សហគ្រិនខ្មែរ ចុះ MoU ជាមួយ AmCham ដើម្បីជួយដល់ SMEs

សហគ្រិនខ្មែរ ចុះ MoU ជាមួយ AmCham ដើម្បីជួយដល់ SMEs

 

ក្នុង​កិច្ចខំប្រឹងប្រែង​ដើម្បី​លើកកម្ពស់ និង​បង្កើត​ប្រព័ន្ធ​ប្រកបដោយ​និរន្តរភាព និង​ដែល​អាចធ្វើ​ការងារ​បាន​សម្រាប់​សហគ្រិន និង​សហគ្រាស​ធុនតូច និង​មធ្យម​ (SMEs) នៅ​កម្ពុជា សហគ្រិន​ខ្មែរ​ដែល​ផ្ដល់​មូលនិធិ​ដោយ​រដ្ឋាភិបាល និង​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា (AmCham Cambodia) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) មួយ​កាលពី​ចុង​សប្ដាហ៍​មុន​។

MoU នេះ​បាន​ចុះហត្ថលេខា​រវាង​លោក ឈៀង វណ្ណមុនិណ្ឌ នាយក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ​ជាមួយ​លោក Anthony Galiano ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ៣ កញ្ញា​នៅ​សណ្ឋាគារ ROSEWOOD Phnom Penh​។

MoU នេះ​នឹង​ពង្រឹង​ទំនាក់ទំនង​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ការប្តេជ្ញាចិត្ត​ទៅវិញទៅមក​ក្នុង​ការគាំទ្រ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​ឆ្ពោះ​ទៅ​រក​ភាពរស់រវើក និង​ច្នៃ​ប្រឌិត​ដែលជា​កម្លាំង​ចលករ​មួយ​ក្នុង​ការបង្កើត​តម្លៃបន្ថែម​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​។

MOU នេះ​បាន​ភ្ជាប់​មក​ជាមួយ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​រួមគ្នា​ដូចជា ការរៀបចំ​បណ្តុះបណ្តាល ការរៀបចំ​សិក្ខាសាលា ការផ្គូផ្គង​អាជីវកម្ម ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ព្រឹត្តិការណ៍​ប្រកួតប្រជែង និង​ការផ្សព្វផ្សាយ​វប្បធម៌​សហគ្រិន​រួមគ្នា​។

ស្ថិតក្រោម​ MoU នេះ សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​នឹង​ផ្តល់​ការពង្រឹង​សមត្ថភាព​ផ្តល់​ការណែនាំ និង​ការចែករំលែក​ព័ត៌មាន​ពី​អាជីវកម្ម​អាមេរិក​នៅ​ប្រទេស​កម្ពុជា​ដែល​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិ​ការរួម​គ្នា​។

លោក ឈៀង វណ្ណមុនិណ្ឌ ឱ្យដឹងថា ភាពជា​ដៃគូ​នេះ​នឹង​ផ្ដល់​ការបង្កើន​ល្បឿន​នៃ​បេសកកម្ម​សហគ្រិន​ខ្មែរ (Khmer Enterprise) ក្នុង​ការគាំទ្រ​ដល់​ប្រព័ន្ធ​អេកូ​សហគ្រិនភាព​។

លោក​ថ្លែងថា​៖ «​ជាមួយនឹង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា ដែលជា​ដៃគូ​ថ្មី​នឹង​រួមចំណែក​យ៉ាងសំខាន់​ចំពោះ​ចក្ខុវិស័យ​របស់​យើង​ក្នុង​ការក្លាយ​ជា​វេទិកា​ជាតិ​សម្រាប់ ការលើកកម្ពស់​សកម្មភាព​សហគ្រិនភាព​»​។

លោក Anthony Galiano បាន​លើកឡើងថា កិច្ចសហការ​នេះ AmChamber នឹង​ផ្ដល់​អ្នកជំនាញ និង​ធនធាន ដើម្បី​ជួយ និង​គាំទ្រ​សម្រាប់​កែលម្អ SMEs និង​ធុរកិច្ច​បង្កើត​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ទំព័រចុះផ្សាយនៅទីនេះ

 

ដោយ: ម៉ៃ​ គុណមករា

ព័ត៌មាន: ភ្នំពេញប៉ុស្ដិ៍

កាលបរិច្ជេទបោះពុម្ពផ្សាយ: ០៦ កញ្ញា ២០២១