សមាគមមីក្រូហិរញ្ញវត្ថុ ពង្រីកការផ្សព្វផ្សាយអត្ថប្រយោជន៍ដល់សហគ្រិនតាមរយៈ KE

សមាគមមីក្រូហិរញ្ញវត្ថុ ពង្រីកការផ្សព្វផ្សាយអត្ថប្រយោជន៍ដល់សហគ្រិនតាមរយៈ KE

 

ភ្នំពេញ: សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) និង​សហគ្រិន​ខ្មែរ (KE) ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ (MoU) ​ដើម្បី​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី និង​ធុរកិច្ច​ថ្មីៗ​នៅក្នុង​ប្រទេស​កម្ពុជា​។

MoU នេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង លោក ឈៀង វណ្ណមុនិណ្ឌ អគ្គនាយក​នៃ​សហគ្រិន​ខ្មែរ (KE) ​ដែលជា​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយនឹង​លោក ផល វ៉ាន់ឌី នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA) ​នៅ​ថ្ងៃទី​ ២៦ ខែវិច្ឆិកា ឆ្នាំ​ ២០២១ នៅក្នុង​អំឡុងពេល​សន្និសីទ​មីក្រូហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ ២០២១ របស់ CMA​។

លោក ឈៀង វណ្ណមុនិណ្ឌ អគ្គនាយក​នៃ​សហគ្រិន​ខ្មែរ​បាន​លើកឡើងថា ការសម្រេច​បាន​នូវ​កិច្ចសហការ​នេះ​គឺ​បង្ហាញ​ឱ្យ​ឃើញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​មួយទៀត​របស់​ស្ថាប័ន​លោក​ក្នុង​ការផ្តល់​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​កាន់តែ​មាន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ហិរញ្ញវត្ថុ​រួមមាន​ថ្លៃ​សេវា អត្រា​ការប្រាក់​នានា​។

លោក​ថ្លែងថា​៖ «​ភាពជា​ដៃគូ​រវាង​សហគ្រិន​ខ្មែរ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នេះ មាន​គោលបំណង​ផ្តល់​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ហិរញ្ញវត្ថុ​រួមមាន​ថ្លៃ​សេវា អត្រា​ការប្រាក់ ការយល់ដឹង​អំពី​ហានិភ័យ​ផ្សេងៗ និង​បរិធាន​ហិរញ្ញវត្ថុ​ផ្សេងៗ​ដែលមាន​សម្រាប់​ធុរកិច្ច​ថ្មីៗ​ព្រមទាំង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​»​។

លោក​បន្តថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ​ជាច្រើន​ក្នុង​ការបង្កើត​មូលនិធិ​បន្ថែមទៀត​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​កាតព្វកិច្ច​សម្រាប់​ស្ថាប័ន​ហិរញ្ញវត្ថុ​។ ទោះជា​យ៉ាងណា​ក៏ដោយ អ្វីដែល​សំខាន់​គឺ​វា​អាស្រ័យ​លើ​ស្ថាប័នហិរញ្ញវត្ថុ​ក្នុង​ការបន្ត​យក​អត្ថប្រយោជន៍​ទាំងនោះ​ទៅឱ្យ​សហគ្រាស និង​ធុរកិច្ច​ថ្មីៗ​ក្នុងប្រទេស​កម្ពុជា​»​។

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិ​នៃ CMA ក៏បាន​លើកឡើង​ថា សេដ្ឋកិច្ច​ដែល​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​មានន័យថា សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​ថ្មីៗ កាន់​តែមាន​តួនាទី​សំខាន់​ក្នុង​ការបង្កើត​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។ ដោយ​បាន​ចូលរួមចំណែក​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ក្នុង​ប៉ុន្មាន ទសវត្សរ៍​ថ្មីៗ​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ បាននិង​កំពុង​វិវឌ្ឍ​ពី​ការផ្តល់​សេវា​ហិរញ្ញវត្ថុ​ចំពោះតែ​ប្រជាជន​មាន​ចំណូល​ទាប​ឈានទៅដល់​ការផ្តល់ជូន​សេវា​ហិរញ្ញវត្ថុ​ស្ទើរ​គ្រប់​ប្រភេទ សម្រាប់​ប្រជាជន​ទូទៅ​។

លោក​បាន​បញ្ជាក់ថា​៖ «​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង CMA និង KE នឹង​រឹតបន្តឹង​ទំនាក់ទំនង​នៃ​វិស័យ​ទាំង ២ ដោយ​ធានាបាន​នូវ​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​អាជីវកម្ម​បង្កើត​ថ្មី​»​។

លោក ផល វ៉ាន់ឌី បន្ថែមទៀត​ថា​៖ «​ជា​ការពិត​ណាស់ វិស័យ​មីក្រូហិរញ្ញវត្ថុ បាននិងកំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​។ តួយ៉ាង CMA បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​គំនិត​ផ្តួចផ្តើម​ថ្មីៗ​នៃ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (SME Bank) ​ក៏ដូចជា​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (CGCC) ​ដែល​គំនិត​ផ្តួចផ្តើម​ទាំង​ ២ ​នេះ​មាន​គោលបំណង​ជំរុញ​សហគ្រាស​ធុន​តូច និង​មធ្យម​»​។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បានឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែតុលា CMA ​មាន​ ១១៥ ជា​សមាជិក ដែល​ក្នុងនោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ៦៦ ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ ១០ ​ជា​ក្រុមហ៊ុន​ភតិសន្យា ហិរញ្ញវត្ថុ ១២ ​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ ២៣ និង​ធនាគារ​ចំនួន​ ៤៕

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ: ម៉ៃ គុណមករា

ព័ត៏មាន: ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ៣០ វិច្ឆិកា​ ២០២១