FinTech កំពុងរួមចំណែកសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចកម្ពុជា

FinTech កំពុងរួមចំណែកសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចកម្ពុជា

 

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​រដ្ឋា​ភិ​បាលឱ្យដឹងថា ឥទ្ធិពល​បច្ចេក​​វិទ្យា​ហរិញ្ញវត្ថុ ​(FinTech) នៅ​កម្ពុជា​កំពុង​ផ្លាស់ប្តូរ​ឧស្សាហ​កម្ម​ហិរញ្ញវត្ថុ​ទាំងមូល​ក្នុងការ​​ផ្តល់ និង​ទទួលបាន​សេវា​ហិ​​រញ្ញ​វត្ថុ ពិសេស​ក្នុងអំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ ការប្រើប្រាស់ FinTech បានរួម​ចំណែក​ដល់​ការបន្ត​សកម្ម​​ភាព​សេដ្ឋកិច្ច​សំខាន់ៗ រួមទាំង​ធុរកិច្ច និង​ការវិនិយោគ​។

​លោក វ​ង្សី វិស្សុត រដ្ឋលេខា​ធិ​ការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹង​នៅក្នុង​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៃ​ពិ​​ព័រ​ណ៍​បច្ចេកវិទ្យា​កម្ពុ​ជា ២០២២ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ១១ ខែវិច្ឆិកា​ថា ក្នុងអំឡុង​ការ​​រីក​រាលដាល​កូ​វីដ​ ១៩ បច្ចេក​​វិទ្យា​ឌីជីថល ជាពិសេស​បច្ចេក​​វិទ្យា​ហិរញ្ញវត្ថុ​ (FinTech) ត្រូវបាន​គេ​សង្កេតឃើញថា​ជា​កត្តា​ជំរុញ​ប្រកបដោយ​សក្តានុពល​ខ្ពស់​ក្នុងការ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកល​​លោក​តាមរយៈ​តួនាទី​សំខាន់ៗ​ចំនួន​ ៤ រួមមាន ការបង្កើន​ការ​​ប្រកួតប្រជែង​ដោយ​ស្មើភាព និង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​, ការបង្កើត​ផ្នែក​ទីផ្សារ​ថ្មី និង​ការពង្រឹង​ទីផ្សារ​ដែលមាន​ស្រាប់​ឡើងវិញ​, ការលើក​​កម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​តាម​​រយៈ​កម្មវិធី​ឌីជីថល ដែល​ងាយ​​ស្រួល​ប្រើប្រាស់​ផ្សេងៗ​, និង​ការពង្រឹង​ឡើងវិញ និង​ពង្រីក​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​សហគ្រាស​​មីក្រូ ធុន​តូច និង​មធ្យម (MSMEs) និង​ធុរកិច្ច​បង្កើត​ថ្មី​។​

​លោក​ថ្លែងថា​៖ «​នៅក្នុង​អំឡុង​​ពេល​ការរីក​រាលដាល​កូ​វីដ ​១៩ ការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​អេ​​ឡិច​ត្រូ​និក​បាន​បន្ត​កើនឡើង​។ ដោយ​សង្កេត​មើលឃើញ​ពី​សក្តានុពល​វិស័យ FinTech រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្នកំពុង​រៀបចំ​សេចក្តីព្រាង​គោល​​នយោបាយ​អភិវឌ្ឍន៍ FinTech របស់​កម្ពុជា ដើម្បី​បង្កើត​ក្រប​​ខ័​ណ្ឌ​រួម​សម្រាប់​វិស័យ FinTech និង​ដើម្បី​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ខ្វះខាត​ផ្សេងៗ​នៅក្នុង​ការ​ព​ន្លឿ​ន​ការអភិវឌ្ឍ FinTech ដោយមាន​គណៈ​​ក​ម្មា​ធិ​ការ​សេដ្ឋកិច្ច និង​ធុរកិច្ច​ឌីជីថល ជា​ស្ថាប័ន​ទទួលខុស​​ត្រូវ​សម្របសម្រួល​ព្រាង​គោល​​នយោបាយ​នេះ​»​។​

