការធ្វើសមាហរណកម្ម កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជាមួយនឹង​តំបន់​សេដ្ឋកិច្ច​ពិសេស នៅជាប់​គ្នា​តែម្តង ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​មកពី​ក្រៅប្រទេស ជាពិសេស វិនិយោគិន​ជប៉ុន​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​ ១ ខែឧសភា ឆ្នាំ ២០២៣​។​

​លោក​បន្តថា រាល់​កិច្ចប្រជុំ​ជា​​មួយ​ថ្នាក់ដឹកនាំ​ប្រទេស​ជប៉ុន លោក​តែងតែ​អំពាវនាវ​ចំពោះ​ការ​​អភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នេះ​។ កម្ពុជា​-​ជប៉ុន បាន​យក​ចិត្ត​ទុកដាក់​លើ​ផ្នែក​ភ័ស្តុភា​រកម្ម និង​ព​ន្លឿ​ន​ដោយ​ធ្វើយ៉ាងណា​ឱ្យ​ទឹក​នៅ​កំពង់ផែ​នេះ​រឹតតែ​ជ្រៅ ដើម្បី​អាចឱ្យ​នាវា​ធំៗ​ចូល​ចត​នៅ​កំពង់ផែ​នេះ​បាន​ដើម្បី​កាត់​បន្ថយ​តម្លៃ នៃ​ការដឹកជញ្ជូន​។​

​លោក ​ហ៊ុន សែន ​បន្ថែមថា​៖ «​ខ្ញុំ​តែងតែ​អំពាវនាវ​ឱ្យ​ជប៉ុន​ពង្រីក​ឱ្យបាន​លឿន​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន​នូវ​ផែ​ទឹក​ជ្រៅ​។ កាលណោះ ខ្ញុំ​បាន​អំពាវនាវ​ដល់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ដែល​បានទទួល​មរណ​ភាព​ទៅហើយនោះ គួរឱ្យ​សោកស្តាយ​ណាស់​គឺ​អំពាវនាវ​ឱ្យ​ព​ន្លឿ​ន​ឱ្យធ្វើ​យ៉ាង​ម៉េច ឱ្យ​ទឹក​មាន​ជម្រៅ​កាន់តែ​ជ្រៅ​»​។

​លោក​បញ្ជាក់ថា​៖ «​ជម្រៅ​ទឹក​របស់​យើង​នេះ មានតែ​ជាង​៨​ម៉ែត្រ​ទេ ប៉ុន្តែ​ជប៉ុន​បានធ្វើឱ្យ​យើង​ដល់​ទៅ​ ៩,២ ​ម៉ែត្រ ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់ ៩,២​ ម៉ែត្រ​នេះ យើង​ទទួលបាន​ទំនិញ​ត្រឹមតែ​ ១៨​ ភាគរយ​ទេ ព្រោះ​នាវា​ធំៗ អត់​បាន​ចូល​មកដល់​ទេ​។ ពិតមែន តែ​យើង​ពង្រីក​ចំណត​កុងតឺន័រ ៣៥០ ​ម៉ែត្រ ហើយ​ចំនួន​កុងតឺន័រ ដែល​ចូលមក នឹងមាន​ចំនួន​ពី​ ៥៥០ ០០០ ដល់​ ១ ​លាន ប៉ុន្តែ​នៅតែ​ទទួល​ក្នុង​បរិមាណ ​១៨ ​ភាគរយ​ដដែល នៃ​សមត្ថភាព​ទទួល​ក្នុង​កំពង់ផែ​នេះ ដូចនេះ​យើង​នៅតែ​ខាត​ ២០០​ ដុល្លារ ក្នុង​ ១​ កុងតឺន័រ​ដដែល​»​។

សម្រាប់ពត៍មាន បន្ថែមសូមចុចលើទីនេះ។

រៀបរាងដោយ៖ វណ្ណ សុជាតា
ប្រភព៖ ភ្នំពេញបុស្តិ័
ថ្ងៃទី៖ ០១ ឧសភា ២០២៣