សិង្ហបុរី បង្ហាញពីការចាប់អារម្មណ៍វិនិយោគលើឃ្លាំងស្តុកទំនិញត្រជាក់

សិង្ហបុរី បង្ហាញពីការចាប់អារម្មណ៍វិនិយោគលើឃ្លាំងស្តុកទំនិញត្រជាក់

 

ភ្នំពេញៈ សិង្ហបុរី​មានបំណង​ចង់​វិនិយោគ​ទៅលើ​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​នៅ​កម្ពុជា ខណៈ​វិស័យ​កសិកម្ម​កំពុង​ត្រូវការ​ឃ្លាំង​ត្រជាក់​ជា​ចាំបាច់ ដើម្បី​រក្សាទុក​ផលិតផល​ដោយ​សុវត្ថិភាព និង​គុណភាព​សម្រាប់​ជំរុញ​ការនាំចេញ​។

ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ថ្ងៃទី ​១៦ ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅ​វិមាន​សន្តិភាព លោក Vivian Balakrishnan រដ្ឋមន្ត្រី​ក្រសួងការបរទេស​សិង្ហបុរី និង​ក្រុម​វិនិយោគិន​សិង្ហបុរី​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុងការ​ចូលមក​បណ្តាក់​ទុន​នៅ​កម្ពុជា ជាពិសេស​ការវិនិយោគ​លើ​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់ ក៏ដូចជា​វិស័យ​ដឹកជញ្ជូន​ផងដែរ ដើម្បី​ពង្រីង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​បន្ថែមទៀត​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការចាប់អារម្មណ៍​ការវិនិយោគ​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​នៅ​កម្ពុជា​ពី​វិនិយោគិន​សិង្ហបុរី គឺជា​ចំណុច​ដ៏ល្អ ដែល​ក្រសួងកសិកម្ម​តែង​ចង់បាន ព្រោះ​នៅពេល​អនាគត ក្រសួង​ចង់បាន​ឃ្លាំង​ត្រជាក់​ដែល​អាចជួយ​សម្រួល​ដល់​ដំណើរការ​បង្កក​ត្រី​សាច់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ចំពោះ​សុខភាព​។

លោក​បន្ថែមថា ដើម្បី​អាច​នាំចេញ​ផលិតផល​កែច្នៃ​ពី​ត្រី សាច់ ទៅ​ក្រៅប្រទេស​បាន នាពេល​ខាងមុខ វិស័យ​ឯកជន​នៅក្នុង​ផ្នែក​នេះ​ត្រូវតែ​មាន​ឃ្លាំង​ត្រជាក់​រៀងៗ​ខ្លួន និង​វេចខ្ចប់​ឱ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដា​។ ទោះយ៉ាងណា ការអនុវត្ត​នេះ​នៅមាន​ភាពយឺតយ៉ាវ​ដោយសារ​តែ​តម្លៃ​អគ្គិសនី​នៅ​ខ្ពស់​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​កន្លងទៅ​មាន​ក្រុមហ៊ុន​ឯកជន​មួយ​ដែលមាន​ឈ្មោះ​មេគង្គ​អ៊ិចប្រេស​បាន​វិនិយោគ​សាងសង់​ឃ្លាំង​ត្រជាក់​នេះ ដែលមាន​សីតុណ្ហភាព​រហូតដល់ -៣០ ​អង្សាសេ​មាន​ទីតាំងនៅ​តំបន់​ចោមចៅ រាជធានី​ភ្នំពេញ​ដោយ​ឃ្លាំង​នេះ​នឹង​អាច​ស្តុក​ទុក​ផលិត​កសិកម្ម ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​។ ប៉ុន្តែ​មានការ​រអាក់រអួល​ខ្លះ ដោយ​អគ្គិសនី​មិន​ប្រក្រតី ក្រោយមក​ក៏​ប្រែ​ទៅជា​ឃ្លាំង​ស្តុក​សម្ភារ​វិញ​»​។

លោក​បន្តថា ឃ្លាំង​ត្រជាក់​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរក្សា​សុវត្ថិភាព និង​គុណភាព​ទំនិញ​កសិកម្ម ពិសេស​ប្រភេទ​ត្រី សាច់ ព្រោះ​មុននឹង​អាច​នាំចេញ​សាច់សត្វ​ទាំងអស់​បាន​គឺ​ត្រូវ​បង្កក​វា​ជាមុនសិន​។ លោក​ថា បច្ចុប្បន្ន​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការផ្គត់ផ្គង់​សាច់សត្វ​ក្នុងស្រុក​បាន​ហើយ ដែល​អាច​នាំ​ចេញទៅ​ក្រៅប្រទេស​ឆាប់ៗ​ដែរ ដូចនេះ​ទើប​កម្ពុជា​ត្រូវការ​ឃ្លាំង​ត្រជាក់​កាន់​ច្រើន ដើម្បី​ជំរុញ​ការងារ​ឱ្យទទួល​បាន​ភាពជោគជ័យ​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២