សមាជិករបស់សហគ្រិនស្ត្រីនឹងទទួលបានការបញ្ចុះការប្រាក់ ០,២៥% ពី ធ.ស.ក

សមាជិករបស់សហគ្រិនស្ត្រីនឹងទទួលបានការបញ្ចុះការប្រាក់ ០,២៥% ពី ធ.ស.ក

 

សហគ្រិន​ស្ត្រី​ដែលជា​សមាជិក​របស់​ស​មា​គម​សហគ្រិន​ស្ត្រី​កម្ពុជា នឹងមាន​លទ្ធភាព​កាន់តែច្រើន​បន្ថែមទៀត ក្នុងការ​ទទួលបាន​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ជាង​តម្លៃ​ទីផ្សារ​ពី​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា ម​.​ក (​ធ​.​ស​.​ក​) ក្រោយពី​ស្ថាប័ន​ទាំង ២​ ​បានសម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ជាមួយគ្នា​កាលពីពេល​ថ្មីៗ​នេះ​។

​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និងធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យមកម្ពុជា កាលពី​ថ្ងៃទី​ ៩ កញ្ញា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ (MoU) មួយ​ក្នុង​​គោលបំណង​​ដើម្បី​ជួយ​គាំទ្រ​ដល់​ការរីកចម្រើន​នៃ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។

​លោកស្រី កែវ មុំ មានប្រសាសន៍ថា ការចុះ MoU នេះ​គឺមាន​គោលបំណង​សំខាន់ ​​ដើម្បី​សហប្រតិបត្តិការ​គ្នា​ដ៏​យូរអង្វែង​រវាងសមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ដើម្បី​ជួយ​គាំទ្រ​ដល់​ការរីកចម្រើន​នៃ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​សហការគ្នា​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន ឬ​បង្កើត​កញ្ចប់​ហិរញ្ញប្បទាន​ជូន​ដល់​សហគ្រិន​ស្ត្រី។​

​លោកស្រី​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​តាមរយៈ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ថ្ងៃនេះ រាល់​សមាជិក​របស់​ស​មា​គម​ដែល​ដាក់ពាក្យ​ទទួល​កម្ចី​ពី​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យមកម្ពុជា​នឹង​ទទួលបាន​ការអនុគ្រោះ​បញ្ចុះ​ការប្រាក់​ប្រមាណ ០,២៥ ភាគរយ​ធៀប​ទៅនឹង​អត្រា​ទីផ្សារ​។ ការណ៍​នេះ​គឺជា​លក្ខខណ្ឌ​ដ៏​មាន​អំណោយផល​សម្រាប់​សហគ្រិន​ជា​ស្ត្រី​របស់​យើង​មានលទ្ធភាព​បន្ថែមទៀត​ក្នុងការ​ទទួលបាន​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ដើម្បី​យកទៅ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ឱ្យ​កាន់តែ​រីកចម្រើន​និង​រឹងមាំ​បន្ថែមទៀត»​។​

​លោក លឹម អូន បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​ចុះហត្ថលេខា​នោះ​ថា តាមរយៈ​ការចុះ MoU នេះ សមាជិក​របស់​សមាគម​នឹងមាន​លទ្ធភាព​កាន់តែច្រើន​បន្ថែមទៀត ជាមួយ​លក្ខខណ្ឌ​អនុគ្រោះ​នានា​ក្នុងការ​ទទួលបាន​ឥណទាន ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​។

​លោក​បាន​មានប្រសាសន៍ថា​៖ «​ការចុះ​អនុស្សរណៈ​នេះ នឹង​ជួយ​ឱ្យសហគ្រាស​ធុន​តូច និង​មធ្យម ដែលជា​សមាជិក​របស់​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា មានលទ្ធភាព​ក្នុងការ​ទទួលបាន​ហិរញ្ញប្បទាន​ដែលមាន​លក្ខខណ្ឌ​អនុគ្រោះ ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ឱ្យ​មានដំណើរ​ការល្អ​ប្រកបដោយ​និរន្តរភាព​»​។​

​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែសីហា ឆ្នាំ​ ២០២២ សហគ្រាស​ធុន​តូច និង​មធ្យម ស្ថិតក្នុង​វិស័យ​ទេសចរណ៍​ចំនួន ១៤៨ ដែល​ទទួលបាន​ហិរញ្ញប្បទាន​ពី​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ (TRCS) ជាមួយ​ទំហំ​ហិរញ្ញប្បទាន​ចំនួន ១៩,៨៦ ​លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង ១៣,២៤% នៃ​គម្រោង​ថវិកា​សរុប ១៥០​ លាន​ដុល្លារ​អាមេរិក​។​

​ក្នុងនោះ ហិរញ្ញប្បទាន​សម្រាប់​អាជីវកម្ម​សណ្ឋាគារ​មាន ២៥% អាជីវកម្ម​ផ្ទះសំណាក់​មាន ២៣% អាជីវកម្ម​ភោជនីយដ្ឋាន​មាន ៤០% និង​អាជីវកម្ម​ផ្គត់ផ្គង់​ផលិតផល និង​សេវាកម្ម​គាំទ្រ​វិស័យ​ទេសចរណ៍​មាន ១២% ដែល​នៅ​ក្នុងនោះ​មាន​សហគ្រិន​ជា​ស្ត្រី ៤១%៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២​