AZ នឹងនាំមកបច្ចេកវិជ្ជាមនុស្សយន្តដល់វិស័យឧស្សាហកម្ម

AZ នឹងនាំមកបច្ចេកវិជ្ជាមនុស្សយន្តដល់វិស័យឧស្សាហកម្ម

 

ភ្នំពេញៈ ក្រុមហ៊ុន​ AZ Group បាន​សហការ​គ្នា​ជាមួយ​សាជី កម្ម TKK Corporation របស់​ថៃ​ក្នុង​ការនាំ​ប្រព័ន្ធ​មនុស្ស​យន្ត​ ដើម្បី​បម្រើ​ដល់​វិស័យ​សេវាកម្ម​ និង​វិស័យ​ឧស្សាហកម្ម​ ដើម្បី​ចាប់​យក​ឱកាស​រីកចម្រើន​នាពេល​បច្ចុប្បន្ន​នៃ​ដំណើរ​វិវឌ្ឍន៍​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ របស់​ប្រទេស​កម្ពុជា​។

លោក លឹម ប៊ុន​សួរ ប្រធាន​ក្រុមហ៊ុន​ AZ Group​ បានឱ្យដឹង​នៅ​ថ្ងៃ​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ១៤ ខែតុលា​ថា ជាមួយ​នឹង​ភាពជា​ដៃគូ​នេះ​នឹង​លើកស្ទួយ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នៃ​សេវាកម្ម និង​គុណភាព​ផលិតផល​ក្នុង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ទី​ ៤ ​នាពេល​បច្ចុប្បន្ន​។

លោក​ថ្លែងថា​៖ «​ដើម្បី​ប្រែក្លាយ​វិស័យ​កម្មន្តសាល​របស់​កម្ពុជា​ឱ្យ​មាន​សមត្ថភាព​កម្រិត​អន្តរជាតិ​ជាមួយ​នឹង​បច្ចេកវិទ្យា និង​ដំណោះស្រាយ​ទំនើប ការចុះ MoU ​នៅពេល​ថ្មីៗ​រវាង​ក្រុមហ៊ុន​ AZ Group និង​ក្រុមហ៊ុន​ TKK Corporation នៅពេល​នេះ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​រួមគ្នា​ផ្លាស់ប្តូរ​មុខមាត់​នៃ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​។ ជាមួយ​នឹង​ដំណោះស្រាយ​បច្ចេកវិជ្ជា​ឧស្សាហកម្ម​ទាំងឡាយ​ដែល​អាច​ប្រើប្រាស់​ក្នុងការ​គ្រប់គ្រង​ប្រភេទ​ផលិតកម្ម​ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម​សម្រាប់​ប្រទេស​កម្ពុជា​»​។

លោក ​Niwat Kongsomjit​ សហស្ថាបនិក​ក្រុមហ៊ុន ​TKK បាន​ឱ្យ​ដឹងថា ជាមួយ​នឹង​ជំនាញ​ក្នុងការ​ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឈានមុខ​គេ​នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ​ផលិតកម្ម​ដោយ​ស្វ័យភាព​នៅក្នុង​រោងចក្រ និង​វិស័យ​សេវាកម្ម ព្រមទាំង​បទពិសោធ​ក្នុង​ឧស្សាហកម្ម​ជាច្រើន​ឆ្នាំ រួមផ្សំ​នឹង​ភាពរឹងមាំ​របស់ AZ ជា​ដៃគូ​អាជីវកម្ម​របស់​លោក​នៅ​កម្ពុជា​។

លោក​បាន​បន្ថែម​ថា​៖​«​ដោយ​ការត្រៀមខ្លួន​របស់​យើង និង​ដៃគូ​របស់​យើង​ជាមួយ​នឹង​គោលដៅ​រួម​ក្នុង​ការលើកកម្ពស់​ឧស្សាហកម្ម​របស់​កម្ពុជា​ទៅដល់​កម្រិត​បន្ទាប់ ដោយ​នាំយក​បច្ចេកវិទ្យា​មក​ពង្រឹង​ការងារ ស្វែងយល់​ពី​បញ្ហា និង​បំពេញ តម្រូវការ​ពិតប្រាកដ​»​។

ក្រុម AZ ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៩៣ ​បាន​ចាប់ផ្តើម​ដំបូង​ជា​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​លក្ខណៈ​គ្រួសារ​ផ្តោតលើ​សកម្មភាព​អាជីវកម្ម​ដែល​ទាក់ទង​នឹង​ការជួញដូរ​។ បច្ចុប្បន្ន ក្រុមហ៊ុន​មួយ​នេះ​បាន​ប្រែក្លាយ​ទៅជា​អាជីវកម្ម​ពហុវិស័យ​នៅ​កម្ពុជា​៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ម៉ៃ គុណមករា​

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២​