នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពីបរិយាកាសសេដ្ឋកិច្ច និងឱកាសធុរកិច្ចនៅកម្ពុជា នៃវេទិកាសហគ្រិន Pinnacle ។
ថ្លែងទៅកាន់សហគ្រិនមកពីបណ្តាប្រទេសអាស៊ាន ឯកឧត្តមបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការចាប់យកស្តង់ដារ និងគុណភាព ដើម្បីពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។ ឯកឧត្តមបានលើកឡើងពីបច្ច័យនៃនិន្នាការសាកល ដែលតម្រូវឱ្យស្ថាប័ន ទាំងក្នុងវិស័យសាធារណៈ និងឯកជន សម្របខ្លួន ដើម្បីបង្កើនភាពប្រកួតប្រជែង និងភាពធន់របស់ខ្លួន។ ឯកឧត្តមបានបន្ថែមថា៖ យើងត្រូវបន្តនវានុវត្តជានិច្ច។ ការធ្វើអាជីវកម្មដូចដែលយើងធ្លាប់ធ្វើពីមុនមិនមែនជាជម្រើសទៀតទេ។
ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចអំពីកំណែទម្រង់ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កំពុងអនុវត្ត រួមទាំងការប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងគោលដៅបម្រើវិស័យឯកជនឱ្យបានកាន់តែប្រសើរ។ ឯកឧត្តមបានអំពាវនាវឱ្យសហគ្រិនក្នុងតំបន់អាស៊ាន មកដាក់ទុនវិនិយោគនៅកម្ពុជា ពិសេសលើវិស័យកសិ-ឧស្សាហកម្ម ដែលមានសក្តានុពលក្នុងការបង្កើតតម្លៃបន្ថែមខ្ពស់។
សារសំខាន់របស់ឯកឧត្តមរដ្ឋមន្ត្រីទៅកាន់សហគ្រិនអាស៊ានគឺ៖ “បើអ្នកចង់រស់រាន និងរីកចម្រើននៅក្នុងទីផ្សារជាតិ តំបន់ និងពិភពលោក អ្នកត្រូវឈានចូលក្នុងប្រព័ន្ធ និងរៀបចំអាជីវកម្មរបស់អ្នកឱ្យមានលក្ខណៈផ្លូវការ”។
ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។