វិនិយោគិនជប៉ុនតែងផ្ដល់ទំនុកចិត្តខ្ពស់មកលើរដ្ឋាភិបាលកម្ពុជា

វិនិយោគិនជប៉ុនតែងផ្ដល់ទំនុកចិត្តខ្ពស់មកលើរដ្ឋាភិបាលកម្ពុជា

 

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(CDC) លោក សុខ ចិន្តា​សោភា បាន​លើកឡើងថា វិនិយោគិន​ជប៉ុន​ជានិច្ចកាល​តែង​ផ្ដល់​ទំនុកចិត្ត​ខ្ពស់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​ស្នើឱ្យ​ពួកគេ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​។​

​ការលើកឡើង​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​២៥ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​ជប៉ុន ដែល​បានរៀបចំ​នៅ​ទីស្តីការ​របស់ CDC កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ ដោយមាន​ការចូលរួម​ពី​សំណាក់​ភាគី​ជប៉ុន លោក Atsushi UENO ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា ព្រមទាំង​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋាភិបាល ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ​(JICA) អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ​(JETRO) សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា ​(JBAC) និង​តំណាង​ក្រុមហ៊ុន​ជប៉ុន​ដែលមាន​ប្រតិបត្តិ​ការវិនិយោគ​នៅ​កម្ពុជា​ជាច្រើន​ទៀត​។​

ជា​កិច្ច​ចាប់ផ្តើម លោក ចិន្តា​សោភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា ដែល​កំពុង​ដើរតួនាទី​សំខាន់​ក្នុងការ​រួមចំណែក​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។ រាជរដ្ឋាភិបាល​បាន​ប្ដេជ្ញា​កែលម្អ​នីតិវិធី​រដ្ឋបាល​ទាំងឡាយ​ក្នុង​គោលបំណង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ផ្នែក​មួយ​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់ និង​ពិភពលោក​។​

លោក​ឱ្យដឹងទៀតថា រដ្ឋាភិបាល​នឹង​ខិតខំ​បន្ថែមទៀត​ក្នុងការ​ព​ន្លឿ​ន​ការ​ស្តារឡើងវិញ និង​ការពង្រឹង​ភាព​ធន់​នៃ​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា​តាមរយៈ​ការបង្កើត​បរិស្ថាន​អនុគ្រោះ​សម្រួល​ដល់​ការវិនិយោគ ព្រមទាំង​ការប្រកាស​ឱ្យប្រើ​ច្បាប់​ស្តីពី​វិនិយោគ និង​ការដាក់ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​។​

លោក​ថ្លែងថា​៖ «​វិនិយោគិន​ជប៉ុន​ជានិច្ចកាល​តែង​ផ្ដល់​ទំនុកចិត្ត​ខ្ពស់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ធានា​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច ដែលជា​បុ​រេ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការសម្រេចចិត្ត​វិនិយោគ​»​។

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

រៀបរាងដោយ​៖ ហ៊ឹន ពិសី

ប្រភព៖​ ភ្នំពេញប៉ុស្តិ៍

ថ្ងៃបោះពុម្ពផ្សាយ៖ ២២ កុម្ភៈ ២០២៣