ស្ថានីយផ្ទេរ និងឃ្លាំងស្តុកទំនិញត្រជាក់ធំជាងគេចាប់ផ្ដើមដំណើរការសាងសង់

ស្ថានីយផ្ទេរ និងឃ្លាំងស្តុកទំនិញត្រជាក់ធំជាងគេចាប់ផ្ដើមដំណើរការសាងសង់

 

ភ្នំពេញៈ ស្ថានីយ​ផ្ទេរ​ទំនិញ និង​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​ឈានមុខ​គេ​របស់​កម្ពុជា បានចាប់ផ្ដើម​ដំណើរការ​សាងសង់​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ដោយមាន​សមត្ថភាព​បំពេញ​កង្វះខាត ២៥ ​ភាគរយ​របស់​ប្រទេស​។

គម្រោង​ដែល​បាន​ដំណើរការ​សាងសង់​កាលពី​ថ្ងៃទី​ ២២ ខែមីនា គឺជា ការវិនិយោគ​របស់​ក្រុមហ៊ុន Private Infrastructure Development Group Company InfraCo Asia តាមរយៈ​ក្រុមហ៊ុន​ក្នុងស្រុក Khmer Cold Chain Company Limited (KCCC) និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។

លោក Allard Nooy អគ្គនាយក​ក្រុមហ៊ុន InfraCo Asia បានឱ្យ​ដឹង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ថា គម្រោង​ឃ្លាំង​ត្រជាក់​ខេត្តកណ្តាល គឺជា​គំនិត​ផ្តួចផ្តើម​ដោយ​ក្រុមហ៊ុន InfraCo Asia តាមរយៈ​ក្រុមហ៊ុន Khmer Cold Chain​។ គម្រោង​នេះ​ត្រូវបាន​អភិវឌ្ឍ​​ឡើង​ដោយ​ក្រុមហ៊ុន Infunde Development ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់ InfraCo Asia សម្រាប់​អាស៊ីអាគ្នេយ៍​។ ​ស្ថានីយ​ផ្ទេរ​ទំនិញ និង​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​នេះ​មាន​ទីតាំង​ផ្ទេរ​ទំនិញ ៥០ ​ហ្វ៊ីត​។

លោក Allard បញ្ជាក់ថា​៖ «​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់ និង​ស្ថានីយ​ផ្ទេរ​ទំនិញ​ដែល​ចាប់ផ្តើម​សាងសង់​នៅថ្ងៃនេះ​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​បម្រើ​ដល់​ឧស្សាហកម្ម​កម្ពុជា រួមទាំង​កសិករ អាជីវកម្ម​កសិកម្ម ក្រុមហ៊ុន​លក់រាយ​អាហារ និង​ក្រុមហ៊ុន​ឱសថ ដើម្បី​ទទួលបាន​ទីផ្សារ​នាំចេញ​ក្នុង​តំបន់ ក៏ដូចជា​សម្រួល​ដល់​ការនាំចូល​ផលិតផល​ក្នុងស្រុក​»​។

លោក ហ៊ឺ បាវី អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បាន​ឱ្យដឹងថា ការចាប់ផ្ដើម​សាងសង់ ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​នេះ គឺជា​ការជូនដំណឹង​ដល់​សាធារណជន ធុរជន និង​វិនិយោគិន​ថា កំពង់ផែ​ភ្នំពេញ​មាន​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​សម្រាប់​បម្រើ​ពួកគេ​។

លោក​ថ្លែងថា​៖ «PPAP បានសម្រេច​ចិត្ត​សហការ​ជាមួយ Khmer Cool Chain សម្រាប់​ការសាងសង់​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​នេះ គឺ​ដោយសារ PPAP ត្រូវការ​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​ ដើម្បី​បម្រើ​សាធារណជន ពិសេស​វា​នឹង​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការលើកកម្ពស់​វិស័យ​ឡូជីស្ទិក​នៅ​កម្ពុជា​»​។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​លើកឡើងថា ឃ្លាំង​ស្ដុក​ទំនិញ​ត្រជាក់ មាន​សារៈសំខាន់​ណាស់ ព្រោះ​កម្ពុជា​ត្រូវការ​ឃ្លាំង​ស្តុក​ទំនិញ​ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២​