CADT-EuroCham រួមគ្នាជួយអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល

CADT-EuroCham រួមគ្នាជួយអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល

 

ភ្នំពេញៈ បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT) និង EuroCham Cambodia កាលពី​ថ្ងៃទី​ ៨ ខែមិថុនា ឆ្នាំ ២០២២ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ដើម្បី​ជួយ​គាំទ្រ​ដល់​ការវិវត្ត​នៃ​គោលដៅ​របស់​រដ្ឋាភិបាល​ឆ្ពោះទៅ​ការផ្លាស់ប្តូរ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​។

លោក សេង សុភាព ប្រធាន CADT បានឱ្យ​ដឹងថា នវានុវត្តន៍​ឌីជីថល​គឺជា​ប្រធានបទ​ដែល​ត្រូវ​ឆ្លងកាត់ និង​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក និង​អន្តរជាតិ​ដូចគ្នា​។ ភាពជា​ដៃគូ​ជាមួយ EuroCham ​នឹង​ជំរុញ​ការផ្លាស់ប្តូរ​ឌីជីថល និង​ការបង្កើន​សមត្ថភាព​ប្រកួតប្រជែង​។ MoU នេះ នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុម​ស្រាវជ្រាវ និង​ក្រុម​អភិវឌ្ឍន៍​របស់​ CADT ឱ្យមាន​សេវាកម្ម​ដែល​សមស្រប​ជាង​មុន ហើយ​សំខាន់​បំផុត​គឺ​បង្កើត​ឱកាស​ថ្មី​សម្រាប់​ទេពកោសល្យ​ឌីជីថល​វ័យក្មេង​របស់​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​មាន​ក្តីរំភើប​ក្នុង​ការនាំយក​ប្រព័ន្ធ​អេកូឡូស៊ី​របស់​យើង​ជាមួយ​សមាជិក EuroCham ​ដើម្បី​បង្កើន​ការយល់ដឹង និង​បង្កើត​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ដូចជា​ពិព័រណ៍​អាជីព និង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​។ ចំណុច​លេចធ្លោ​មួយ​ដែល​ខ្ញុំ​ពិតជា​រំភើប​នោះ​គឺជា​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល ៥០ ​ម៉ោង​។ សមាជិក EuroCham ​នឹង​ចំណាយពេល ៥០ ​ម៉ោង​ជាមួយ​សិស្ស​របស់​យើង​ក្នុង​ទម្រង់​នៃ​សិក្ខាសាលា ដើម្បី​ភ្ជិត​គម្លាត​ជំនាញ និង​បង្កើន​ការយល់ដឹង​បន្ថែម​»​។

លោក​បាន​បន្តថា ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​កំពុង​រីកចម្រើន​នៅ​កម្ពុជា​។ ផ្នត់គំនិត​ឧស្សាហកម្ម​ជំនាន់​ទី​ ៤ នឹង​ជួយ​ភ្ជាប់​កន្លែង​ដែល​ខ្វះខាត​តាមរយៈ​ការប្រើប្រាស់​ទិន្នន័យ និង​ធ្វើការ​សម្រេចចិត្ត​អាជីវកម្ម​កាន់តែ​ឆ្លាតវៃ​។

លោក Matthew Tippetts ប្រធាន​គណៈកម្មាធិការ​ឌីជីថល និង​បច្ចេកវិទ្យា​របស់ EuroCham បាន​ថ្លែងថា MoU នេះ​គឺជា​ជំហាន​ដំបូង​ក្នុង​ភាព​ជា​ដៃគូ​រួម​រវាង EuroCham និង CADT​។

លោក​បាន​ថ្លែងថា​៖ «​សមាជិក​របស់​យើង​អាច​ចែករំលែក​ចំណេះដឹង និង​ជំនាញ​របស់​ពួកគេ​ជាមួយ​និស្សិត CADT ខណៈពេល​ដែល​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​លើ​គំនិត​ផ្តួចផ្តើម​បណ្តុះបណ្តាល ហាត់ការ និង​ការជ្រើសរើស​បុគ្គលិក​។ យើង​មាន​កិត្តិយស និង​សាទរ​យ៉ាងខ្លាំង​ចំពោះ​ឱកាស​នេះ​»​។

លោក Denis Saint Marie នាយក​ប្រតិបត្តិ EuroCham ​បានឱ្យដឹងថា ជាមួយ​ MoU នេះ​ស្ថាប័ន​របស់លោក​អាច​ជួយ​គាំទ្រ​ដល់​ការធ្វើឱ្យ​សេដ្ឋកិច្ច​មាន​លក្ខណៈ​ឌីជីថល​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២