​អង្គការ​សន្សំ​ម្លប់​ព្រៃ​៖ ឆ្នាំ​២០២៣​កន្លងមកនេះ គម្រោង​ស្រូវ​ត្រយង កើនឡើង ​៧៦,៦% បើ​ធៀប​នឹង​ឆ្នាំ​២០២២

​អង្គការ​សន្សំ​ម្លប់​ព្រៃ​៖ ឆ្នាំ​២០២៣​កន្លងមកនេះ គម្រោង​ស្រូវ​ត្រយង កើនឡើង ​៧៦,៦% បើ​ធៀប​នឹង​ឆ្នាំ​២០២២

 

មន្ត្រី​នៃ​អង្គការ​សន្សំ​ម្លប់​ព្រៃ បានឱ្យដឹងថា នៅក្នុង​ឆ្នាំ​២០២៣​កន្លងមកនេះ គម្រោង​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ឬ​ស្រូវ​ត្រយង (IBIS RICE)​បាន​កើនឡើង ៧៦,៦% ដែល​ផ្ដល់​ប្រាក់ចំណូល​ជា​មធ្យម​ដល់​កសិករ​ជា​សមាជិក​បាន​ជិត ៣,៣ ​លាន​រៀល ​ក្នុង ​១ ​គ្រួសារ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២២​។

ក្រោយពី​បាន​បិទ​បញ្ចប់​ការប្រមូល​ទិញស្រូវ​ពី​សមាជិក​គម្រោង​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ឬ​ស្រូវ​ត្រយង (IBIS RICE) នៅតាម​តំបន់​គោលដៅ​ឃើញថា ទិន្នផល​ស្រូវ​ត្រយង (IBIS RICE) របស់​កសិករ មានការ​កើនឡើង​លើស​ពី​ការរំពឹងទុក ជាពិសេស​ផលិតផល​ស្រូវ​ដែល​លក់​ចេញ បាន​កើនឡើង​រហូតដល់ ៧៦,៦% បើ​ធៀប​ទៅនឹង​បរិមាណ​សរុប​កាលពី​ឆ្នាំ​២០២២​។

​ផលិតផល​ស្រូវ​លក់​ចេញ​ដែលមាន​ការកើនឡើង​នេះដែរ វា​ក៏​នាំឱ្យ​កសិករ​ជា​សមាជិក​ទទួលបាន​ប្រាក់ចំណូល​ជា​មធ្យម​ជិត ៣,៣​លាន​រៀល​ក្នុង​១​គ្រួសារ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គការ​សន្សំ​ម្លប់​ព្រៃ បានឱ្យដឹង​កាលពី​សប្តាហ៍​មុន​។​
​លោក កែវ សុជាតិ នាយក​ប្រតិ​ប​ត្ដិ​នៃ​អង្គការ​សន្សំ​ម្លប់​ព្រៃ​បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២៣ ចំនួន​កសិករ​ជា​សមាជិក ដែល​បាន​លក់​ស្រូវ​ទៅឱ្យ​ក្រុមហ៊ុន​អាយ​ប៊ី​ស​រ៉ា​យស៍​មានការ​កើនឡើង​ច្រើន និង​ទទួលបាន​ប្រាក់ចំណូល​ពី​ការលក់​ស្រូវ​សរីរាង្គ​មានការ​កើនឡើង​ប្រមាណ ១៤,៤% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២២​។​

លោក​បាន​បន្តថា សម្រាប់​តម្លៃ​លក់​ចេញ​នៃ​ស្រូវ​សរីរាង្គ​របស់​កសិករ​ជា​សមាជិក​ក៏មាន​តម្លៃ​ខ្ពស់ជាង​ទីផ្សារ​ផងដែរ ជា​មធ្យម​ប្រមាណ ៥៤​ ភាគរយ ដែលមាន​តម្លៃ​ចាប់ពី ១ ៨៥០ ​រៀល រហូតដល់ ២ ០៥០​រៀល​ក្នុង​១​គីឡូក្រាម​។ បន្ថែម​ពីនេះ​ក្រៅពី​មាន​ស្រូវ​សម្រាប់​លក់​ចេញ ក្នុងតម្លៃ​ខ្ពស់​ហើយ កសិករ​ស្រូវ​ត្រយង​ក៏មាន​ស្រូវ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​របស់ខ្លួន​ផងដែរ​។​

ដើម្បីអានអត្តបទពេញ សូមចុចទីនេះ

 

 

ដោយ ៖ ជា សុខនី

កាលបរិច្ឆេទបោះពុម្ភផ្សាយ ៖ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២៤

ព័ត៌មាន ៖ ភ្នំពេញបុស្តិ៍