FTC នឹងចូលរួមជួយលើកកម្ពស់ការផលិតចំណីអាហារនៅកម្ពុជា

FTC នឹងចូលរួមជួយលើកកម្ពស់ការផលិតចំណីអាហារនៅកម្ពុជា

 

ភ្នំពេញៈ កម្ពុជា-​កូរ៉េខាងត្បូង​បាន​សហការ​គ្នា​ក្នុង​ការកសាង​មជ្ឈមណ្ឌល​កែច្នៃ​ម្ហូបអាហារ FTC កម្ពុជា​ «Food Processing TASK Center (FTC )» ​នៅក្នុង​គោលបំណង​ ដើម្បី​លើកកម្ពស់​ការផលិត​ចំណីអាហារ និង​ចូលរួម​ចំណែក​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស ស្រប​ពេល​ប្រទេស​ទាំង​ ២ ទើប​ប្រកាស​ពី​ការចាប់ផ្តើម​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កាលពី​ពេល​ថ្មីៗ​នេះ​។

គម្រោងការ​សាងសង់ FTC នេះ​ត្រូវបាន​ពិភាក្សា​ជា​លើក​ទី​២ កាលពី​ថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ ២០២២ រវាង​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ចម ប្រសិទ្ធ ជាមួយ​នាយក​គ្រប់គ្រង​គម្រោង​នៃ​វិទ្យាស្ថាន​គ្រប់គ្រង​ម្ហូបអាហារ​កូរ៉េ លោក Kim Young Chan នៅ​ទីស្តីការ​ក្រសួង ស្តីអំពី​វឌ្ឍនភាព​គម្រោង​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​ម្ហូប​អាហារ (FTC) នៅ​កម្ពុជា​។

លោក Kim Young បាន​និយាយថា ការសាងសង់ FTC នៅ​កម្ពុជា គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ជា​សកល​នៃ​ឧស្សាហកម្ម​ចំណីអាហារ និង​ពង្រឹងសមត្ថភាព ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ (R&D)​ និង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុង​វិស័យ​កែច្នៃ​ចំណីអាហារ​។

លោក​បញ្ជាក់ថា ចំពោះ​គោលដៅ​រយៈពេល​វែង​ ៥ ​ឆ្នាំ​របស់​គម្រោង​ដោយ​អនុវត្ត​ចាប់ពី​ខែឧសភា ឆ្នាំ ​២០២៣ ដល់​ចុងឆ្នាំ​ ២០២៧ គឺ​ដើម្បី​ធានា​ឱ្យបាន​នូវ​លទ្ធភាព​ប្រកួត​ប្រជែង​ផ្នែក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ចំណីអាហារ​ធុន​តូច និង​មធ្យម​ផ្ទាល់ និង​ធានា​ឱ្យបាន​លើ​ការផលិត​ចំណីអាហារ​មាន​គុណភាព​ និង​សុវត្ថិភាព បង្កើត​ប្រព័ន្ធ​គ្រប់គ្រង និង​ត្រួតពិនិត្យ​សុវត្ថិភាព​កម្រិត​អន្តរជាតិ​របស់​ក្រុមហ៊ុន និង​បង្កើត​ច្បាប់​មូលដ្ឋាន និង​ប្រព័ន្ធ​ដើម្បី​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ចំណីអាហារ​។

លោក ចម ប្រសិទ្ធ បាន​លើកឡើង​ថា ដោយសារ​ទំហំ​ទីផ្សារ​ចំណីអាហារ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​ប្រមាណ ៨ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ ២០១៨ ហើយ​អត្រាកំណើន​ត្រូវ​បាន​គេ​រំពឹងថា​នឹង​ស្ថិតនៅ​កម្រិត​ ៧,១ ​ភាគរយ រហូតដល់​ឆ្នាំ​ ២០២៣​ ខាងមុខ​។ លោក​បាន​បន្តទៀតថា ក្រុមហ៊ុន ៣៧ ​ភាគរយ​គឺជា​សហគ្រាស​ផលិត​ចំណីអាហារ​ ដែល​ជា​ស្នូល​សំខាន់​នៃ​វិស័យ​ឧស្សាហកម្ម​។ ប៉ុន្តែ​ ៩៥ ​ភាគរយ​ជា​សហគ្រាស​ធុន​តូច និង​មធ្យម ដូចនេះ​ការប្រកួតប្រជែង​របស់​ពួកគេ​នៅមាន​កម្រិត​។

លោក​ថ្លែងថា​៖ «​ដោយសារ កត្តា​នេះ​ធ្វើឱ្យ​ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក​ពួកគេ​ពឹងផ្អែក​ទៅលើ​ការនាំ​ចូល​ និង​ធ្វើឱ្យ​ក្រុមហ៊ុន​ធំ​ដែល​នាំ​ចេញទៅ​សកលលោក​ក្តោប​ក្តាប់​នូវ​ទីផ្សារ​។ ដូចនេះ​កម្ពុជា​ត្រូវការ​កម្មវិធី​ជំនួយ​ផ្សេងៗ ​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​ក្នុងស្រុក​!​។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២​