​ប្រធាន​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា លោក សុខ វឿន ឱ្យដឹងថា ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ត្រូវបាន​លើកកម្ពស់ និង​ឆ្លងកាត់​ការផ្លាស់ប្តូរ​ឌីជីថល​យ៉ាងសំខាន់​ក្នុង​រយៈពេល ១ ​ទសវត្សរ៍​ចុងក្រោយ​មកនេះ​។ លោក​បន្ថែមថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​អនុវត្ត​វេទិកា​អន្តរ​ប្រតិបត្តិការ​ជាតិ​សំខាន់ៗ​មួយចំនួន​ដូចជា កម្ពុជា​សែ​ស្វិ​ច ​(CSS) ដែល​ភ្ជាប់​អន្តរ​ម៉ាស៊ីន​អេ​​ធី​អឹម​រួមគ្នា ប្រព័ន្ធ FAST ប្រព័ន្ធ​ទូទាត់​លក់រាយ ​(RFT) និង​កម្មវិធី KHQR ដែល​ដំណើរការ​លើ​បច្ចេកវិទ្យា Blockchain​។​

​លោក​លើកឡើងថា​៖ «​ការរីក​រាលដាល​កូ​វីដ ​១៩ បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​កា​រព​ន្លឿ​ន​និន្នាការ​នេះ ខណៈ​ឧស្សាហកម្ម​ជាច្រើន​បាន​ផ្លាស់ប្តូរ​ទៅរក​ប្រ​​តិ​ប​ត្តិ​ការ​ដោយ​គ្មាន​សាច់ប្រាក់​។ ដូច​យើង​ឃើញ​នាពេលនេះ គឺ​ការទទួលយក​បច្ចេកវិទ្យា Fintech ដូចជា​កម្មវិធី​ដឹកជញ្ជូន​អាហារ និង​ទំនិញ ក៏ដូចជា​ការ​​ទទួលយក​ជាទូទៅ ការទូទាត់​តាម​អេឡិចត្រូនិក និង​ការ​ទូ​ទាត់​តាម​ឌីជីថល​ក្នុងប្រទេស​បានចាប់ផ្តើម​ដំណើរការ​ជា​បន្ត​​បន្ទាប់​ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវាកម្ម​របស់​ពួកគេ ក៏ដូចជា​គុណភាព​ជីវិត​របស់​ប្រជាជន​កម្ពុជា​»​។​

​លោក Raymond Sia ប្រ​​ធាន​សមាគម​ធនាគារ​នៅ​កម្ពុជា ​(ABC)​ បាន​និយាយថា នៅ​កម្ពុជា​ឌីជីថល​ភាវូបនីយកម្ម​កំពុង​ប្រព្រឹត្ត​ទៅក្នុង​កម្រិត​មួយ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​។​

​លោក​ថ្លែងថា​៖ «​ក្នុង​វិស័យ​ហិរញ្ញវត្ថុ យើង​មើលឃើញ​ការ​​កើនឡើង​ជាង ១០​ ដង​ នៃ​ប្រតិ​ប​ត្តិ​ការ​ឌីជីថល ក្នុង​រយៈពេល ២​ ឆ្នាំ​ចុង​ក្រោយនេះ តាមរយៈ​ប្រព័ន្ធ​ទូទាត់ និង​ក្រុមហ៊ុន​ផ្តល់​ការទូទាត់​»​។

លោក​បាន​បន្តថា​៖ «​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ឌី​ជី​​ថ​ល​ភាវូបនីយកម្ម នវានុវត្តន៍ និង​បច្ចេកវិទ្យា គឺ​ផ្តោតទៅលើ​អតិថិជន​។ ឧស្សាហកម្ម​របស់​យើង ជា​ឧស្សាហកម្ម​ផ្តោតលើ​ប្រជាជន​។ សេវា​ហិរញ្ញវត្ថុ គឺជា​តម្រូវការ​ចម្បង ហើយ​យើង​ធា​​នា​ថា សេវា​ទាំងអស់​នឹង​ទៅដល់​ប្រជាជន​កម្ពុជា​ដើម្បី​ភាព​​ជោគជ័យ និង​និរន្តរភាព​នៃ​វិ​​ស័​យ​នេះ និង​សេដ្ឋកិច្ច​»​។​

យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា នៅក្នុង​ឆ្នាំ​ ២០២១​ មាន​ប្រតិបត្តិការ​ចំនួន ៦៩៨,៨​ លាន​ដង ស្នើ​នឹង​តម្លៃ ​១៩៩,៧៦ ​ពាន់​លាន​ដុល្លារ​៕​

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២