លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាកំពុងព្យាយាមទាក់ទាញវិនិយោគិនឱ្យចូលមកបណ្តាក់ទុនលើការកែច្នៃ ពិសេសផលិតផលកសិកម្មឱ្យកាន់តែច្រើនដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើម ប៉ុន្តែទន្ទឹមនឹងនោះកម្ពុជាក៏ត្រូវតែខិតខំអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់ខ្លួនឱ្យឆ្លើយតបនឹងទីផ្សារការងារផងដែរ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសជាង ៥ ពាន់នាក់ដែលបានបញ្ចប់ការសិក្សា នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ជ្រោយចង្វារកាលពីថ្ងៃទី ២៧ ខែកុម្ភៈ លោក ហ៊ុន សែន បានឱ្យដឹងថា កម្ពុជា គឺកំពុងខិតខំទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុនគ្រប់វិស័យ ជាពិសេសឧស្សាហកម្មកែច្នៃប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដែលមានស្រាប់ដើម្បីនាំចេញជាផលិតផលសម្រេច។ ឧស្សាហកម្មកែច្នៃក្នុងស្រុក គឺមិនត្រឹមតែជួយបង្កើតការងារដល់ប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបង្កើតតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពនាំចេញផងដែរ។
លោកថ្លែងថា៖ «បើកម្ពុជាអាចនឹងទាក់ទាញអ្នកវិនិយោគសម្រាប់វិស័យឧស្សាហកម្មកែច្នៃវត្ថុធាតុដើមក្នុងស្រុក វានឹងផ្តល់ឱកាសឱ្យកសិកររបស់យើងដាំដុះហើយមានទីផ្សារ គឺរោងចក្រនៅទីនេះ ដោះស្រាយការងារធ្វើឱ្យកូនចៅប្រជាពលរដ្ឋយើងផង ផ្តល់នូវតម្លៃបន្ថែមសម្រាប់ផលិតផលរបស់យើងផង ដែលនេះជាផ្នែកទី១ ដែលយើងចង់បាន ឯផ្នែកទី២ ដែលយើងចង់បានក្នុងគោលនយោបាយឧស្សាហកម្ម គឺទាក់ទាញឧស្សាហកម្មបច្ចេកទេសខ្ពស់ដែលសព្វថ្ងៃបានធ្វើដំណើរមកបណ្តើរៗដូចជាក្រុមហ៊ុនជប៉ុន Minebea ដែលមុននេះវិនិយោគត្រឹមជាង ៣០ លានដុល្លារ ឥឡូវក្រុមហ៊ុននេះវិនិយោគឡើងជិតដល់ ១ ០០០ លានដុល្លារហើយ»។
ទន្ទឹមនឹងនោះកម្ពុជាក៏ត្រូវខំពង្រឹងសមត្ថភាពប្រជាជនឱ្យមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនផងដែរ។ នេះបើតាមលោក ហ៊ុន សែន។
លោកបន្ថែមថា ក្នុង ១ ឆ្នាំៗកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃប្រហែល ១ លានតោនទៅក្រៅប្រទេស (វៀតណាម) ដូច្នេះបើកម្ពុជាមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីគ្រប់គ្រាន់ គឺកម្ពុជានឹងអាចក្លាយជាអ្នកផ្គត់ផ្គង់ដ៏ធំមួយក្នុងពិភពលោក។ ចំណែកផលិតផលមួយចំនួនទៀតដូចជា ស្រូវ អង្ករ និងកៅស៊ូ ក៏ការនាំចេញបានជួបបញ្ហាច្រើនដោយសារចង្វាក់ផលិតកម្មកែច្នៃឱ្យទៅជាផលិតផលសម្រេចនៅមានកម្រិតនៅឡើយ។
លោកអះអាងថា៖ «ទៅមុខបើកម្ពុជាមានលទ្ធភាព កម្ពុជាអាចក្លាយទៅជាប្រទេសចែកចាយគ្រាប់ស្វាយចន្ទី សឹងតែក្លាយជាអ្នកខ្លាំងមួយនៅក្នុងចំណោមអ្នកខ្លាំងនៃការចែកចាយ ព្រោះក្នុង ១ ឆ្នាំៗ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃ ១ លានតោន។ យើងកែច្នៃខ្លួនឯងបានតិចតួចណាស់»។
សម្រាប់អត្ថបទទាំងមូល សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ហ៊ឹន ពិសី
ប្រភព៖ ខ្មែរ ប៉ុស្ដិ៍
ថ្ងៃបោះពុម្ពផ្សាយ៖ ២៨ កុម្ភៈ ២០២៣
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។